អ្វីជា​តួនាទី និង​ភារកិច្ច​របស់ "អាជ្ញា​សាលា" និង"​ព្រះរាជអាជ្ញា​"?

16-10-2019 4:54 pm 238
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​យុត្តិធម៌ និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា​នេះ បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី “​តួនាទី និង​ភារកិច្ច ស្ថាប័ន​អនុវត្ត​” និង “​នីតិវិធី​អនុវត្ត​ដោយ​បង្ខំ​” ក្នុង​គោលបំណង​ផ្សព្វផ្សាយ ដល់​សាធារណជន ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​មាន​សមត្ថកិច្ច បាន​យល់ដឹង​អំពី​តួនាទី និង​ភារកិច្ច​របស់​ស្ថាប័ន​អនុវត្ត ដែល​រួមមាន តុលាការ​អនុវត្ត​និង អាជ្ញា​សាលា​។​

​លោក​នាក់ សើ​គី​រី​ន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ថា កន្លង​មក​ការអនុវត្ត​ភារកិច្ច​របស់​អាជ្ញា​សាលា បាន​នឹង​កំពុង​ជួបប្រទះ បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​៖ មាន​ការភ័ន្តច្រឡំ​របស់​សាធារណជន និង​អាជ្ញាធរ​ពាក់ព័ន្ធ ទៅលើ​សមត្ថកិច្ច​របស់​អាជ្ញា​សាលា និង​ព្រះរាជអាជ្ញា ទាក់ទង​នឹង​ការអនុវត្ត​ដោយ​បង្ខំ​, នីតិវិធី​ស្នើសុំ​កម្លាំង​ដោយ​មន្ត្រី​អាជ្ញា​សាលា ត្រូវ​ចំណាយ​ពេលវេលា​យូរ ដែល​មិន​ទាន់​ឆ្លើយតប​ទៅនឹង​ករណី នៃ​ការអនុវត្ត​ដោយ​បង្ខំ មួយចំនួន​ដែល​ទាមទារ​ឲ្យមាន​ការអនុវត្ត​ភ្លាមៗ ហើយ​បើ​មិន​មាន​ការអនុវត្ត​ភ្លាមៗ​ពី​កងកម្លាំង​ទេ នោះ​អាច​នាំឲ្យ​មាន​ការរាំងស្ទះ​ដល់​ប្រសិទ្ធភាព នៃ​ការអនុវត្ត​។​

សំឡេង​

​ពាក់ព័ន្ធ​នឹង​ការភ័ន្តច្រឡំ​នេះ លោក​ជាវ វិជ្ជា​ក់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ស្នើសុំ​ភាគី​ពាក់ព័ន្ធ ពិសេស​ក្រសួង​យុត្តិធម៌ ១). ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​នូវ​សមត្ថកិច្ច និង​ភារកិច្ច​របស់​អាជ្ញា​សាលា តាម​គ្រប់​រូបភាព គ្រប់​មធ្យោបាយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន និង​អាជ្ញាធរ ចៀសវាង​ការភ័ន្តច្រឡំ​បន្ត​ទៀត​សម្រាប់​សមត្ថកិច្ច របស់​អាជ្ញា​សាលា និង​ព្រះរាជអាជ្ញា​។ ២). ស្នើសុំ​ក្រសួងយុត្តិធម៌ និង​ភាគី​ពាក់ព័ន​ធ ជួប​ពិភាក្សា​គ្នា រិះរក​មធ្យោបាយ ឬ​យន្តការ​រួម​ណាមួយ ក្នុងកា​រព​ន្លឿ​ននីតិវិធី​ស្នើសុំ​កងកម្លាំង ដើម្បី​សហការ​ចុះ​អនុវត្ត​ដោយ​បង្ខំ ឲ្យបាន​ទាន់​ពេលវេលា ស្រប​តាម​ស្មារតី​ច្បាប់ និង​គោលបំណង​នៃ​សេចក្តីសម្រេច​របស់​សាលាជម្រះក្តី​។ ៣). អង្គភាព​ជំនាញ នៃ​ក្រសួង​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ គួរ​រៀបចំ​ប្រជុំ​ជា​ប្រចាំ​ដើម្បី​បង្កើន​ការស្វែងយល់ ពី​គ្នា​ទៅវិញទៅមក​។​

