លោក​ស៊ី ជីន​ពីង​​ចេញ​ការព្រមាន​​ជាថ្មី​​នឹង​កម្ទេច​​អ្នក​ចង់​​បំបែក​បំបាក់​​ចិន​

14-10-2019 4:54 pm 600

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​កាលពី​ថ្ងៃអាទិត្យ បានចេញ​ការព្រមាន​ជាថ្មី គឺ​ព្រមាន​ដល់​ប្រទេស​ដែលមាន​ចេតនា​ចង់​បំបែក​ទឹកដី​របស់​ចិន​។ និយាយ​ធ្ងន់ៗ​ក្នុង​កិច្ច​ជំនួប​ជាមួយ​នាយករដ្ឋមន្ដ្រី​នេ​ប៉ាល់ លោក​ស៊ី​បញ្ជាក់​ដូច្នេះ​ថា អ្នកណា​ក៏ដោយ​ឲ្យតែ​ចង់​បំបែក​ទឹកដី​របស់​ចិន នឹងត្រូវ​ទទួល​នូវ​ការកម្ទេច​ដោយ​គ្មាន​យោគយល់​។ អ្នក​ដែលមាន​ចេតនា​ចង់​ធ្វើ​ដូច្នេះ នឹងត្រូវ​បញ្ចប់​ដោយ​ការកម្ទេច​សាកសព​បំបែក​ឆ្អឹង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​CCTV​។ 

​ការលើកឡើង​ដូច្នេះ​របស់លោក​ស៊ី ជីន​ពីង ស្របពេល​ប្រទេស​ចិន​កំពុង​ប្រឈម​បញ្ហា​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង​អូសបន្លាយ​អស់​រយៈពេល​ជាង​៤​ខែ​។ ចិន​ត្រូវបាន​គេ​មើលឃើញថា មានបំណង​ចង់​រឹតបន្ដឹង​សិទ្ធិសេរីភាព​ប្រជាជន​នៅ​ហុងកុង ដូច្នេះហើយ​ទើប​ប្រជាជន​នៅ​ទីនោះ​នាំគ្នា​តវ៉ា​យ៉ាង​ភ្លូកទឹកភ្លូកដី រហូត​ផ្ទុះ​ជា​អំពើហិង្សា​បណ្ដាលឲ្យ​មនុស្ស​របួស​ជា​ច្រើននាក់ និង​ចាប់ខ្លួន​រាប់រយ​នាក់​។ ស្ថានភាព​នៅ​ហុងកុង​បច្ចុប្បន្ន​ក៏​កំពុង​វឹកវរ​រក​ច្រកចេញ​មិនឃើញ ខណៈ​ប្រទេស​មួយចំនួន​ដាក់​សម្ពាធ​ឲ្យ​ចិន​ដកចេញ​ការគំរាមកំហែង​នៅ​ហុងកុង​។ ប្រទេស​ចិន​ថ្មីៗ​នេះ​ក៏​កំពុង​រង​ការរិះគន់​ពី​អាមេរិក ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​មូស្លីម​អ៊ុយ​ហ្គួ​រ​ផងដែរ​។​

​យ៉ាងណាក៏ដោយ​អ្វីដែល​លោក​ស៊ី​និយាយ​ពាក់ព័ន្ធ​នឹង​ការ​បំបែក​ប្រទេស​ចិន​នេះ លោក​មិនបាន​សំដៅចំ​ឈ្មោះ​អាមេរិក​ឬ​ប្រទេស​ណា​នោះទេ គ្រាន់តែ​សង្កត់ធ្ងន់ថា​អ្នកណា​ក៏ដោយ​ដែល​គិត​និង​ចង់​ធ្វើ​ដូច្នេះ នឹងត្រូវ​ទទួល​ការបំផ្លាញ​ពី​ប្រជាជន​ចិន​។ ចំណែក​នាយករដ្ឋមន្ដ្រី​នេ​ប៉ាល់​វិញ​បាន​ប្ដេជ្ញា​ជាមួយ​លោក​ស៊ីថា នឹង​ជំទាស់​ដាច់ខាត​សកម្មភាព​ប្រឆាំង​ចិន​។ 

​ចំពោះ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​និយាយថា វា​ពិតជា​លំបាក​ក្នុង​ការចរចា​ជាមួយ​ចិន ប្រសិនបើ​ចិន​ដោះស្រាយ​ការតវ៉ា​នៅ​ហុងកុង​ដោយ​ប្រើ​មធ្យោបាយ​មិនល្អ​។ លោក​ត្រាំ​បាន​ជួបពិភាក្សា​បញ្ហា​នៅ​ហុងកុង​ជាមួយ​ឧបនាយករដ្ឋមន្ដ្រី​ចិន ក្នុងពេល​ភាគី​ទាំងពីរ​ចរចា​បញ្ហា​ពាណិជ្ជកម្ម​ម្ដងទៀត​។ អាមេរិក​-​ចិន​ក៏​ឈានដល់​កិច្ចព្រមព្រៀង​ដំណាក់កាល​ដំបូង ដែល​បង្ហាញ​សុទិដ្ឋិនិយម​ថា​នឹង​អាច​ដោះស្រាយ​បញ្ហា​ជាប់គាំង​បាន ទោះបី​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​៕

ព័ត៌មានផ្សេងទៀត