តាមការបញ្ជាក់ពីអាជ្ញាធរនៅថ្ងៃទី១៧តុលានេះបានឲ្យដឹងថា មនុស្សយ៉ាងតិចណាស់៤នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានក្មេងចំនួនបីនាក់ បន្ទាប់ពីមានគ្រោះរញ្ជួយដីវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន។ រញ្ជួយដីកម្រិត៦.៤រ៉ិចទ័របានវាយប្រហារនៅកោះមិនដាណាវ កាលពីយប់ថ្ងៃទី១៦តុលា។ នៅព្រឹកថ្ងៃទី១៧តុលាអាជ្ញាធរក៏បញ្ជាក់ថា មនុស្សបួននាក់បានស្លាប់។ ក្មេងពីរនាក់ត្រូវបានរាយការណ៍ថាស្លាប់ដោយសារផ្ទះរលំសង្កត់លើ ខណៈស្ដ្រីជាម្ដាយនិងកូនម្នាក់អាយុ៥ឆ្នាំ បានស្លាប់បន្ទាប់ពីកប់ក្នុងដីបាក់សង្កត់លើ។
សូមបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសដែលស្ថិតនៅតំបន់ខ្សែក្រវាត់បន្ទុះភ្នំភ្លើងនិងរញ្ជួយដី ហេតុនេះហើយបានជាមានគ្រោះរញ្ជួយដីកើតឡើងជាញឹកញាប់។ ចំពោះគ្រោះរញ្ជួយដីនៅពេលនេះ អ្នកស្លាប់ប្រហែលជាមិនកើនឡើងទេ ដោយសារតែគ្មានរបាយការណ៍បញ្ជាក់ថាមានអ្នករបួស៕