ទូត​ជប៉ុន​ថ្មី ប្ដេជ្ញា​​ជំរុញ​ការបង្កើន​កូតា​ទទួល​កម្មសិក្សាការី និង​ពលករ​ជំនាញ​ពី​កម្ពុជា​

14-10-2019 6:16 pm 209
  ស្តាប់
ស្តាប់ជាសំឡេង

​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ឲ្យដឹងថា លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​ក្រុមហ៊ុន​របស់​ជប៉ុន ដូចជា​ក្រុមហ៊ុន​អ៊ី​អន​ជាដើម ដែល​កំពុងដំណើរការ​នៅ​ប្រទេស​កម្ពុជា​។ ក្នុងជំនួប​នេះ តំណាង​ក្រុមហ៊ុន​របស់​ជប៉ុន​បាន​រាយការណ៍ និង​សរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​បុគ្គលិក​ជ​ន​ជាតិខ្មែរ ដែល​បាន​បង្កឲ្យមាន​បរិយាកាស​ការងារ​ល្អ ពិសេស​មាន​ភាព​អត់ធ្មត់ ឧស្សាហ៍​ព្យាយាម និង​ស្មោះត្រង់​ចំពោះ​ការងារ​។ នេះ​ក៏​មិន​ខុសពី​ការលើកឡើង​របស់​និយោជក និង​តំណាង​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន ដែល​បានទទួល​កម្មសិក្សាការី​កម្ពុជា ធ្វើការ​ក្នុង​សហគ្រាស​របស់ខ្លួន គឺ​ពួកគេ​ពិតជា​មាន​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​អត្តចរិត​ការងារ​របស់​កម្មសិក្សា​ការី​ខ្មែរ​។​

​ក្នុង​អាណត្តិ​ការងារ​ថ្មី​នៅ​កម្ពុជា លោក​MIKAMI Masahiro ប្ដេជ្ញា​នឹង​ខិតខំ​ជំរុញឲ្យមាន​ទីផ្សារកា​រងារ​នៅ​ប្រទេស​ជប៉ុន សម្រាប់​កម្មសិក្សាការី និង​ពលករ​ជំនាញ​កម្ពុជា​កាន់តែច្រើន ដើម្បី​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បន្ថែមទៀត​។ ឯកអគ្គរាជទូត​ជប៉ុន បាន​សន្យា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត មិន​ថា​នៅ​ប្រទេស​ជប៉ុន ឬ​នៅ​ប្រទេស​កម្ពុជា​នោះឡើយ​។ លើសពីនេះ​ទៀត ឯកអគ្គរាជទូត​ជប៉ុន​ក៏បាន​ប្ដេជ្ញា​ជួយ​ពង្រឹង និង​ពង្រីក​ឧត្តមភាព​ប្រកួតប្រជែង លើ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។ ការប្ដេជ្ញា​នេះ ធ្វើឡើង​នៅ​ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ទីស្ដីការក្រសួង នា​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​។ 

​បើតាម​ការបញ្ជាក់​ពី​លោក​អ៊ិត សំហេង កម្មសិក្សាការី​កម្ពុជា​ដែល​បាន​ទៅធ្វើ​កម្មសិក្សា និង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន មាន​ចំនួន​ប្រមាណ ១២០, ០០០​នាក់​។ គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០១៩ កម្ពុជា​បាន​បញ្ជូន​ពលករ​ជំនាញ​លើកដំបូង ទៅ​បម្រើការ​នៅ​ជប៉ុន​ចំនួន ១១​នាក់ ក្រោយ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា​-​ជប៉ុន លើ​ការបញ្ជូន​និង​ទទួល​ពលករ​ជំនាញ ត្រូវបាន​ចុះហត្ថលេខា​រួចរាល់​៕

 ពាក្យគន្លឹះ  ក្រសួងការងារ

ព័ត៌មានផ្សេងទៀត