លោកហ៊ុន សែន ស្នើទិញ​​យន្តហោះ​​ស៊ើប​ការណ៍​និង​​​អាវុធមួយ​ចំនួន​​ពី​ឆែក​​

15-10-2019 8:24 am 723

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានស្នើសុំពិភាក្សាទិញយន្តហោះស៊ើបការណ៍ប្រភេទL39 និងអាវុធ ធុនស្រាលមួយចំនួនទៀតពីរដ្ឋាភិបាលឆែក ខណៈយន្តហោះស៊ើបការណ៍ និងសព្វាវុធមួយចំនួនទៀត ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា ទិញពីរដ្ឋាភិបាលឆែករួចមកហើយ។ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន និងលោកAndrej Babisនាយករដ្ឋមន្រ្តីឆែក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានជួបពិភាក្សាគ្នានៅទីក្រុងប្រាក ដោយ បានលើកឡើងអំពីការអភិវឌ្ឍ នៃទំនាក់ទំនងរវាងកម្ពុជា-ឆែក និងវឌ្ឍនភាពដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងកសិកម្ម។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញទំនាក់ទំនង នៅគ្រប់កម្រិត រួមទាំងផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ សំដៅស្វែងរក កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ក្នុងជំនួបកំពូលនោះដែរ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ចំពោះការបង្វែរបំណុល ទៅជាជំនួយអភិវឌ្ឍ សម្រាប់ប្រទេសកម្ពុជា ពិសេសការបន្តគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនឆែក ក្នុងការបន្តគាំទ្រផ្តល់ជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ ក្រោមកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍។

បន្ថែមពីលើនេះទៀត លោកហ៊ុន សែន ក្នុងពេលធ្វើសន្និសីទរួមគ្នាជាមួយលោកAndrej Babisនាយករដ្ឋមន្រ្តីឆែក ក៏បានលើកឡើងផងដែរ ថា លោកបានស្នើសុំពិភាក្សាអំពីលទ្ធភាព ដែលប្រទេសកម្ពុជា អាចទិញយន្ត ហោះស៊ើបការណ៍L39 និងសព្វាវុធមួយចំនួនទៀតពីប្រទេសឆែក ខណៈយន្តហោះស៊ើបការណ៍ប្រភេទL39ចំនួន៦គ្រឿង និងសព្វាវុធមួយចំនួនទៀត ត្រូវបានកម្ពុជាទិញពីឆែករួចមកហើយនោះ។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ ថា”នៅក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ថា កាលពីពេលមុនកម្ពុជាបានទិញយន្តហោះស៊ើបការណ៍L39 ចំនួន៦គ្រឿងទៅកម្ពុជារួចហើយ ឥឡូវនេះខ្ញុំបានស្នើសុំពិភាក្សាអំពីលទ្ធភាព ដែលកម្ពុជាអាចទិញយន្តហោះស៊ើបការណ៍L39 ស៊េរីប្រភេទថ្មី ៣ទៅ៤គ្រឿងបន្ថែមទៀត ហើយយើងនឹងបន្តការពិភាក្សាអំពីបញ្ហានេះ រួមទាំងអាវុធមួយចំនួន ដែលកម្ពុជាកំពុងនាំចូល នឹងអាចបន្ថែមនូវអាវុធធុន ស្រាល មួយចំនួនផ្សេងទៀត នៅក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់យើង”។

សូមជម្រាបដែរ ថា ក្នុងជំនួបកំពូលរវាងនាយករដ្ឋមន្រ្ដីកម្ពុជា និងនាយករដ្ឋមន្រ្ដីឆែកនោះដែរ ភាគីទាំងពីរបានឯកភាពគ្នា រៀបចំផែនការរួមដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ នៅឆ្នាំ២០២១ខាងមុខ។ កម្ពុជា និងឆែក គឺមានទំនាក់ទំនងល្អជាមួយគ្នា តាំងពីរវាងឆ្នាំ ១៩៦០ មកម៉្លេះ ហើយអតីតព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ធ្លាប់ជា និស្សិតសិក្សា នៅប្រទេសឆេកូនេះផងដែរ។ ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ គឺល្អជាពិសេសគឺចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ ដែលពេលនោះ រដ្ឋាភិបាលកម្ពុជាបាន បញ្ជូននិស្សិតមកសិក្សា នៅទីនេះបានច្រើន តាមរយៈអាហារូបករណ៍ដែលកម្ពុជាទទួលបាន៕

ព័ត៌មានផ្សេងទៀត