​សំឡេង

​លោក​សុខ កល្យាណ ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា អ្វី​ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​បំពេញ​ភាពចាំបាច់ ក្នុង​ការការពារ​ផលប្រយោជន៍​របស់​ម្ចាស់​សិទ្ធិ នៅក្នុង​ប្រព័ន្ធ​នីតិវិធី​រដ្ឋប្បវេណី ដែល​មាន​បំណង​ការពារ​សិទ្ធិ​របស់​បុគ្គល​ឯកជន ចាំបាច់​ត្រូវមាន​ការរៀបចំ​នូវ​នីតិវិធី​សម្រាប់​ការអនុវត្ត​ដោយ​បង្ខំ ក្នុងករណី​ដែល​បុគ្គល​ជាប់​កាតព្វកិច្ច​ផ្តល់​តាវកាលិក ឬ​កូនបំណុន​មិន​ព្រម​អនុវត្ត​កាតព្វកិច្ច​ដោយ​ស្ម័គ្រចិត្ត ហៅថា “​ការអនុវត្ត​ដោយ​បង្ខំ​”​។ 

សំឡេង​

​យោង​តាម​ក្រម​នីតិវិធី​រដ្ឋប្បវេណី បានបញ្ជាក់​ថា តួនាទី និង​ភារកិច្ច​របស់ អាជ្ញា​សាលា ក្នុង​ការអនុវត្ត​ដោយ​បង្ខំ គឺ​ពាក់ព័ន្ធ​នីតិវិធី​រឹបអូស​ចលនវត្ថុ ប្រគល់​ចលនវត្ថុ និង​អចលនវត្ថុ​។ អាជ្ញា​សាលា មាន​សិទ្ធិ​ប្រើប្រាស់​កម្លាំង​សាធារណៈ ដូច​ជា​កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​កម្លាំង​ផ្សេងៗ​ទៀត ដើម្បី​លប់បំបាត់​ការរារាំង​ឬ​ការប្រឆាំង​នឹង​ការអនុវត្ត​។ អាជ្ញា​ធរមាន​សមត្ថកិច្ច មានដូចជា មេឃុំ ចៅសង្កាត់ មេភូមិ អភិបាលស្រុក​/​ក្រុង ក្រសួង ស្ថាប័ន និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ការអនុវត្ត​ដោយ​បង្ខំ​នេះ គឺជា​កាតព្វកិច្ច​ដែល​កំណត់​នៅក្នុង​ច្បាប់ ហើយ​ការ​មិន​ចូលរួម​សហការ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​មាត្រា​៥២០​។​

​ព្រះរាជអាជ្ញា គឺជា​មន្ដ្រី​ដែល​ស្ថិតនៅ​ក្នុង​ស្ថាប័ន​អយ្យការ ជា​អ្នកទទួលបន្ទុក​ស្វែងរក​បទល្មើស​ព្រហ្មទណ្ឌ  ធ្វើការ​ចោទប្រកាន់  និង​សុំ​ឱ្យ​អនុវត្ត​ច្បាប់​នៅ​ចំពោះមុខ​យុត្តាធិការ​ស៊ើបសួរ និង​យុត្តាធិការ​ជំនុំ​ជំ​ម្រះ ក្នុងនាម​ផលប្រយោជន៍​សង្គម​។​

​ព្រះរាជអាជ្ញា ដឹកនាំ និង​សម្របសម្រួល​សកម្មភាព របស់​មន្ត្រី និង​ភ្នាក់ងារនគរបាល​យុត្តិធម៌​ទាំងអស់ នៅក្នុង​សមត្ថកិច្ច​ដែនដី​របស់​ខ្លួន​។ ព្រះរាជអាជ្ញា អាច​ចុះ​ទៅ​កន្លែង​ស៊ើបអង្កេត និង​ផ្តល់​គ្រប់​ការណែនាំ មាន​ប្រយោជន៍​ដល់​មន្ត្រី និង​ភ្នាក់ងារនគរបាល​យុត្តិធម៌​។ ក្នុង​ករណី​ចាំបាច់ ព្រះរាជអាជ្ញា​អាច​ដកសិទ្ធិ​ស៊ើបអង្កេត​ពី​មន្ត្រី និង​ភ្នាក់ងារនគរបាល​យុត្តិធម៌ ហើយ​រៀបចំ​អ្នក​ជំនួស​មន្ត្រី និង​ភ្នាក់ងារ​ទាំងអស់​នោះ​។​

​ព្រះរាជអាជ្ញា អាច​ធ្វើ​អធិការកិច្ច​បាន​គ្រប់ពេលវេលា នៅ​អង្គភាព​នគរបាល​យុត្តិធម៌ និង​អាច​ចូលរួម​ក្នុង​ការ​ស្តាប់​ចម្លើយ ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​ឃាត់ខ្លួន ជាពិសេស​ការគោរព​ទម្រង់​ច្បាប់ និង​ការចុះបញ្ជី​ព្រមទាំង​ទី​កន្លែង​កើតហេតុ​ផងដែរ​។​ ម្យ៉ាងវិញទៀត ព្រះរាជអាជ្ញា​អាច​ទទួល​ពាក្យបណ្តឹង ដែល​បញ្ជូន​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌ ជនរងគ្រោះ ឫ​ជនណាម្នាក់​ផ្សេងទៀត​៕

ព័ត៌មានផ្សេងទៀត