ក្រុមឃឺ​ដ​​ព្រមព្រៀង​ជា​មួយ​រដ្ឋាភិបាល​​ស៊ីរី​​ទប់ស្កាត់​​ការវាយ​លុក​​របស់​តួ​ក​គី​

14-10-2019 11:00 am 418

​តាម​ការបញ្ជាក់​ពី​ក្រុមឃឺ​ដ​បានឲ្យដឹងថា រដ្ឋាភិបាល​ស៊ី​រី​បាន​ព្រមព្រៀង​ក្នុង​ការបញ្ជូន​ទ័ព​ទៅកាន់​តំបន់​ភាគ​ខាងជើង​ប្រទេស ដើម្បី​ទប់ស្កាត់​ប្រតិ​បត្ដិកា​រវាយ​លុករប​ស់​កង​ទ័ព​តួ​ក​គី​នៅ​តំបន់​នោះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​បាន​ចុះផ្សាយ​ថា កងទ័ព​រដ្ឋាភិបាល​បាន​ដាក់ពង្រាយ​ទៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ហើយ ដែល​យុទ្ធនាការ​នេះ​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​សម្រេច​ដកទ័ព​ចេញពី​ស៊ី​រី និង​ចន្លោះពេល​ស្ថានការណ៍​កំពុងតែ​គ្មាន​ស្ថិរភាព​។​

​កងទ័ព​តួ​ក​គី​ចាប់ផ្ដើម​ធ្វើ​ប្រតិ​បត្ដិកា​រ​វាយលុកចូល​តំបន់​កាន់កាប់​ដោយ​ក្រុមឃឺ​ដ នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​សប្ដាហ៍​មុន ក្នុង​គោលបំណង​បោសសម្អាត​កងទ័ព​ក្រុមឃឺ​ដ​នៅតាម​ព្រំដែន ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរ​វករ​។ ទីតាំង​ដែល​ក្រុមឃឺ​ដ​កាន់កាប់​បាន​ស្ថិតក្រោម​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​កាលពី​ចុង​សប្ដាហ៍​មុន ដែល​ធ្វើឲ្យ​ជន​ស៊ីវិល​ស្លាប់​ជា​ច្រើននាក់ ហើយ​កងទ័ព​ភាគី​ទាំងពីរ​ក៏មាន​ស្លាប់​រៀងខ្លួន​។ រីឯ​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​ត្រូវ​ជម្លៀស​ខ្លួន​រាប់ម៉ឺន​នាក់ ដើម្បី​គេច​ចេញពី​ការប៉ះទង្គិច​ដោយ​អាវុធ​។​

​បន្ទាប់ពី​មើលឃើញ​ការប្រយុទ្ធ​រីក​រាលដាល​កាន់តែខ្លាំង កងកម្លាំង​ដឹកនាំ​ដោយ​ក្រុមឃឺ​ដ​បាន​ស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​ស៊ី​រី ហើយ​ពួកគេ​និយាយថា​កងទ័ព​រដ្ឋាភិបាល​ស៊ី​រីនឹង​ដាក់ពង្រាយ​តាម​តំបន់​ព្រំដែន​ដែល​ព្រមព្រៀងគ្នា​។ ការ​ដាក់ពង្រាយ​អាចជួយ​គាំទ្រ​ដល់​កងទ័ព​ក្រុមឃឺ​ដ ប្រឆាំងនឹង​ការឈ្លានពានរ​បស់ទ័ព​តួ​ក​គី​។ វា​ក៏​ជា​ប្រតិ​បត្ដិកា​រមួយ​ដើម្បី​រំដោះ​ទីក្រុង​ស្ថិតក្រោម​ការកាន់កាប់រ​បស់​តួ​ក​គី ដូចជា​ទីក្រុង​Afrin​ជាដើម​។​

​តាមពិត​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​និង​ក្រុមឃឺ​ដ​មិនត្រូវ​គ្នា​ទេ​កន្លងមក ហើយ​នៅពេល​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ក្រុមឃឺ​ដ​បានចង​សម្ព័ន្ធមិត្ដ​ជាមួយ​ទ័ព​អាមេរិ​កដែល​បញ្ជូនទៅ​ស៊ី​រី មិនបាន​ចាប់ដៃ​ជាមួយ​រដ្ឋាភិបាល​ទេ​។ ចំពោះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​នៅពេលនេះ បង្ហាញឲ្យឃើញពី​ការផ្លាស់​ប្ដូរដ៏​សំខាន់​មួយ​ក្រោយ​ក្រុមឃឺ​ដ​បាត់បង់​សម្ព័ន្ធមិត្ដ​អាមេរិក ដែល​បាន​ការពារ​ពួកគេ​ជា​យូរ​មកហើយ​នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

​យ៉ាងណាមិញ​សម្រាប់​មេដឹកនាំ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​(SDF)​ឬ​ស្គាល់​ថា​ក្រុមឃឺ​ដ លោក​Mazloum Abdi  ទទួលស្គាល់​វា​អាចជា​ការសម្របសម្រួល​ដែល​ឈឺចាប់ ជាមួយនឹង​រដ្ឋាភិបាល​លោក​អាសាដ​ក៏ដូចជា​សម្ព័ន្ធមិត្ដរ​បស់រដ្ឋាភិបាល​គឺ​ប្រទេស​រុស្ស៊ី​។ លោក​សង្កត់ធ្ងន់ថា​លោក​ក៏​មិន​ទុក​ចិត្ដការសន្យា​នេះដែរ ហើយ​បើ​ចង់​ជឿជាក់​ពិតជា​លំបាក​អ្នក​ដែល​អាច​ទុកចិត្ដបាន​។ ទោះជា​យ៉ាងនេះ​វា​គឺជា​ជម្រើស​តែមួយគត់ ហើយ​បើ​ឲ្យ​ជ្រើសរើ​សរវាង​ការបាត់បង់​តម្លៃ​ជាមួយ​រដ្ឋាភិបាល និង​ការសម្លាប់​ប្រល័យពូជសាសន៍​លើ​ប្រជាជន លោក​សុខចិត្ដ​ជ្រើស​យក​ជីវិត​ប្រជាជនជា​ធំ​។​

​គួរ​បញ្ជាក់ថា សកម្មភាព​វាយលុក​របស់​តួ​ក​គី​ទៅលើ​ក្រុមឃឺ​ដ ត្រូវបាន​បណ្ដា​ប្រទេស​ជាច្រើន​ថ្កោលទោស ក្នុងនោះ​រួមទាំង​លោក​ដូណាល់ ត្រាំ​ក៏​មិន​សប្បាយចិត្ដ​ដែរ​។ លោក​ថា​ដ្បិត​លោក​បញ្ជា​ឲ្យ​ដកទ័ព ប៉ុន្ដែ​លោក​មិនបាន​ព្រមព្រៀង​ឲ្យ​តួ​ក​គី​បើក​ការវាយលុក​ឡើយ​។ ចំណែក​អង្គការសហប្រជាជាតិ​បាន​ស្នើឲ្យ​តួ​កគីពិចារណា​ឡើងវិ​ញ ព្រោះ​ប្រតិ​បត្ដិកា​ររបស់​គេ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ប្រជាជន​ស្លូតត្រង់​៕

ព័ត៌មានផ្សេងទៀត