មនុស្ស​ស្លាប់​​ដោយសារ​​ព្យុះ​ទី​ហ្វុង​នៅ​ជប៉ុន​​កើន​ដល់​​ជាង​៧០​នាក់​

16-10-2019 8:22 am 667
​សាកសពរកឃើញក្រោយព្យុះវាយប្រហារនៅជប៉ុន

​ក្រុម​ជួយសង្គ្រោះ​ជប៉ុន​បាន​បំពេញការងារ​យ៉ាងសកម្ម​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ស្វែងរក​អ្នក​រស់រានមានជីវិត ក្រោយ​រងគ្រោះ​ដោយសារ​ព្យុះ​ទី​ហ្វុង​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​ជាង​៧០​នាក់​។ ក្រៅពីនេះ​ព្យុះ​ទី​ហ្វុង​ហាជី​ប៊ីសក៏​បង្ក​ការខូចខា​ត​យ៉ាងច្រើន​ទៀត ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង​ប្រជាជន និង​ទ្រព្យសម្បត្ដិ​នានា​។ ព្យុះ​ហា​ជី​ប៊ី​សបាន​បោកបក់​លើ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្នុង​កម្លាំង​លឿន​ខ្យល់​ជាង​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ធ្វើឲ្យមាន​ភ្លៀងធ្លាក់​បង្កជា​ទឹកជំ​នន់ និង​ការបា​ក់ដី​ផងដែរ​។​

​កាលពី​យប់​ថ្ងៃ​អង្គារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​បញ្ជាក់ថា មនុស្ស​ស្លាប់​បាន​កើន​ដល់​៧៤​នាក់ និង​ជាច្រើន​នាក់​ទៀត​កំពុង​បន្ដ​បាត់​ខ្លួន​។ នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​បាន​និយាយថា ត្រូវតែ​បន្ដ​យុទ្ធនាការ​ជួយសង្គ្រោះ​និង​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​។ លោក​ក៏​បញ្ជា​ឲ្យ​ក្រុម​ជួយសង្គ្រោះ​ជាង​១០​ម៉ឺន​នាក់​ចុះ​ធ្វើ​ប្រតិ​បត្ដិកា​រ ក្នុងនោះ​មាន​ទាំង​មន្ដ្រីប៉ូលិស កង​ឆ្មាំ​សមុទ្រ ក្រុម​ពន្លត់​អគ្គិភ័យ និង​ទាហាន​ជាដើម​៕

 ពាក្យគន្លឹះ  ជប៉ុនព្យុះ​ទីហ្វុង

ព័ត៌មានផ្សេងទៀត