តើ​កោះត្រល់​លែង​ជា​របស់​កម្ពុជា តាំងពី​ពេលណា​?

14-10-2019 5:25 pm 1559
  ស្តាប់
ស្តាប់ជាសំឡេង

​បញ្ហា​ព្រំដែន​ទឹក​រវាង​កម្ពុជា និង​វៀតណាម ពិសេស​ការបាត់បង់​កោះត្រល់ នៅតែ​ជា​ប្រធានបទ​ក្តៅ​សម្រាប់​អ្នកនយោបាយ ដោយ​មាន​ការបកស្រាយ​វែកញែក​ផ្សេងៗ​គ្នា​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​សភាពេញអង្គ កាលពី​ពេល​ថ្មីៗ​នេះ បានលើកឡើង​ពី​មូលហេតុ​ចំនួន​៣​ចំណុច ជុំវិញ​ការបាត់បង់​កោះត្រល់ ដោយ​បាន​ផ្សាភ្ជាប់​ជាមួយ​នឹង​សំណួរ​ថា តើ​កោះត្រល់​លែង​ជា​របស់​កម្ពុជា តាំងពី​ពេលណា​?

​កន្លងមក អតីត​មេដឹកនាំ នៃ​អតីត​គណបក្សប្រឆាំង លោក​សម រង្ស៊ី ធ្លាប់​បាន​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា​ជា​អ្នក​កាត់​កោះត្រល់​ទៅ​ឲ្យ​វៀតណាម តាមរយៈ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​១៩៨២ ជា​កិច្ចព្រមព្រៀង​ដែនទឹក​ប្រវត្តិសាស្ត្រ​ដោយ​បោះបង់​សិទ្ធិ​ទៅលើ​កោះត្រល់​។ ការចុះហត្ថលេខា​នេះ ជា​ថ្ងៃ​ដែល​កម្ពុជា​បាត់​កោះត្រល់​យ៉ាង​ពិតប្រាកដ មិនមែន​បាត់​ក្នុងសម័យ​សម្តេច​នរោត្តម សីហនុ នោះទេ​។​

​អ្នកសិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ  លោក​សឺ​ន ស៊ូ​ប៊ែរ ធ្លាប់​បាន​បញ្ជាក់ថា កោះត្រល់​ជា​កោះ​របស់​ខ្មែរ ប៉ុន្តែ​នៅ​សម័យ​អាណានិគម​បារាំង ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល អគ្គទេសាភិបាល​បារាំង បានដាក់​កោះត្រល់ នៅក្រោម​ការគ្រប់គ្រង​រដ្ឋបាល របស់​កូសាំងស៊ីន​។ លោក​បន្តថា នៅ​ឆ្នាំ​១៩៤៩ នៅពេល​ដែល​បារាំង​ផ្ដល់​កូសាំងស៊ីន​ទៅ​អធិរាជ​បាវ​ដាយ ដោយ​មិន​សួរនាំ​រដ្ឋាភិបាល​ខ្មែរ ដោយ​ទាំង​កោះ​ត្រល់​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​មិន​មាន​អ្នកនយោបាយ​ខ្មែ​រណា​ម្នាក់​ទទួល​ស្គាល់​កោះត្រល់​ថា ជា​របស់​វៀតណាម​នោះ​ទេ​។

​កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩​មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន​លោក Previe (​ប្រេវី​យេ​) ជនជាតិ​បារាំង​ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​កោះ​នោះ​ឲ្យ​វៀតណាម​។​

​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​សមុទ្រ លោក​ហុង សុខ​ហូ ធ្លាប់​បាន​បញ្ជាក់ថា រដ្ឋាភិបាល​វៀតណាម​ឆ្លាត​ណាស់ បើ​កោះត្រល់​បាន​ទៅ​វៀតណាម តាំងពី​ឆ្នាំ​១៩៣៩ នោះ ម្ល៉េះ​វៀតណាម​មិន​ចាំបាច់​មក​ចុះហត្ថលេខា​ជាមួយ​លោក​ហ៊ុន សែន ឆ្នាំ​១៩៨២ ទៀត​នោះ​ទេ​។ ហើយ​សន្ធិសញ្ញា​ឆ្នាំ​១៩៨២ នោះ​ក៏​មិន​ស្របច្បាប់​ដែរ ព្រោះ​គ្មាន​ស្ថាប័ន​ណា​ទទួល​ស្គាល់​។ ប៉ុន្តែ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅ​ឆ្នាំ​២០០៥ ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះហត្ថលេខា និង​ដោយ​មាន​ព្រះ​ហស្ថលេខា​របស់​សម្តេច​សីហនុ​ផង​នោះ វា​បាន​ធ្វើឲ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៧៩ ឆ្នាំ​១៩៨២ និង​ឆ្នាំ​១៩៨៥ ទៅ​ជា​ស្របច្បាប់​។​

