គណបក្ស​មូលដ្ឋាន​ថា​ការដោះលែង​​លោក​កឹម សុខា​ ជា​កត្តា​ចម្បង​​​​ដើម្បី​រក្សា​EBA​

13-10-2019 11:33 am 1867

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មើលឃើញថា ការ​ព្យួរ ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹងមិន​ផ្តល់​អត្ថប្រយោជន៍​ដល់​នរណា​ឡើយ មិន​ថា​ប្រជាពលរដ្ឋ​កម្ពុជា រាជរដ្ឋាភិបាល ឬ​សហភាព​អឺរ៉ុប​ទេ​។ ប៉ុន្តែ​ការរក្សាបាន​នូវ​EBA ទើប​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ​រាប់លាន​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។ 

​សារ​ខ្លី​មួយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​Facebook​ផ្លូវការ​របស់ខ្លួន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​និយាយថា «​លើកលែង​លោក​សម រង្ស៊ី​ចេញ ការ​ព្យួរ ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹងមិន​ផ្តល់​អត្ថប្រយោជន៍​ដល់​នរណា​ឡើយ មិន​ថា​ប្រជាពលរដ្ឋ​កម្ពុជា រាជរដ្ឋាភិបាល ឬ​សហភាព​អឺរ៉ុប​ទេ​»​។ គណបក្ស​នេះ បង្ហាញ​នូវ​សេណារីយោ​មួយ​ថា មានតែ​ការដោះលែង​លោក​កឹម សុខា ទេ ទើប​ជា​កត្តា​ចម្បង​ក្នុង​ការរក្សាបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​​។​

​នេះ មិនមែនជា​លើក​ទី​១​ទេ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​តែងតែ​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា ដើម្បីឲ្យ​កម្ពុជា​រក្សាបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​បញ្ចៀស​បញ្ហា​ផ្សេងៗ ទៀត ដែល​សហគមន៍​អន្តរជាតិ​គ្រោង​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៃ​ក្រុម​លោក​យ៉េង វីរៈ និង​លោក​យ៉ង សាំង​កុមារ ដែល​ធ្លាប់មាន​សម្ព័ន្ធភាព​ស្និទ្ធ​នឹង​លោក​កឹម សុខា តែង​ជំរុញឲ្យមាន​ការចរ​ចា​ស្វែងរក​ដំណោះស្រាយ ជាពិសេស​ត្រូវ​ដោះលែង​លោក​កឹម សុខា ដែល​នេះ ជា​ចំណុច​សំខាន់​នៃការ​ពង្រឹង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ នៅ​កម្ពុជា​។​

​លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន កាលពី​រំលង​អាធា​ត្រ​ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៧ ក្រោម​ការចោទប្រកាន់​ពីបទ «​ក្បត់ជាតិ​» ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ ​របស់លោក កាលពី​ឆ្នាំ ២០១៣ នៅ​ប្រទេស អូស្ត្រាលី ដែលថា លោក​បានទទួល​ដំបូន្មាន​ពី​សហរដ្ឋអាមេរិក​ ក្នុង​ការធ្វើ​នយោបាយ​។ ក្រោយ​ជាប់ចោទ​ពីបទ​ក្បត់ជាតិ គណបក្ស​របស់លោក​ ក៏ត្រូវបាន​តុលាការ​កំពូល​រំលាយ កាលពី​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧​។ កាលពី​ខែ កញ្ញា ២០១៨ តុលាការ​បាន​ដោះលែង​លោក​ឲ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ​។​

​ជា​ការកត់សម្គាល់ បញ្ហា​EBA​សម្រាប់​កម្ពុជា កំពុង​ត្រូវបាន​ទន្ទឹងរង់ចាំ នៃ​កម្មករ​រាប់ម៉ឺន​នាក់ និង​ក្រុមគ្រួសារ​រាប់លាន​នាក់ ឯ​ពេលវេលា​នៃ​ការសម្រេច​ថា​ដក ឬ​ទុក​នៅ​បន្ត កាន់តែ​ខ្លី​។ សមាគម​ក្រុមហ៊ុនកាត់ដេរ និង​ក្រុម​សហជីព បានស្នើ​ទៅ​អឺរ៉ុប ឱ្យ​រក្សា EBA​។ គ្រប់ភាគី​ពាក់ព័ន្ធ​បានបង្ហាញ ពី​ការ​គិតដល់​ផលប្រយោជន៍​នៃ​ការអនុគ្រោះ​ពន្ធ EBA និង​បំណង​ចង់​រក្សាទុក​។ ដូច្នេះហើយ ទើប​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន យល់ថា ការដោះលែង​លោក​កឹម សុខា ឲ្យមាន​សេរីភាព​ពេញលេ​ញវិញ ជា​ផ្នែក​សំខាន ​នៃ​ដំណោះស្រាយ ដើម្បី​រក្សា​ការអនុគ្រោះ​ពន្ធ EBA ៕

ព័ត៌មានផ្សេងទៀត