ព្យុះទីហ្វុងហាជីប៊ីសដែលវាយប្រហារលើប្រទេសជប៉ុន បណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់៣៥នាក់ហើយ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយ។ ក្រៅពីមនុស្សស្លាប់មានបាត់ខ្លួនជាង១០នាក់ទៀត ខណៈប្រជាជនជម្លៀសខ្លួនមានរាប់ពាន់នាក់។ ដោយសារស្ថានភាពរងគ្រោះធ្ងន់ធ្ងរពេក រដ្ឋាភិបាលជប៉ុនបានបញ្ជាឲ្យក្រុមជួយសង្គ្រោះជាង១០ម៉ឺននាក់ចុះធ្វើប្រតិបត្ដិការ ដែលក្នុងនោះមានកងទ័ព៣១,០០០នាក់។
ព្យុះទីហ្វុងដែលត្រូវបានចាត់ទុកជាព្យុះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល៦០ឆ្នាំ ក៏បានបង្កជាទឹកជំនន់ ធ្វើឲ្យបាក់ដី បំផ្លាញផ្ទះសម្បែងប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្ដិជាច្រើនទៀត។ ព្យុះទីហ្វុងហាជីប៊ីសវាយប្រហារលើកោះហុងស៊ូរបស់ជប៉ុនកាលពីយប់ថ្ងៃសៅរ៍ ក្នុងល្បឿនខ្យល់កើនដល់២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ពេលនេះក្រុមជួយសង្គ្រោះនិងអាជ្ញាធរកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីជួយសង្គ្រោះប្រជាជននិងដោះស្រាយបញ្ហាកំពុងកើតឡើង៕