ព្យុះ​Hagibis៖​ជប៉ុន​ពង្រាយ​ទ័ព​ ​ក្រុម​សង្គ្រោះ​រាប់ម៉ឺន​នាក់ខណៈ​​អ្នកស្លាប់​កើនឡើង​

13-10-2019 4:36 pm 456

«​រដ្ឋាភិបាល​នឹង​ខំប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ហើយ​ប្រសិនបើ​មិនទាន់​គ្រប់គ្រាន់ នឹង​បញ្ចេញ​ទ័ព​បន្ថែម​បើ​ចាំបាច់​»​។ នេះ​ជា​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ជប៉ុន​លោក​Shinzo Abe បន្ទាប់ពី​រដ្ឋាភិបាល​រៀបចំ​កងទ័ព​២៧,០០០​នាក់​និង​បុគ្គលិក​ផ្នែក​សង្គ្រោះ​ជាច្រើន​នាក់​ទៀត ដើម្បី​ដាក់ពង្រាយ​នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ បន្ទាប់ពី​ព្យុះ​ទី​ហ្វុង​Hagibis​វាយប្រហារ​ប្រទេស​ជប៉ុន​។ រដ្ឋាភិបាល​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​សង្គ្រោះ​រួមមាន​ការប្រើ​ឧទ្ធម្ភាគចក្រ និង​ទូក​ដើម្ប​រំដោះ​មនុស្ស​ដែលជាប់​នៅលើ​ដំបូលផ្ទះឬ​អាគារ ដោយសារតែ​ជំនន់​ទឹកភ្លៀង​។​

​ព្យុះ​ទី​ហ្វុង​Hagibis​បាន​វាយប្រហារ​តំបន់​ភាគខាងត្បូង​ទីក្រុង​តូ​ខ្យូ​កាលពី​ថ្ងៃ​សៅរ៍ បង្កឲ្យមាន​ការបាក់ដី មុន និង​ផ្លាស់​ទី​ទៅ​ភាគ​ខាងជើង នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​យ៉ាង​ធ្ងន់​ធរ​។ ព្យុះសង្ឃរា​កំណាច​នេះ បាន​ផ្តាច់​យក​ជីវិត​មនុស្ស​១៨​នាក់​ហើយ និង​បាត់​ខ្លួន​១៣​នាក់​។ អ្នកស្លាប់​ភាគច្រើន បាន​កប់​នៅក្នុង​ដី​ដែល​បាក់ ឬ​ត្រូវស្លាប់​នៅក្នុង​ទឹកជំនន់ ខណៈ​ភ្លៀង​បាន​គ្របដណ្តប់​លើ​តំបន់​ជាច្រើន នៅក្នុង​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ​។ ខ្សែ​រថភ្លើង​ល្បើន​លឿនដ៏​ល្បីល្បាញ​របស់​ជប៉ុន ត្រូវ​រុំ​ព័ទ្ធ​ដោយ​ជំនន់​ទឹកភ្លៀង មិនអាច​ដំណើរការ​បានឡើយ​។ ដោយឡែក ផ្ទះ​ជិត​១៥០ ០០០​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ នៅពេល​ព្យុះ​ដ៏​ធំ បាន​ខិតជិត​មកដល់ ប្រជាជន​ជាង ៧ លាន​នាក់​ត្រូវបាន​គេ​ជម្រុញ ឲ្យ​ចាក​ចេញពីផ្ទះ​របស់​ពួកគេ ប៉ុន្តែ​មាន​មនុស្ស​តែ ៥ ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​បានមក​ស្នាក់នៅ​ក្នុង​ជំរក​បណ្តោះអាសន្ន​។​

​ព្យុះ​ទី​ហ្វុង​បាន​គំរាមកំហែង​យ៉ាងខ្លាំង លើ​រដ្ឋរាជធានី​របស់​ជប៉ុន ដោយមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំងបំផុត​មិន​ធ្លាប់មាន​រយៈពេល​៦០​ឆ្នាំ​។ នៅ​ថ្ងៃអាទិត្យ​នេះ ព្យុះ Hagibis​បាន​ចុះ​ខ្សោយកម្លាំង​បោកបក់​នៅ​លើដី និង​ត្រូវគេ​រំពឹងថា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​សមុទ្រ​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល ក្រោយពី​ប្តូរ​ទិស​បោកបក់​ឆ្ពោះទៅកាន់​កោះ Hokkaido ភាគ​ខាងជើង​។ ព្យុះ​នេះ​វាយប្រហារ​បន្ទាប់ពី​ព្យុះ​ទី​ហ្វុងហ្វា​ហ្សៃ បាន​វាយប្រហារ​ប្រទេស​ជប៉ុន​កាលពី​ខែ​មុន បំផ្លាញ​ផ្ទះ​ប្រជាជន​ជាង​៣​ម៉ឺន​ខ្នង ហើយ​ខ្នង​ផ្ទះ​ភាគច្រើន​នៅ​មិនទាន់បាន​ជួសជុល​រួចរាល់​នៅឡើយ​ផង ជប៉ុន​បាន​ជួប​គ្រោះមហន្តរាយ​ខ្យល់ព្យុះ​មួយទៀត​៕

 ពាក្យគន្លឹះ  ប្រទេសជប៉ុនព្យុះ​Hagibis

ព័ត៌មានផ្សេងទៀត