នារីៗមួយចំនួនប្រាកដជាធ្លាប់ជួបប្រទះបញ្ហាស្រដៀងគ្នា ពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខ។ ប្រភេទផលិតផលមួយមុខនោះ គឺប្រើត្រូវសុខៗ តែក្រោយមកស្រាប់តែលែងមានប្រសិទ្ធភាព។ បញ្ហានេះ បណ្តាលមកពីកត្តាច្រើនយ៉ាង នៅក្នុងនោះការផ្លាស់ប្តូរអាកាសធាតុ ធ្វើឲ្យស្បែកមុខមានការប្រែប្រួល ហេតុដូចនេះហើយផលិតផលដែលប្រើនៅរដូវក្តៅ មិនអាចប្រើនៅរដូវរងារបានទេ។ ក្រៅពីនោះ ការផ្លាស់ប្តូរកន្លែងរស់នៅ, ការផ្លាស់ប្តូរទឹកលុបលាងមុខ, អាយុ, របៀបនៃការរស់នៅប្រចាំថ្ងៃ និងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត -ល- សុទ្ធតែធ្វើឲ្យស្បែកមុខរបស់អ្នកប្រែប្រួល។ ដូចនេះ ផលិតផលមួយ មិនអាចថែរក្សាស្បែករបស់អ្នក បានជារៀងរហូតទេ ព្រោះតម្រូវការស្បែកតែងតែប្រែប្រួលឥតឈប់ឈរ។
ដូចដែលយើងដឹងស្រាប់ហើយ ថាស្បែកប្រែប្រួលពីមួយពេលទៅមួយពេល អាស្រ័យលើកត្តាជាច្រើន។ នោះហើយ ជាមូលហេតុដែលមានសារៈសំខាន់ ក្នុងការត្រួតពិនិត្យតាមដានលើផលិតផលដែលអ្នកកំពុងប្រើ និងស្ថានភាពស្បែករបស់អ្នក។ មុនប្តូរផលិតផលមួយទៅផលិតផលមួយ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះកាលណាប្តូរញឹកញាប់ពេក ក៏មិនល្អសម្រាប់ស្បែកមុខដែរ៕