រុស្ស៊ី​ប្ដេជ្ញា​​នឹង​ជួយ​ការពារ​​មិនឲ្យ​កងទ័ព​ស៊ីរី​​និង​តួ​កគី​ប៉ះទង្គិច​គ្នា​ឡើយ​

16-10-2019 11:23 am 448

​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់ថា​នឹង​ព្យាយាម​ធ្វើយ៉ាងណា មិនឲ្យ​កងទ័ព​តួក​គីនិង​ស៊ីរី​ប៉ះទង្គិច​គ្នា​ឡើយ ខណៈដែល​កងទ័ព​តួ​ក​គី​កំពុង​វាយលុក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ បេសកជន​រុស្ស៊ី​សម្រាប់​ប្រទេស​ស៊ី​រី​លោក​Alexander Lavrentyev បាន​និយាយថា ការប៉ះទង្គិច​គ្នា​គឺជា​រឿង​មិនអាច​ទទួលយកបាន ដូច្នេះហើយ​មិនអាច​អនុញ្ញាតឲ្យ​រឿងនេះ​កើតឡើង​ដាច់ខាត​។ 

​ក្នុងអំឡុងពេល​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អារ៉ាប់​រួម លោក​Lavrentyev​បាន​ពណ៌នា​ថា ការវាយលុក​របស់​តួ​ក​គី​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ពីមុន​កងទ័ព​តួ​ក​គី​អាច​ចូលក្នុង​ទឹកដី​ស៊ី​រី​ចន្លោះ​ពី​៥​ទៅ​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ គឺ​តិចជាង​៣០​គីឡូម៉ែត្រ​ដែល​តួ​ក​គី​គ្រោង​បង្កើតជា​តំបន់​សុវត្ថិភាព​។ ហេតុនេះ​តួ​ក​គី​គ្មាន​សិទ្ធិ​ដាក់ពង្រាយ​ទ័ព​របស់ខ្លួន​ជា​អចិន្ដ្រៃយ៍ នៅក្នុង​ទឹកដី​ស៊ី​រី​បានទេ​។ ស៊ី​រី​កំពុង​ទាក់ទង​ជាមួយ​តួ​ក​គី ដើម្បី​ចៀសវាង​ការប៉ះទង្គិច​។​

​លោក​Lavrentyev​បានបញ្ជាក់​ផងដែ​រថា រុស្ស៊ី​បាន​ជួយ​ធ្វើជា​អ្នកសម្របសម្រួល​កិច្ចព្រមព្រៀង រវាង​ក្រុមឃឺ​ដនិង​ទីក្រុង​ដា​ម៉ាស់ ដោយ​ឃើញ​កងកម្លាំង​ដឹកនាំ​ដោយ​ក្រុមឃឺ​ដ​ប្រគល់​ទឹកដី​ឲ្យ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ជា​ថ្នូរ​នឹង​ការស្វែងរក​គាំទ្រ​ផ្នែក​យោធា​។ ក្រុមឃឺ​ដ​ទើប​ប្រកាស​កាលពី​សប្ដា​ហ៍​មុន​ថា ពួកគេ​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី ដោយ​រដ្ឋាភិបាល​នឹង​បញ្ជូន​ទ័ព​ទៅ​តំបន់​ព្រំដែន​ជួយ​គាំទ្រ​ពួកគេ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​តួ​ក​គី​។​

​ការប្រកាស​ដកទ័ព​ចេញពី​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​របស់​អាមេរិក​កាលពី​សប្ដាហ៍​មុន ក្រុម​អ្នក​រិះគន់ថា​ជាការ​បើកភ្លើង​ឲ្យ​តួ​ក​គី​ចូល​វាយលុក​។ ប៉ុន្ដែ​លោក​ដូណាល់ ត្រាំ​បាន​បដិសេធ​ដាច់ខាត ថា​លោក​មិនបាន​បង្គាប់បញ្ជា​ឬ​អនុញ្ញាតឲ្យ​តួក​គី​ធ្វើ​ដូច្នេះឡើយ​។  កាលពី​យប់​ថ្ងៃ​អង្គការ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា មាន​យន្ដហោះ​ចម្បាំង​F-15​និង​ឧទ្ធម្ភាគចក្រ ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​គាំទ្រ​ដល់​កងទ័ព​តួ​ក​គី​ដែល​ចូលទៅក្នុង​ប្រទេស​ស៊ី​រី​។ សកម្មភាព​នេះ​អាមេរិក​ចាត់ទុកថា តួ​ក​គី​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ហើយ​។ 

​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រសួង​សំខាន់ៗ​ចំនួន​២​របស់​តួ​ក​គី និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ចំនួន​៣​រូប ដើម្បី​ឆ្លើយតប​ទៅនឹង​រដ្ឋាភិបាល​តួ​ក​គី ដែល​មានះ​វាយលុក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ ការវាយលុក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​នេះ បណ្តាលឲ្យ​ជន​ស៊ីវិ​លស្លាប់​និង​របួស​ជាច្រើន​នាក់ ព្រមទាំង​មាន​ការព្រួយបារម្ភ​ថា ធ្វើឲ្យប៉ះពាល់​ដល់​យុទ្ធនាការ​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​ផងដែរ​។ ទាក់ទង​នឹង​មូលហេតុ​ដែល​តួ​ក​គី​វាយលុក​ចូល​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ជា​តំបន់​កាន់កាប់​ដោយ​ក្រុមឃឺ​ដ ដោយសារ​តួ​ក​គី​ចាត់ទុក​ក្រុម​នេះ​ជា​ក្រុម​ភេរ​វករ គាំទ្រ​ដល់​ក្រុមប្រឆាំង​នៅ​ក្នុងប្រទេស​តួ​ក​គី​៕

ព័ត៌មានផ្សេងទៀត