លោក​អ៊ិត ហេង​ ជំរុញ​ឲ្យ​វិទ្យាស្ថាន​មួយ​បន្ថែម​​ការ​បង្រៀន​​​ភាសា​កូរ៉េ ​និង​ជប៉ុន​​​ដល់​​​និស្សិត​

16-10-2019 5:12 pm 134

​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកទឹកចិត្ត​ឲ្យ វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​បន្ថែម​ការបណ្ដុះបណ្ដាល​ភាសា​កូរ៉េ និង​ជប៉ុន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​នា​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត រួមទាំង​ឆ្លើយតប​ទៅនឹង​ការបញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ក្រោយ​មាន​ការស្នើសុំ​ផ្ទាល់​ពី​នាយក​វិទ្យាស្ថាន​ជាតិ​មួយ​នេះ​។​ការលើកឡើង​យ៉ាង​ដូចនេះ បន្ទាប់ពី​លោក​លោក​អ៊ិត សំហេង ជួប​សំណេះសំណាល​ជាមួយ​សាស្ត្រាចារ្យ មន្ត្រីរាជការ និង​បុគ្គលិក​នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ នា​ថ្ងៃទី ១៥ ខែតុលា​។​

​នៅក្នុង​ឱកាស​សំណេះសំណាល​នោះដែរ លោក​រដ្ឋមន្ត្រី​ក៏បានផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ដោយ​ត្រូវ​ពង្រីក​សមត្ថភាព​បង្រៀន​របស់​គ្រូ និង​សាស្ត្រាចារ្យ ពី​កម្រិត​បរិញ្ញាបត្រ​ទៅដល់​កម្រិត​អនុបណ្ឌិត និង​បណ្ឌិត តាមរយៈ​ការសិក្សា​បន្ត​នៅ​ក្នុងប្រទេស ពិសេស​នៅ​ក្រៅប្រទេស​។​លោក​បន្តថា លើសពីនេះ​ត្រូវ​បន្ត​ពង្រឹង​បរិយាកាស​ការងារ និង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បានល្អ​ថែមទៀត និង​ត្រូវមាន​វិធីសាស្ត្រ​គ្រប់គ្រង​ដឹកនាំ ប្រកបដោយ​តម្លាភាព គណនេយ្យភាព ព្រមទាំង​ពង្រីក​ដៃគូ​នៅ​ក្រៅប្រទេស ទស្សនកិច្ច​សិក្សា និង​រៀបចំ​ឱ្យមាន​កម្មសិក្សា​ដល់​សិស្ស​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

សូម​បញ្ញា​ក់ថា ការចុះពិនិត្យ​ផ្ទាល់​នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​នេះ គឺជា​លើក​ទី​៣​ហើយ បន្ទាប់ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ប​ច្ចេក​ទេស និង​វិជ្ជាជីវៈ​ខេត្ត​កំពង់ស្ពឺ​។​គួរ​កត់សម្គាល់ថា ការចុះ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​នេះ គឺធ្វើឡើង​ស្រប​ពេលដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​នឹង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និង​ដាក់ចេញ​អនុសាសន៍​ជំរុញ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ដែល​ស្ថិតក្រោម​ឱវាទ និង​យកចិត្តទុកដាក់​អនុវត្ត​យុទ្ធសាស្ត្រ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​។​

សូមបញ្ជាក់ថា គោលបំណង​នៃ​ការចុះ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​នេះ ដើម្បី​ជំរុញ​លើកទឹកចិត្ត​ក្នុង​ការអនុវត្ត​នូវ​គោលនយោបាយ​ជាតិ​ស្ដីពី ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ និង​អនុវត្ត​ទៅតាម​ផែនការ​អាទិភាព​ទី​២ ដែល​បាន​ដាក់ចេញ​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៩-២០២៣ ដើម្បី​ពង្រឹង​បន្ថែម​ទៅលើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET)៕

ព័ត៌មានផ្សេងទៀត