កម្ពុជា វៀតណាម ថៃ និង​ឡាវ​​ជជែក​ពី​ផលប៉ះពាល់​​ទំនប់​អគ្គិសនី​​ហ្លួងព្រះបាង​ក្រោម​​

12-10-2019 11:46 am 149
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​នៃ​ភាគី​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ JCWG on PNPCA កម្ពុជា សម្រាប់​ការពិគ្រោះ​យោបល់​ជាមុន​លើ​សំណើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី ហ្លួង​ប្រា​បា​ង ដោយមាន​ការចូលរួម​ពី​ក្រុមការងារ JCWG on PNPCA for LPHPP PC នៃ​ប្រទេស​ជា​សមាជិក គណៈកម្មការ​ទន្លេមេគង្គ និង​មន្ត្រី​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេមេគង្គ​។​

​ការពិភាក្សា​លើ​សំណើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ហ្លួង​ប្រា​បា​ង ផ្តោតទៅលើ​វិស័យ​សំខាន់ៗ​ចំនួន​០៧​គឺ​៖ ១) ជល​សាស្ត្រ និង​កម្លាំង​ទឹក (Hydrology and Hydraulics) ២) កំណក​កករ និង​រូបសាស្ត្រ​ទន្លេ (Sediment & Morphology) ៣) គុណភាព​ទឹក សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី​ជល​សាស្ត្រ និង​រំហូរ​បរិស្ថាន (Water quality, aquatic ecosystem health & environment flow) ៤) ជលផល ៥) សុវត្ថិភាព​ទំនប់ ៦) នាវាចរណ៍ និង ៧) ផលប៉ះពាល់​សេដ្ឋកិច្ច​-​សង្គម ឆ្លងដែន (Transboundary socio-economic impact) មុននឹង​អនុញ្ញាតឲ្យ​មាន​ការសា​ង​សង់​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។​

​ជា​ការពិភាក្សា​ធ្វើឡើង​កាលពី​ថ្ងៃទី​៨ តុលា បើទោះជា​មាន​ការរិះគន់​ពី​ក្រុម​អ្នកការពារ​បរិស្ថាន ក្រុមមន្ត្រី​នៃ​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ចំនួន​បួន កម្ពុជា វៀតណាម ថៃ និង​ឡាវ ថា ទំនប់​នេះ​នឹង​បង្ក​ឲ្យ​ទន្លេមេគង្គ​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែមទៀត​ក៏ដោយ​។ តែ​ការពិភាក្សា​នេះ ជា​ការចាប់ផ្ដើម​ពិភាក្សា​ជំហាន​ដំបូង​ដើម្បី​វាយតម្លៃ​លើ​លទ្ធភាព​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង នៅក្នុង​ប្រទេស​ឡាវ​។​

​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង ដែល​នឹង​សង់​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១៣៧២​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ប្រទេស​កម្ពុជា និង​ឡាវ​។​

​តែបើ​តាម​លោក​គល់ វឌ្ឍនា ថា​មិនទាន់​អាច​បញ្ជាក់​ពី​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​ហ្លួងព្រះបាង​នេះ​បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​សន្យាថា នឹង​រក​វិធី​កាត់បន្ថយ​ឲ្យដល់​កម្រិតអ​ប្ប​បរមានូវ​ផលប៉ះពាល់ មក​ខ្សែទឹក​ខាងក្រោម​។ 

​កន្លងមក អង្គការ​សម្ព័ន្ធ​សង្គ្រោះ​ទន្លេមេគង្គ ឬ Save the Mekong Coalition បាន​អំពាវនាវ​ឲ្យ​លុបចោល​គម្រោង​សាងសង់​ទំនប់​ហ្លួងព្រះបាង និង​ទំនប់​ផ្សេងៗ​ទៀត​ដែល​បានគ្រោង​នឹង​សង់​លើ​ដង​ទន្លេ​មេ​ទន្លេមេគង្គ ដោយ​អង្គការ​ការពារ​បរិស្ថាន​អន្តរជាតិ​មួយ​នេះ លើកឡើងថា​ទន្លេមេគង្គ​កំពុង​ជួប​វិបត្តិ ដែល​មិន​តម្រូវឲ្យមាន​ការសង់​បន្ថែម​ទំនប់​ទៀត​នោះទេ ដោយ​គូសបញ្ជាក់ថា ការប្រែប្រួល​អាកាសធាតុ និង​ទំនប់​ធំៗ​នៅលើ​តួ​មេ​ទន្លេមេគង្គ ហើយ​និង​ដៃទន្លេ​នេះ បានធ្វើឲ្យ​ពិបាក​ធ្វើការ​ទស្សន៍ទាយ​ពីលំ​ហូរ និង​កម្រិត​ទឹក​។ ទំនប់​វា​រី​អគ្គិសនី បាន​បង្កឲ្យមាន​ផលប៉ះពាល់​កាន់តែ​អាក្រក់​ឡើង​ទៅលើ​ទន្លេ និង​ប្រជាជន​។ ទំនប់​ធំៗ ដែល​គ្រោង​សង់​លើ​ដង​ទន្លេ​មេ​ទន្លេមេគង្គ​គឺជា​ការ​បង្កហេតុ​ដ៏​ចម្បង និង​មិនបាន​ឆ្លើយតប​ទៅនឹង​វិបត្តិ​ទន្លេមេគង្គ​នោះទេ​៕

ព័ត៌មានផ្សេងទៀត