លោក​អ៊ិត សំហេង​ សោកស្តាយចំពោះ​ព្យុះយក្សវាយប្រហារប្រទេសជប៉ុន

14-10-2019 6:25 pm 202

​លោក​អ៊ិត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចូលរួម​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ប្រជាជន​ជប៉ុន ដែល​ទទួលរង​គ្រោះមហន្តរាយ​ខ្យល់ព្យុះ​ទី​ហ្វុង បង្ក​ឲ្យ​ប្រជាជន​រងរបួស និង​បាត់បង់​អាយុជីវិត បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ខូចខាត​សមិទ្ធផល​ជាច្រើន​ទៀត​។ ការចូលរួម​សោកស្តាយ បាន​ធ្វើឡើង​នៅ​ចំពោះមុខ លោក MIKAMI Masahiro ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុងឱកាស​ជួបពិភាក្សា​ការងារ នៅ​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩​នេះ នៅ​ទីស្តីការក្រសួង​ការងារ​កម្ពុជា​។ ឯកអគ្គរាជទូត​ជប៉ុន​ក៏បាន​ទទួល​នូវ​ទឹកចិត្ត​នៃ​ការចូលរួម​សោកស្តាយ​នេះ ព្រមទាំង​លើកឡើងថា រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ពិតជា​បាន​ឈឺឆ្អាល ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ ក្នុងពេល​ប្រទេស​ជប៉ុន​ជួប​គ្រោះមហន្តរាយ​ម្ដងៗ​។​

​គួរ​ជម្រាបជូន​ថា ជប៉ុន​បាន​រង​នូវ​ការវាយប្រហារ​ដោយ ព្យុះ​ទី​ហ្វុង​ហាជី​ប៊ីស​កាលពី​សប្តាហ៍​មុន បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់​ជាង​៣០​នាក់​ហើយ​។ ក្រៅពី​មនុស្ស​ស្លាប់ មាន​បាត់​ខ្លួន​ជាង​១០​នាក់​ទៀត ខណៈ​ប្រជាជន​ជម្លៀស​ខ្លួន​មាន​រាប់ពាន់នាក់​។ ព្យុះ​ទី​ហ្វុង​ដែល​ត្រូវបាន​ចាត់ទុកជា​ព្យុះ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៦០​ឆ្នាំ ក៏បាន​បង្ក​ជា​ទឹកជំនន់ ធ្វើឲ្យ​បាក់ដី បំផ្លាញ​ផ្ទះសម្បែង​ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្ដិ​ជាច្រើន​ទៀត​៕


ព័ត៌មានផ្សេងទៀត