លោក​ដូណាល់ ត្រាំ​៖​​តំបន់​ប្រយុទ្ធ​​រវាង​តួ​ក​គី​-​ស៊ី​រី​​មិនមែនជា​ព្រំដែន​អាមេរិក​ឡើយ​

17-10-2019 10:23 am 227

​ស្របពេល​កំពុង​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាងខ្លាំង ជុំវិញ​ការ​ដកទ័ព​ចេញពី​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដែល​បណ្ដាលឲ្យមាន​ការប្រយុទ្ធ​គ្នា​រវាង​ក្រុមឃឺ​ដ​ជាមួយ​កងទ័ព​តួ​ក​គី​តាំងពី​ថ្ងៃទី​០៩​តែ​តុលា​មក​នោះ លោក​ដូណាល់ ត្រាំ​បាន​ចេញមុខ​ជាថ្មី​ការពារ​សម្រេចចិត្ដ​របស់លោក​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន លោក​ត្រាំ​ថា​អាមេរិក​មិនមែនជា​ភ្នាក់ងារ​ប៉ូលិស​ឡើយ​។ វា​ដល់ពេល​ហើយ​ដែល​កងទ័ព​អាមេរិក​ត្រូវ​ត្រឡប់ទៅផ្ទះ​។ 

​លោក​ត្រាំ​សង្កត់ធ្ងន់ថា ប្រតិ​បត្ដិកា​រតួក​គី​នៅ​ភាគ​ខាងជើង​ប្រទេ​សស៊ី​រី មិនមែនជា​បញ្ហា​របស់​អាមេរិក​ទេ​។ តាមពិត​ពួកគេ​មាន​បញ្ហា​នៅ​តំបន់​ព្រំដែន ដែល​វា​មិនមែនជា​ព្រំដែន​របស់​អា​មេរិក​ឡើយ ហេតុនេះ​កងទ័ព​អាមេរិក​ក៏​មិនចាំបាច់​ត្រូវស្លាប់​នៅ​ទីនោះ​។ លោក​មើលឃើញ​តំបន់​ព្រំដែន​តួ​ក​គី​-​ស៊ី​រី ដូចជា​យុទ្ធសាស្ដ្រ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អាមេរិក​។ ទាហាន​របស់​អាមេរិក​បាន​ចេញពី​ទីនោះ ហើយ​ទាហាន​អាមេរិក​ក៏មាន​សុវត្ថិភាព​។ លោក​ត្រាំ​បន្ថែមថា​អ្នក​កំពុង​ស្ថិតនៅ​ទីនោះ​ត្រូវតែ​ធ្វើ​វា​ដោយ​ខ្លួនឯង​វិញ​ម្ដង ប្រហែលជា​ពួកគេ​អាច​ធ្វើបាន​ដោយ​មិនចាំបាច់​ប្រយុទ្ធ​បង្ហូរឈាម​។ លោក​កំពុងតែ​ឃ្លាំមើល​និង​កំពុង​ចរចា ហើយ​ព្យាយាម​អូសទាញ​តួ​ក​គី​ឲ្យធ្វើ​រឿង​ត្រឹមត្រូវ ព្រោះតែ​លោក​ចង់​បញ្ចប់សង្គ្រាម​។ 

​ពាក់ព័ន្ធ​នឹង​ក្រុមឃឺ​ដ​លោកត្រាំ​និយាយថា ពួកគេ​មិនមែនជា​ទេវតា​ឡើយ​។ អាមេរិក​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ពួកគេ ដើម្បី​ចូលរួម​ការប្រយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក តែ​យ៉ាងណាក៏ដោយ​ក៏​មិន​ថ្វី​ដែរ​។ ពួកគេ​ពិតជា​ធ្វើបាន​ល្អ​ណាស់​នៅពេល​ប្រកៀក​ស្មា​ជាមួយ​អាមេរិក​ធ្វើសង្គ្រាម​ប្រឆាំង​សត្រូវ តែ​ពួកគេ​ហាក់​ធ្វើ​មិនបាន​ល្អ​នៅពេល​គ្មាន​អាមេរិក​។ គណបក្ស​ពលករ​ឃឺ​ដ​(PKK)​ដែលជា​ក្រុម​ឧទ្ទាម​មួយ ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​ឃឺ​ដ​នៅ​ក្នុងប្រទេស​តួ​ក​គី ប្រហែលជា​កាន់តែ​អាក្រក់​ផ្នែក​ភេរវកម្ម និង​មាន​ការគំរាមកំហែង​ភេរវកម្ម​ក្នុង​វិធីសាស្ដ្រ​ច្រើនជាង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​ចំពោះ​ប្រតិ​បត្ដិកា​រវាយ​លុករប​ស់​តួ​ក​គី​នៅ​ភាគ​ខាងជើង​ស៊ី​រី លោក​ត្រាំ​បកស្រាយ​ដែរថា​លោក​មិនបាន​បើកភ្លើង​បៃតង​ឲ្យ​ប្រធានាធិបតី​តួ​ក​គី​បញ្ជា​កងទ័ព​ទៅ​ទី​នោះទេ​។ លោក​បាន​សរសេរ​លិខិត​មួយច្បាប់​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​តួ​ក​គី​លោក​អេដូ​ហ្គេន ដោយ​ក្នុង​លិខិត​និយាយថា​កុំ​ធ្វើខ្លួន​ជា​មនុស្ស​តឹងតែង​ពេក កុំ​ធ្វើជា​មនុស្ស​ឆ្កួត​។ ក្នុង​លិខិត​បញ្ជាក់ដែរថា “​អ្នក​មិន​ចង់​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​មនុស្ស​រាប់ពាន់​នាក់​ទេ ហើយ​ខ្ញុំ​វិញ​ក៏​មិន​ចង់​ទទួលខុសត្រូវ​ចំពោះ​ការបំផ្លាញ​សេដ្ឋកិច្ច​តួ​ក​គី​ដែរ​។​”

​គួរ​បញ្ជាក់ថា មូលហេតុ​ដែល​តួ​ក​គី​វាយលុក​ចូល​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ក្នុង​គោលបំណង​បោសសម្អាត​ក្រុមឃឺ​ដ​ចេញពី​តំបន់​នោះ ជា​ក្រុម​ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរ​វករ​។ តួ​ក​គី​ក៏​ចង់​បង្កើត​តំបន់​សុវត្ថិភាព​នៅ​ទីនោះ និង​ធ្វើជា​ផ្ទះ​សម្រាប់​ជនភៀសខ្លួន​ស៊ី​រី​ស្នាក់នៅ​៕

ព័ត៌មានផ្សេងទៀត