លោក​ទៀ បាញ់​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សំខាន់​២​នៅ​ប្រទេស​ចិន​

16-10-2019 4:27 pm 132

លោក​ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នឹង​ដឹកនាំ​ប្រតិភូ​យោធា​ជាន់ខ្ពស់ នៃ​ក្រសួងការពារជាតិ ចូលរួម​ព្រឹត្តិការណ៍​សំខាន់​២ នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​ការពារជាតិ ឲ្យដឹងថា ការអញ្ជើញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សំខាន់​ចំនួន​២​របស់លោក​ទៀ បាញ់ ធ្វើឡើង​តប​តាម​ការអញ្ជើញ របស់លោក​Wei Fenghe ក្រុមប្រឹក្សារដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ចិន​។​

​គួរ​ជម្រាបជូន​ថា ព្រឹត្តិការណ៍​សំខាន់​២ រួមមាន​ទី​១ ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​យោធា​ពិភពលោក​លើក​ទី​៧ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង អ៊ូ​ហាន ខេត្ត​ហ៊ូ​បេ​។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យោធា​ពិភពលោក​លើក​ទី​៧​នេះ រៀបចំឡើង​ក្រោម​ប្រធានបទ «​ការចែករំលែក​មិត្តភាព និង​លើកកម្ពស់​សន្តិភាព​»​។ ព្រឹត្តិការណ៍​ទី​២ គឺ​លោក​ទៀ បាញ់​នឹងចូលរួម​វេទិកា «​សៀង​សាន ប៉េកាំង លើក​ទី​៩» (9th Beijing Xiangshan Forum) ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង​។ នៅក្នុង​វេទិកា សៀង​សាន លើក​ទី​៩​នេះ លោក​ទៀ បាញ់​នឹងចូលរួម​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ដែល​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​។ ក្នុងឱកាស​នោះដែរ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​រូបនេះ ត្រូវបាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា នៅក្នុង​សម័យប្រជុំ​ពេញអង្គ​ទី​៣ ក្រោម​ប្រធានបទ «​ផលប្រយោជន៍​នៃ​ប្រទេស​តូច និង​មធ្យម និង​សន្តិសុខ​រួមគ្នា​»៕

 ពាក្យគន្លឹះ  លោកទៀបាញ់

ព័ត៌មានផ្សេងទៀត