រដ្ឋាភិបាល​ឆែក​បង្ហាញ​ក្តីសង្ឃឹម​ថា​អឺរ៉ុប​នឹង​មិន​ដក​EBA​ពី​កម្ពុជា​

16-10-2019 9:11 pm 202
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ឆែក ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ តុលា លោកនាយក​រដ្ឋមន្ត្រី​ឆែក បាន​កោតសរសើរ​កម្ពុ​ជា​ចំពោះ​ការរក្សា​បាន​នូវ​សុខសន្តិភាព និង​បាន​ថ្លែង​ដោយ​សង្ឃឹមថា អឹរ៉ុប​នឹង​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា​ទេ ...

​លោក អេន​ដ្រេ​ហ្គ បា​ប៊ីស (Andrej Babis) នាយករដ្ឋមន្ត្រី​ឆែក បាន​សម្តែង​ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ចំពោះ​សន្តិភាព​និង​ស្ថិរភាព ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ប្រកបដោយ​ចរី​ភាព ។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីអំពី​លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ឆែក នៅ​ថ្ងៃ​ទី​១៣-១៤ តុលា បាន​បង្ហាញ​ឱ្យ​ដឹង​បន្តថា លោកនាយក​រដ្ឋមន្ត្រី​ឆែក ក៏​បាន​បង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​សម្រេច​គោលដៅ​ទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ។​

​ពាក់ព័ន្ធ​នឹង​ដំណើរការ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដោយ​គណៈកម្មការ​អឺរ៉ុប លោកនាយក​រដ្ឋមន្ត្រី​ឆែក បានចាត់ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជា​ជំនួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​ផ្តល់ជូន​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​លោក​សង្ឃឹមថា វិធានការ​បែប​នេះ​ដោយ​គណៈកម្មការ​អឺរ៉ុប នឹង​មិន​កើតឡើង​ឡើយ និង​ថា កម្ពុជា​នឹង​បង្ហាញ​វឌ្ឍនភាព​ប្រកប​ដោយ​វិជ្ជមាន​នៅក្នុង​វិស័យ​សិទ្ធិមនុស្ស ។​

​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​លោក​នាយករដ្ឋមន្ត្រី​ឆែក​ថា ការធ្វើ​បដិវត្តន៍​ពណ៌ ឬ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា នឹង​ត្រូវ​បរាជ័យ ។ លោក​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ចំពោះ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស​ក្នុង​ក្រប​ខណ្ឌ​នីតិរដ្ឋ ៕

 ពាក្យគន្លឹះ  កម្ពុជា-ឆែកEBA

ព័ត៌មានផ្សេងទៀត