អាមេរិក​ដាក់ទណ្ឌកម្ម​​មន្ត្រី​និងក្រសួងធំៗ​តួ​ក​គី ក្រោយ​វាយលុក​ភាគ​ខាងជើង​ស៊ី​រី​

15-10-2019 11:45 am 297

​ក្រសួង​ទាំងពីរ​ដែល​រង​នូវ​ទណ្ឌកម្ម​ពី​អាមេរិក រួមមាន​ក្រសួងការពារជាតិ​និង​ក្រសួង​ថាមពល រីឯ​រដ្ឋមន្ត្រី​៣​រូប​ដែល​រង​នូវ​ទណ្ឌកម្ម​ដែរនោះ រួមមាន​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ រដ្ឋមន្ត្រីក្រសួង​ថាមពល និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​រដ្ឋមន្ត្រីក្រសួង​រត​នាគារ​អាមេរិក លោក​Steven Mnuchin បាន​ពិពណ៌នា​ការដាក់ទណ្ឌកម្ម​នេះ​ថា "​ខ្លាំងក្លា​ណាស់​" ដែល​នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​តួ​ក​គី​។ 

​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​ព្រមាន​ថា ទណ្ឌកម្ម​នឹង​បន្ត​កាន់តែ​អាក្រក់​ទៅៗ លុះត្រាតែ​តួ​ក​គី ទទួលយក​បទ​ឈប់​បាញ់​ភ្លាមៗ បញ្ឈប់​អំពើហិង្សា ហើយ​យល់ព្រម​ចរចា​ដោះស្រាយ​បញ្ហា​រយៈពេល​វែង នៅតាម​ព្រំដែន​រវាង​តួ​ក​គី​និង​ស៊ី​រី​។ ស្រដៀង​នឹង​ទណ្ឌកម្ម​នេះ ប្រទេស​នៅ​សហភាព​អឺរ៉ុប បាន​ប្តេជ្ញា​ផ្អាក​ការ​នាំចូល​អាវុធ​ទៅកាន់​ប្រទេស​តួ​ក​គី​ផងដែរ​។  អាមេរិក​លើកឡើងថា សកម្មភាព​របស់​រដ្ឋាភិបាល​តួក​គី កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ស្លូតត្រង់ និង​បង្ក​អស្ថិរភាព​ក្នុង​តំបន់ រួមទាំង​ធ្វើឲ្យ​ខូច​ដល់​យុទ្ធនាការ​ដើម្បី​កម្ចាត់​ក្រុម ISIS​ទៀតផង​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ទូរស័ព្ទ​ទៅ​សម​ភាគី​តួ​ក​គី គឺ​លោក Recep Tayyip Erdogan ប្រធានាធិបតី​តួ​ក​គី ដើម្បី​ទាមទារ​ឲ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​។ នេះ​បើតាម​ការបញ្ជាក់​ដោយ​លោក  Mike Pence​។ លោក Mike Pence និយាយថា លោក​ក៏​នឹង​ធ្វើដំណើរ​ទៅកាន់​តំបន់​នោះ​ឲ្យបាន​ឆាប់រហ័ស​តាម​ដែលអា​ច​ធ្វើទៅបាន​។ លោក Mike Pence ឆ្លៀត​បញ្ជាក់​ជាថ្មី​ចៀសវាង​មាន​ការយល់ច្រឡំ​ថា អាមេរិក​មិនបាន​បើកភ្លើង​ខៀវ​ឲ្យ​តួ​ក​គី ចូល​វាយលុក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ទេ​។ ការបញ្ជាក់​ម្តង​ហើយ​ម្តងទៀត​នេះ ព្រោះ​ជា​រឿង​គាប់​ជួន​ពេក ពោល ក្រោយពេល​អាមេរិក​ដកទ័ព​ចេញពី​តំបន់​នោះ​ភ្លាម តួ​ក​គី​បាន​លើកទ័ព​ចូលលុកលុយ​ភ្លែត​។ ការណ៍​នេះ​ចង់​មិន​ចង់ ប្រាកដជា​មាន​ការលើក​ឡើង​ថា អាមេរិក​បើកដៃ​ឲ្យ​តួ​ក​គី​ធ្វើ​យុទ្ធនាការ​យោធា​មិនខានឡើយ​។

​តួ​ក​គី​ប៉ុនប៉ង​វាយលុក​នៅ​តំបន់​ភាគ​ខាងជើង ប្រទេស​ស៊ី​រី​ជាប់​ព្រំដែន​ភាគខាងត្បូង​របស់ខ្លួន ជា​យូរណាស់​មកហើយ ដើម្បី​កម្ចាត់​កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​(SDF)​ឬ​ក្រុម​Kurds ជា​ក្រុម​ភេរ​វករ​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​តួ​ក​គី​។ ប៉ុន្តែ​ក្រុម​Kurds​នេះ ជា​សម្ព័ន្ធមិត្ត​របស់​អា​មេរិក ពួកគេ​បាន​ជួយ​អាមេរិក​កម្ចាត់​ក្រុម​IS រហូត​ទទួលបាន​ជ័យជម្នះ​។​

​ក្នុង​យុទ្ធនាការ​យោធា​របស់​តួ​ក​គី​ប៉ុន្មាន​ថ្ងៃនេះ បណ្តាលឲ្យ​ជន​ស៊ីវិល​យ៉ាងហោចណាស់​៥០​នាក់​ស្លាប់​នៅក្នុង​ប្រទេស​ស៊ី​រី និង​១៨​នាក់​ទៀត​ត្រូវ​បានសម្លាប់ នៅ​ភាគខាងត្បូង​ប្រទេស​តួ​ក​គី​។ ចំណែក​ក្រុម​Kurds​បញ្ជាក់ថា អ្នក​ប្រយុទ្ធ​របស់​ពួកគេ​ជាង​៥០​នាក់​បាន​ស្លាប់​ក្នុង​ដៃ​តួ​ក​គី ខណៈ​តួ​ក​គី​បញ្ជាក់ថា ទាហាន​របស់គេ​៤​នាក់ និង​អ្នក​ប្រយុទ្ធ​ស៊ី​រី​គាំទ្រ​តួ​ក​គី​១៦​នាក់ បាន​ស្លាប់​ក្នុង​សមរភូមិ​។ បន្ទាប់ពី​ក្រុម​Kurds​និង​រដ្ឋាភិបាល​ស៊ី​រី យល់ព្រម​រួមគ្នា​ប្រឆាំងនឹង​ការវាយលុក​របស់​តួ​ក​គី ស៊ី​រី​បាន​បញ្ជូន​ទ័ព​ចូល​តាម​ច្រក​ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស ដែល​អាច​ឲ្យមាន​ការប្រឈម​មុខ​ដាក់​គ្នា ជាមួយ​ទ័ព​ដឹកនាំ​ដោយ​តួ​ក​គី​។ ដល់ពេល​ទ័ព​ទាំងពីរ​ជួប​ទល់​ទល់​គ្នា អាច​នឹង​ធ្វើឲ្យមាន​មនុស្ស​ស្លាប់​និង​របួស​កាន់តែច្រើន​៕

ព័ត៌មានផ្សេងទៀត