លោក​ថោង​ ខុន​ អំពាវនាវ​ធុរជន​​ក្នុង​ពិព័រណ៍​CTM ២០១៩​បន្ត​ចូលរួម​ព្រឹត្តិការណ៍​កម្ពុជា

12-10-2019 10:48 am 90
  ស្តាប់
ស្តាប់ជាសំឡេង

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​ធុរជន​ក្នុង​វិស័យ​ទេសចរណ៍ ដែល​បាន​ចូលរួម​ក្នុង​ពិព័រណ៍ CTM ឆ្នាំ​២០១៩​នេះ បន្ត​ចូលរួម​ព្រឹត្តិការណ៍​ទេសចរណ៍​នានា​ជាច្រើន​ទៀត ដែល​កម្ពុជា​នឹង​ប្រារព្ធ​ឡើងជា​បន្តបន្ទាប់​នាពេលខាងមុខ​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុង​ពិធី​លៀង​សាយ​ភោជន៍ ក្រោយ​ការ​បើកសម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​៣ (CTM-2019) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​រាត្រី​ថ្ងៃទី​១១ ខែតុលា​។​

​នៅក្នុង​ពិធី​នោះដែរ លោក​ថោង ខុន បាន​លើកឡើងថា នៅពេល​ខាងមុខនេះ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ដូចជា​ពិធី​បុណ្យុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែលជា​បុណ្យប្រពៃណី​ជាតិខ្មែរ​ដ៏​ធំ​មួយ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ នៅ​ខេត្តកំពត ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ នៅ​ខេត្តក្រចេះ ពិធីបុណ្យ​កោង​កាង​នៅ​សហគមន៍​ពាម​ក្រសោប ខេត្ត​កោះកុង ព្រឹត្តិការណ៍​កីឡា​ពាក់កណ្តាល Maraton ការប្រណាំង​កង់​អន្តរ និង​រត់ប្រណាំង​ប្រវត្តិសាស្ត្រ​លើ​ភ្នំ​ដងរែក​ជាដើម ។​

​លោក​រដ្ឋមន្ត្រី​បន្តថា កម្ពុជា​មាន​មរតក​វប្បធម៌​ដ៏​សម្បូរបែប ជាពិសេស​តំបន់​ប្រាសាទ​នានា​ជា​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ UNESCO ជា​ផលិតផល​ដ៏​ពិសិដ្ឋ ព្រមជាមួយ​ធនធានធម្មជាតិ ដែល​ភាព​ទាក់ទាញ​ទេសចរ​មកពី​ជុំវិញ​ពិភពលោក​។ លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​ទេសចរណ៍ កំពុង​ខិតខំ​បន្ថែមទៀត ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ផ​លលិត​ផល​ទេសចរណ៍ នៅតាម​គោលដៅ​សំខាន់ៗ​ផ្សេងៗ ទាំង​នូវតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ពិសេស​តំបន់ឆ្នេរ ច្រករបៀង​ភាគខាងត្បូង និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ភូមិភាគ​ឦសាន និង​ភូមិភាគ​និរតី​ដែលមាន​ព្រៃកោងកាង​ដ៏​ស្រស់បំព្រង​និង​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។​

​ជាការ​ពិតណាស់ ការអំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​ខាងលើនេះ គឺ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា និង​ព្រឹត្តិការណ៍​សំខាន់ៗ​ដូចខាងលើ ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​គ្រប់​ទីផ្សារ រួមទាំង​បន្ត​វិនិយោគ និង​ធ្វើ​ពាណិជ​កម្ម​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់​មាន​ឧត្តមភាព​លើ​ឆាក​អន្តរជាតិ​នា​ពេលអនាគត​៕

ព័ត៌មានផ្សេងទៀត