អ្នកនាំ​ពាក្យ​​អាវុធហត្ថបដិសេធព័ត៌​មាន​លោក​សៅ សុខា ផ្ដាច់​​ចូលរដ្ឋាភិបាល​ជាតិ​ខ្មែរ​និរទេស​​​

14-10-2019 7:04 am 975

លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ បានប្រកាសបដិសេធ ថា លោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកនាយឧត្តមសេនីយ៍ គឹម ប៊ុន ថាន អគ្គមេបញ្ជាការរង ទទួលបន្ទុកការពារព្រំដែន មិនបានផ្តាច់ខ្លួនចូលរដ្ឋាភិបាលជាតិខ្មែរនិរទេស ដឹកនាំដោយលោកសម សេរីនោះទេ។ ការចេញមុខមកបដិសេធដូចនេះ បន្ទាប់ពីមានគណនីឈ្មោះSom Sovon នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ថា “ថ្ងៃនេះមេបញ្ជាការពីរូបទៀតហើយ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង ទទួលបន្ទុកការពារព្រំដែន បានផ្តាច់ខ្លួនចូលរដ្ឋាភិបាលជាតិខ្មែរនិរទេស ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីសម សេរី”។

ទាក់ទងនឹងការបង្ហោះនេះ លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបដិសេធ និងថ្កោលទោសជាឱឡារិត ចំពោះម្ចាស់គណនីឈ្មោះ Som Sovon ដែលបានបង្ហោះនូវព័ត៌មាន ក្លែងក្លាយ ប្រឌិត មូលបង្កាច់ ញុះញង់ ក្នុងន័យបំបែកបំបាក់សាមគ្គី ឯកភាពផ្ទៃក្នុងកងទ័ព។ ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ត្រីអេង ហ៊ី ក៏បានប្រកាសផងដែរ ថា”កងរាជអាវុធហត្ថ នឹងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសនេះ ជាដាច់ខាត”៕

 

ព័ត៌មានផ្សេងទៀត