អ្នកគាំទ្រ​​តារា​K-pop​​នាង​Sulli​​នាំគ្នា​កាន់ទុក្ខ​​ទាំង​មិន​អស់ចិត្ដ​

16-10-2019 11:26 am 365
រូបភាពនាង​Sulli

​កាលពី​ថ្ងៃទី​១៥​តុលា​ម្សិលមិញ​នេះ អ្នកគាំទ្រ​អតីត​សមាជិក​ក្រុម​ចម្រៀង​K-pop​កូរ៉េខាងត្បូង និង​ជា​តារា​សម្ដែង​នាង​Sulli បាននាំគ្នា​កាន់ទុក្ខ​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​នាង ទាំង​ទឹកចិត្ដ​ក្ដុកក្ដួល​បំផុត​។ ការ​ទទួលមរណភាព​ទាំង​វ័យក្មេង​ដូច្នេះ បានធ្វើឲ្យ​អ្នកគាំទ្រ​របស់​នាង​Sulli​សោកស្ដាយ​ជាខ្លាំង ដោយបាន​ត្រឹម​ចូលរួម​រំលែក​ទុក្ខ ព្រោះ​ពួកគេ​មិនអាច​ធ្វើ​អ្វី​បានឡើយ​ក្រៅពី​ការ​កាន់ទុក្ខ​នេះ​។ ម្យ៉ាង​ពួកគេ​ក៏​សម្ដែង​ការព្រួយបារម្ភ​ផងដែរ ដោយ​មិនដឹងថា​នឹងមាន​តារា​រូប​ណា​ទៀត​ទេ ដែល​ត្រូវ​សម្លាប់ខ្លួន​ដោយសារតែ​បញ្ហា​ផ្លូវចិត្ដ​ដូច្នេះ​។​

​គួរ​បញ្ជាក់ថា នាង​Sulli​អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី​កូរ៉េខាងត្បូង​f(x) ត្រូវបាន​អ្នកគ្រប់គ្រង​របស់​នាង​ប្រទះឃើញ​ស្លាប់​ក្នុងផ្ទះ​របស់​នាង​នៅ​ជាយក្រុង​សេ​អ៊ួ​ល កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ ​​ពុំទាន់​មាន​ភស្ដុតាង​បង្ហាញថា ករណី​ស្លាប់​របស់​នាង​ជា​អំពើ​ឃាតកម្ម​បង្កដោយ​អ្នកដទៃ​ទេ ហើយ​បច្ចុប្បន្ន​ប៉ូលិស​​សន្និដ្ឋាន​ថា​នាង​បានសម្លាប់​ខ្លួនឯង​។ តារា​វ័យ​២៥​ឆ្នាំ​រូបនេះ​ធ្លាប់បាន​ទទួលរង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង​ពី​បញ្ហា​ធ្លាក់​ទឹកចិត្ដ ក្រោយ​ទទួល​ការប្រមាថ​តាម​តាម​អន​ឡា​ញ​។​

​សូមបញ្ជាក់ថា កូរ៉េខាងត្បូង​គឺជា​ប្រទេសមួយ​ដែលមាន​អត្រា​ធ្វើ​អត្ដ​ឃាត​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ បើតាម​តួលេខ​បញ្ជាក់​ដោយ​រដ្ឋាភិបាល​ក្នុងពេល​ថ្មីៗ​នេះ កូរ៉ខាងត្បូង​ស្ថិតក្នុង​លំដាប់​កំពូល​ដែលមាន​អ្នក​សម្លាប់ខ្លួន​អាយុ​ក្រោម​៤០​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត