​លោក​គឹម សន្តិភាព៖​​មិន​ខ្វះ​កន្លែង​ឃុំខ្លួន​អ្នកធ្វើខុសច្បាប់​​ទៅ​គាំទ្រ​លោក​សម រង្ស៊ី​ទេ​​

14-10-2019 4:43 pm 1422

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព កុំឱ្យ​បារម្ភ​ពី​រឿង​ខ្វះ​កន្លែង​ឃុំខ្លួន​ពីព្រោះ​អាជ្ញាធរ​រដ្ឋ​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​មុខសញ្ញា​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ហើយ​។ ការលើកឡើង​បែបនេះ បាន​ឆ្លើយតប​នូវ​អ្វីដែល​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា តើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន មាន​កន្លែង​ឃុំខ្លួន​គ្រប់គ្រាន់​សម្រាប់​ដាក់​អ្នក​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ខាងមុខនេះ​ទេ​? (​សេង បារាំង​)

​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឺ​ដង​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា តើ​មាន​គុក​គ្រប់គ្រាន់​សម្រាប់​ឃុំខ្លួន អ្នក​ដែល​ចេញទៅ​ទទួល​លោក សម រង្ស៊ី អតីត​ប្រធាន​អតីគណ​បក្ស​សង្គ្រោះ​ជាតិ ដែរឬទេ​? នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ដែលជា​ថ្ងៃ​ដែល​លោក សម រង្ស៊ី ប្រកាស​ចូលមក​ប្រទេស​កម្ពុជា​វិញ​។​

​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក​យ៉ាង​ដូច្នេះ​ថា «​រាល់ថ្ងៃនេះ អាជ្ញាធរ​របប​ហ៊ុន សែន ស្វែងរក​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​រូប​ណា ដែល​ហ៊ាន​ប្រកាសថា «​ទៅ​ទទួល សម រង្ស៊ី​»​។ លោក​បន្តទៀតថា​តែ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​កុំឲ្យ​ពួកលោក ហ៊ុន សែន លំបាក​ស្វែងរក យើង​នឹង​ចេញទៅ​ទទួល សម រង្ស៊ី ទាំងអស់គ្នា តើ​លោក ហ៊ុន សែន មាន​គុក​ដាក់​ពួកយើង​ទេ​?

​ឆ្លើយតប​នូវ​អ្វីដែល​បានលើកឡើង​ខាងលើនេះ រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បានលើកឡើង​យ៉ាង​ដូច្នេះ​ថា រាល់​បុគ្គល​ទាំងឡាយណា​ដែល​ចូលរួម​ផ្ដួលរំលំ​រដ្ឋាភិបាល និង​របបរាជានិយម នឹង​ទទួលរង​នូវ​ការអនុវត្ត​ច្បាប់​ពី​សំណាក់​អាជ្ញាធរ ហើយ​លោក​ថែមទាំង​កុំឱ្យ​បារម្ភ​រឿង​កន្លែង​ទុកដាក់​សម្រាប់​ជន​ដែល​ចូលរួម​ប្រព្រឹត្ត​ខុសច្បាប់ ពីព្រោះ​អាជ្ញាធរ​មាន​ភារកិច្ច និង​កាតព្វកិច្ច​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​ជន​ទាំងនោះ​…………

​សំឡេង​លោក​គឹម សន្តិភាព​៖

​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ចូលមក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ចំ​នឹង​ថ្ងៃ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ ហើយ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ ងើបឈរ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផងដែរ​។ តែ​ខាង​ភាគី​រដ្ឋាភិបាល បានចាត់ទុក​ការប្រកាស​វិល​ចូល​ស្រុក​របស់លោក សម រង្ស៊ី និង​បក្សពួក នាពេលនេះ គឺ​មក​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​រំលាយ​របបរាជានិយម​។ 

​លោក ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល បានប្រកាស​ឱ្យ​ទប់ស្កាត់ និង​ត្រៀម​បង្ក្រាប​ក្រុម​លោក សម រង្ស៊ី និង​បក្សពួក ប្រសិនបើ​ហ៊ាន​មក​ជាន់​ទឹកដី​កម្ពុជា​។ ជាមួយគ្នា​នោះ លោក ហ៊ុន សែន ក៏បាន​ព្រមាន​អ្នក​ដែល​ហ៊ាន​ចេញទៅ​ទទួល​លោក សម រង្ស៊ី និង​បក្សពួក និង​ត្រូវ​មានទោស​ផងដែរ​៕

ព័ត៌មានផ្សេងទៀត