ចិន​ទទូចថា​​សភា​អាមេរិក​​គួរតែ​ឈប់​ជ្រៀតជ្រែក​​រឿង​នៅ​ហុងកុង​​ទៀត​ទៅ​

16-10-2019 4:34 pm 134
ប្រជាជនហុងកុង​ទាមទារឲ្យ​អាមេរិកជួយដោះស្រាយវិបត្ដិ

​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១៦​តុលា​នេះ​បាន​បញ្ជាក់ថា ទីក្រុង​ប៉េកាំង​សូម​ប្រកាស​ជំទាស់​ទៅនឹង​វិធានការ​ថ្មី ដែល​ត្រូវបាន​ឆ្លងកាត់​រដ្ឋសភា​អាមេរិក ទាក់ទង​នឹង​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង និង​សូម​ជំរុញ​ឲ្យ​សមាជិកសភា​ឈប់​ជ្រៀតជ្រែក​ក្នុង​បញ្ហា​នេះ​ទៀត​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា ចិន​សូម​ប្រតិកម្ម​និង​ប្រឆាំង​យ៉ាង​មុតមាំ​ចំពោះ​ការទទូច​របស់​តំណាងរាស្ដ្រ​អាមេរិក ក្នុង​ការអនុម័ត​ច្បាប់​ដែល​គេ​ហៅថា សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​របស់​ហុងកុង​។ អ្នកនាំពាក្យ​បន្ថែមថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ចិន​នឹងត្រូវ​ប៉ះពាល់ ប្រសិនបើ​ច្បាប់​នេះ​ក្លាយជា​ច្បាប់​ពេញលេញ​។​

​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង ដែលជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​អនុម័ត​ដោយ​សភា​អាមេរិក នឹង​តម្រូវឲ្យ​រដ្ឋមន្ដ្រីការបរទេ​ស​អា​មេរិក​បញ្ជាក់ជា​រៀងរាល់ឆ្នាំ​ថា ហុងកុង​នៅតែ​រក្សា​ស្វ័យភាព​របស់ខ្លួន ដើម្បី​ទទួលបាន​ការយកចិត្ដទុកដាក់​ពិសេស​។ តែ​យ៉ាងណាមិញ​ព្រឹទ្ធសភា​អាមេរិក​មិនទាន់​កំណត់​កាលបរិច្ឆេទ លើ​ការបោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​នេះ​ទេ​។ នៅពេលដែល​ព្រឹទ្ធសភា​អនុម័ត​ហើយ ត្រូវ​បញ្ជូនទៅឲ្យ​លោក​ប្រធានាធិបតី​ចុះហត្ថលេខា​សិន​ទើប​អាច​ក្លាយជា​ច្បាប់​ពេញលេញ​បាន​។ ប៉ុន្ដែ​មិនទាន់​ដឹងថា​លោក​ត្រាំ​ព្រម​ចុះហត្ថលេខា​ឬក៏​វេតូ​នោះទេ​៕

 ពាក្យគន្លឹះ  ចិនអាមេរិកហុងកុង

ព័ត៌មានផ្សេងទៀត