មនុស្ស​ស្លាប់​ដោយសារ​ព្យុះសង្ឃរា​នៅ​ជប៉ុន​កើន​ដល់​ជិត​៦០​នាក់​

15-10-2019 10:01 am 429

​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​ព្យុះ​ហា​ជី​ប៊ីស វាយប្រហារ​នៅ​ប្រទេស​ជប៉ុន បាន​កើនឡើង​ដល់​៥៨​នាក់​ហើយ និង​បាត់​ខ្លួន​ជាច្រើន​នាក់​ទៀត​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​NHK​របស់​ជប៉ុន នៅ​ថ្ងៃ​អង្គារ​ទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ​។ លោកនាយ​រដ្ឋមន្ត្រី​ជប៉ុន​Shinzo Abe បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ ស្តីពី គ្រោះមហន្តរាយធម្មជាតិ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា មនុស្ស​ជាច្រើន​នាក់ នៅតែ​បន្ត​បាត់​ខ្លួន​នៅ​តំបន់​ដែល​រង​នូវ​ការវាយប្រហារ​ខ្លាំង​។ លោក​ថា ក្រុម​សង្គ្រោះ​ព្យាយាម​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ស្វែងរក​និង​សង្គ្រោះ​ពួកគេ​ទាំងយប់​ទាំង​ថ្ងៃ​។ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​បម្រុង​១០០០​នាក់ ឲ្យចូល​រួមជាមួ​យកងកម្លាំង​៣១, ០០០​នាក់ នៅក្នុង​ប្រតិបត្តិ​ការរុករក​។ នៅ​Nagano​ដែលជា​តំបន់​មួយ​ក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ ក្រុម​ជួយសង្គ្រោះ ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។​

​យ៉ាងណាក៏ដោយ បើទោះបីជា​ខ្យល់ព្យុះ​កំណាច​នោះ បាន​រសាត់​បាត់ទៅហើ​យក្តី ប៉ុន្តែ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ទៀត​នៅ​យប់​ថ្ងៃ​ចន្ទ ដែល​បង្ក​ការលំបាក នៅក្នុង​ប្រតិបត្តិការ​ស្វែងរក​ជន​រងគ្រោះ​ដែល​បាត់​ខ្លួន​។ ភ្លៀង​ដែល​បន្ត​ធ្លាក់​ក្រោយពេល​ព្យុះ​អស់​ឥទ្ធិ​ពេលនេះ ក៏បង្ក​ជា​ក្តីព្រួយបារម្ភ​ផងដែ​រ ខ្លាច​មាន​គ្រោះមហន្តរាយធម្មជាតិ​លើក​ទី​ពីរ​។ មន្ត្រី​ជប៉ុន បាន​ក្រើន​រលឹក​ប្រជាជន ត្រូវមាន​ការប្រុងប្រយ័ត្ន និង​បន្ត​តាមដាន​មើល ក្រែង​មាន​ការបា​ក់ដី​និង​ទឹកជំនន់​កើតឡើង​ទៀត​។​

ព្យុះ​ហា​ជី​ប៊ី​សដែល​នាំមក​នូវ​ខ្យល់​បក់បោក​និង​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំងបំផុត មិន​ធ្លាប់មាន​រយៈពេល​៦០​ឆ្នាំនេះ បានធ្វើឲ្យ​ទន្លេស​រុបចំនួន​១៧៦​លិច នៅ​តំបន់​ភាគ​ខាងកើត​និង​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​។ បើតាម​កម្លាំង​ខ្យល់ព្យុះ​បក់បោក​ក្នុង​ល្បឿន​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មិន​បណ្តាលឲ្យមាន​ការបំផ្លិញបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះទេ ប៉ុន្តែ​គឺ​ជំនន់​ទឹកភ្លៀង​ទៅវិញ​ទេ ដែល​បណ្តាលឲ្យមាន​ការខូច​ខាត​យ៉ាង​ធំធេង​។​

​គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ ប្រជាជន​ស្ទើរតែ​៧៦ ០០០​គ្រួសារ នៅតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​ផ្ទះ​ចំនួន​១២៥ ០០០​ខ្នង ត្រូវបាន​កាត់ផ្តាច់​ដោយ​ទឹកជំនន់​។ គ្រោះមហន្តរាយ​នេះ បានធ្វើឲ្យ​មនុស្ស​រាប់ម៉ឺ​ន​នាក់ ត្រូវ​រស់នៅក្នុង​ជំរក​បណ្តោះអាសន្ន ហើយ​ភាគច្រើន​ពួកគេ​នៅ​មិនទាន់​ប្រាកដថា ពេលណា​នឹង​អាច​វិល​ត្រឡប់ទៅផ្ទះ​វិញ​ឡើយ​។ 

ក្រោយ​ខ្យល់ព្យុះ​វាយប្រហារ​កាលពី​ថ្ងៃទី​១២​និង​១៣​ខែតុលា គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ ខ្សែ​រថភ្លើង​ក្រោម​ដី ភាគច្រើន បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ រួមទាំង​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ផងដែរ​។ ប៉ុន្តែ រថភ្លើង​ល្បឿន​លឿន ដែល​ដាក់ឲ្យ​ដំណើរការរវា​ង​ទីក្រុង​Tokyo​ជាមួយ​Nagano បាន​រង​នូវ​ការខូចខាត​អស់​១០​គ្រឿង ដោយសារតែ​ត្រូវ​ទឹក​លិច​កម្ពស់​ដល់​ទៅ​៤​ម៉ែត្រ​។ រីឯ​ជើងហោះហើរ​វិញ ក៏​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ដូចគ្នា បន្ទាប់ពី​ផ្អាក​ប្រតិបត្តិការ ដោយសារតែ​ព្យុះ​ទី​ហ្វុង​ហាជី​ប៊ីស​៕

ព័ត៌មានផ្សេងទៀត