​យ៉ាងណាមិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ក្នុង​ខែ​តុលា​នេះ បាន​មានប្រសាសន៍​បញ្ជាក់​ជា​ថ្មី​ថា ការបាត់បង់​កោះត្រល់ ដោយសារ​មូលហេតុ​៣​ធំៗ ទី​១​គឺ​ក្នុង​ឆ្នាំ​១៩៣៩ កោះ​ទាំងឡាយ ដែល​ស្ថិតនៅស្តាំ ឬ​ខាងត្បូង​នៃ​ខ្សែបន្ទាត់ Previe (​ប្រេវី​យេ​) រាប់​ទាំង​កោះ​ហ្វ៊ូ​គុក (​កោះត្រល់​)​ផង ត្រូវ​គ្រប់គ្រង​បន្ត​ដោយ​អាជ្ញាធរ​វៀតណាម (​កូសាំងស៊ីន​)​។ ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា កោះត្រល់​កាលពី​សម័យ​នោះ ត្រូវបាន​បារាំង​ហៅ​ឈ្មោះ​ថា ហ្វ៊ូ​គុក រួចទៅហើយ​។​

សំឡេង​

​មូលហេតុ​ទី​២ គឺ​ក្នុង​ឆ្នាំ​១៩៤៩ សភា​បារាំង បាន​សម្រេច​ប្រគល់​កូសាំស៊ីន ទៅ​ឲ្យ​ព្រះ​ចៅ បាវ​ដាយ ហើយ​កាលនោះ​ភាគី​កម្ពុជា បាន​បោះឆ្នោត​អនុបវាទ​លើ​ការសម្រេច​នេះ​។ លោក​ហ៊ុន សែន បាន​បញ្ជាក់បន្ថែម​ថា កាល​នោះ​ប្រសិនបើ​គណៈប្រតិភូ​កម្ពុជា ជា​រូប​លោក មិនមែន​បោះឆ្នោត​អនុបវាទ​សម្រាប់​ប្រទេស​ខ្លួនឯង​នោះ​ទេ គួរ​ណាស់​តែ​បោះឆ្នោត​ប្រឆាំង បើទោះបីជា​ដឹងថា មិន​មាន​ប្រសិទ្ធភាព​ក៏ដោយ​។​

សំឡេង​

​ដោយឡែក ចំពោះ​មូលហេតុ​ទី​៣ គឺ​នៅ​ឆ្នាំ​១៩៦៤ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យក​ខ្សែ​Previe (​ប្រេវី​យេ​)​ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ដោយ​ស្នើ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សា​ម៉ី ទទួលស្គាល់​ព្រំដែន​សមុទ្រ​រវាង​កម្ពុ​ជា និង​វៀតណាម​។ ត្រង់​ចំណុច​នេះ បានបង្ហាញ​ថា កម្ពុជា​បោះបង់​សិទ្ធិ​ទាមទារ​កោះត្រល់​មកវិញ​ហើយ ព្រោះ​ដោយសារ​កោះត្រល់​ស្ថិតនៅ​ខាងត្បូង​នៃ​ខ្សែ Previe (​ប្រេវី​យេ​)​។​

​សំឡេង​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ថា ហេតុអ្វី​បានជា​ត្រូវ​ជេរ និង​វាយប្រហារ​មកលើ​រូប​លោក​ថា ជា​អ្នក​ធ្វើឲ្យ​បាត់បង់​ទឹកដី បាត់​កោះត្រល់ ទាំង​រឿង​ដែល​បាន​កើតឡើង គឺ​នៅ​ពេល​ដែល​រូប​លោក​មិន​ទាន់​កើត និង​មិន​ទាន់​គ្រប់គ្រង​រដ្ឋាភិបាល នៅឡើយ​ផង​នោះ​។​

សំឡេង

​គួរបញ្ជាក់​ថា កោះត្រល់ ស្ថិតនៅ​ចម្ងាយ ៤ គ​.​ម ពី​កោះសេះ និង​ប្រមាណ ១៣ គ​.​ម ពី​ឆ្នេរសមុទ្រ​កម្ពុជា មាន​ផ្ទៃក្រឡា ៥៧៤ គ​.​ម​ការ៉េ​។ នៅលើ​កោះមាន​ប្រជាជន​ប្រមាណ​៥​សែន អ្នក​ក្នុង​នោះ​មាន​ប្រជាជន​ខ្មែរ​ប្រហែលជា ២០០​គ្រួសារ រួមបញ្ចូល​ទាំង​ខ្មែរ​កម្ពុជា​ក្រោម និង​ខ្មែរ​ដែល​មកពី​ខេត្ត​កំពត ក្រៅពី​នោះ​សុទ្ធសឹងតែ​ជា​ប្រជាជន​វៀតណាម​។ នេះ​បើ​យោងតាម ការបញ្ជាក់​នៅក្នុង Wiki Pedia (​វី​គី​ភី​ឌា​)៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនកោះត្រល់

ព័ត៌មានផ្សេងទៀត