ក្រសួង​ការពារជាតិ​៖ ​កងទ័ព​មាន​តួនាទី​បង្ក្រាប​​រាល់​​ទង្វើ​ប៉ុន​ប៉ង​​ផ្តួលរំលំ​​រដ្ឋាភិបាល​​

15-10-2019 12:00 pm 319
  ស្តាប់
ស្តាប់ជាសំឡេង

​ដោយសារ​តែ​ពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន និង​សង្គម​ស៊ីវិល​មួយចំនួន នៅតែ​មាន​ការយល់ច្រឡំ​អំពី​តួនាទី របស់​កង​យោធពលខេមរភូមិន្ទ ទើប​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រសួង​ការពារជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ជម្រាប​ដល់​សាធារណជន​ជាតិ និង​អន្តរជាតិ អោយ​យល់ច្បាស់​ពី​តួនាទី របស់​កង​យោធពលខេមរភូមិន្ទ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា កងយោធពល​ខេមរភូមិន្ទ មាន​តួនាទី​ដូចដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​គឺ​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​។​ដូចនេះ ប្រសាសន៍ និង​បទបញ្ជា​របស់​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី​១៤​ខែតុលា ឆ្នាំ​២០១៩​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​ការបង្កើត​កងពល​លេខ ៧០ ដែលថា មេបញ្ជាការ មេបញ្ជាការរង និង​ពលទាហាន កងពលតូច​លេខ​៧០ ក៏ដូចជា​កងទ័ព​ទាំងអស់ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ចាត់​វិធានការ​ចំពោះ​លោក​សម រង្ស៉ី និង​បក្ខពួក ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ គឺ​ជា​បទបញ្ជា​ដ៏​ត្រឹមត្រូវ​បំផុត ដែល​កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​អនុវត្ត​ជាដាច់ខាត ពី​ព្រោះ​បញ្ហា​នេះ​ទាក់ទង​នឹង​សន្តិសុខ សន្តិភាព ស្ថិរភាព ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការអភិវឌ្ឍ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ 

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ដដែល​ក៏​បាន​បញ្ជាក់បន្ថែម​ថា ប្រសិន​បើ​សិន​ជា​មាន​វិវាទ​នយោបាយ​រវាង​គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ កងយោធពល​ខេមរភូមិន្ទ រក្សា​ជំហរ​អព្យាក្រឹត្យភាព​របស់ខ្លួ​ន​។​ផ្ទុយទៅវិញ ទង្វើ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល របស់​លោក​សម រង្ស៊ី និង​បក្ខពួក គឺ​តម្រូវ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ មិន​អាច​អត់ឱន​អោយបាន​ជា​ដាច់ខាត ពី​ព្រោះ​ក្រុម​នេះ ដែល​មាន​លោក​សម រង្ស៊ី ជា​មេខ្លោង ត្រូវបាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ចោទ​ពីបទ​«​ឧបឃាត » កាលពី​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់​ថា​លោក​សម រង្ស៉ី បានប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​កៀរគរ​កម្លាំង​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។ ក្រោយ​ប្រកាស​វិល​ចូល​ប្រទេស លោក​បាន​អំពាវនាវ​ឱ្យ​កងទ័ព​ផ្តាច់ខ្លួន​ពី​រាជរដ្ឋាភិបាល​ទៅ​ចុះចូល​ជាមួយ​ខ្លួន​ដោយ​ប្រកាស​ថា​នឹង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ពួកគេ មិនតែប៉ុណ្ណោះ ថែម​ទាំង​អំពាវនាវ​ឲ្យមាន​ការប្រឆាំង​រដ្ឋធម្មនុញ្ញ ដោយ​បង្គាប់​ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ ដើម្បី​រំលាយ​របបរាជានិយម​ថែមទៀត​ផង​៕

ព័ត៌មានផ្សេងទៀត