អាមេរិក​បញ្ជូន​​ក​ម្លាំង​បន្ថែម​​ទៅ​អា​រ៉ាប៊ីសាអូឌីត​​ជុំវិញ​​ការគំរាម​ពី​អ៊ីរ៉ង់​

12-10-2019 3:07 pm 338
  ស្តាប់
រូបភាព​​​​កងកម្លាំង​អាមេរិក
ស្តាប់ជាសំឡេង

​មន្ទីរ​បញ្ច​កោណ​អាមេរិក​បានប្រកាស​កាល​ពីថ្ងៃ​សុក្រ​ថា ខ្លួន​កំពុង​ពង្រឹងកម្លាំង​បន្ថែម​នៅ​អា​រ៉ាប៊ីសាអូឌីត បន្ទាប់ពី​ទីក្រុង​រី​យ៉ាដ​បាន​ស្នើសុំ ក្រោយ​មាន​ហេតុការណ៍​វាយប្រហារ លើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ដែល​អាមេរិក​បន្ទោស​យ៉ាងខ្លាំង​លើ​អ៊ីរ៉ង់​។ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាមេរិក​លោក​Mark Esper​បាន​និយាយថា នាវាចម្បាំង​ចំនួន​ពីរ​គ្រឿង​និង​អាគុយ​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។ សម្រាប់​កងទ័ព​ថ្មី​មាន​សរុប​ប្រមាណ​៣​ពាន់​នាក់​ថែមទៀត ដែល​បាន​បញ្ជូនទៅ​តាំងពី​ខែកញ្ញា​ឆ្នាំនេះ​។ 

​សកម្មភាព​របស់​អាមេរិក​នៅពេលនេះ ធ្វើឡើង​នៅពេល​ផ្ទុះ​ភាព​តានតឹង​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ទីក្រុង​តេ​រ៉ង់​របស់​អ៊ីរ៉ង់​បាន​និយាយថា មាន​មី​ស៊ី​ល​គួរឲ្យ​សង្ស័យ​ចំនួន​ពីរ​គ្រាប់ បាន​វាយប្រហារ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​នៅក្នុង​សមុទ្រ​ក្រហម ក្បែរ​កំពង់ផែ​របស់​អា​រ៉ាប៊ីសាអូឌីត​។ ការវាយប្រហារ​នេះ​អ៊ីរ៉ង់​មិនបាន​បន្ទោស​អា​រ៉ាប៊ីសាអូឌីត​ទេ ហើយ​សហរដ្ឋអាមេរិក​ក៏​ពុំទាន់​មាន​ការពន្យល់​អ្វី​ភ្លាមៗ​ដែរ​។​

​លោក​Esper​បាន​បញ្ជាក់ថា ចាប់តាំងពី​ខែឧសភា​អាមេរិក​បាន​បង្កើន​វត្ដ​មាន​កងទ័ព​នៅ​មជ្ឈិមបូព៌ា ដល់​ចំនួន​៧០,០០០​នាក់​ហើយ ក្នុងនោះ​ភាគច្រើន​ដាក់ពង្រាយ​នៅ​តំបន់​ឈូង​សមុទ្រ ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​អ៊ីរ៉ង់​។ លោក​បន្ថែមថា​សហរដ្ឋ​អាមេរិក​បានប្រកាសឲ្យ​អង្គភាព​កងទ័ពជើងទឹ​ក ទ័ព​ម៉ា​រី​ន កងកម្លាំង​ជើង​អាកាស និង​កងទ័ព​បន្ថែម​ទាំងអស់​ប្រចាំការ​ក្នុង​តំបន់​នោះ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ជានិច្ច​។ លោក​ក៏បាន​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ដ​អាមេរិកនៅ​អឺរ៉ុប អនុវត្ដ​តាម​ការដឹកនាំ​របស់​អា​មេ​រិកជាមួយ​សមត្ថភាព​ការពារជាតិ​របស់គេ ដើម្បី​រក្សា​ស្ថិរភាព​នៅក្នុង​តំបន់​៕

ព័ត៌មានផ្សេងទៀត