មនុស្ស​​ជម្លៀស​ខ្លួន​​នៅ​ស៊ី​រី​​កើន​ដល់​១​សែន​​នាក់​​ខណៈ​តួ​ក​គី​​កំពុង​បន្ដ​វាយលុក​

12-10-2019 9:39 am 209

​មនុស្ស​ជម្លៀស​ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី កើនឡើង​ដល់​ប្រមាណ​១០​ម៉ឺន​នាក់​ហើយ​។ ការជម្លៀស​ខ្លួន​នេះ​ជា​លទ្ធផល​ក្រោយពេល​កងទ័ព​តួ​ក​គី ចូល​វាយប្រហារ​លើ​តំបន់​ដែល​ក្រុម​ជីវពល​ឃឺ​ដ​កាន់កាប់​នៅក្នុង​ប្រទេស​ស៊ី​រី​។ ក្រុមឃឺ​ដត្រូវបាន​តួ​កគីចាត់ទុក​ជា​ក្រុមភេ​រវករ ដូច្នេះ​ត្រូវតែ​បោសសម្អាត​ពួកគេ​ចេញ​។ កាល​កងទ័ព​អាមេរិក​មិនទាន់​ដក​ចេញពី​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី តួ​ក​គី​ពុំទាន់​មាន​សកម្មភាព​អ្វី​គួរឲ្យ​កត់សម្គាល់ឡើយ ជុំវិញ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​លើ​ក្រុមឃឺ​ដ​នេះ ដោយសារ​នៅ​ទើសទាល់​នឹង​សហរដ្ឋអាមេរិក​។ ប៉ុន្ដែ​ក្រោយពេល​អាមេរិក​ដកទ័ព​ចេញ​ភ្លាម តួ​ក​គី​បានដៃ​តែម្ដង​ហើយ​ដូចជា​ការបើកផ្លូវ​មួយ​ឲ្យ​តួ​ក​គី​ដូច្នេះ​ដែរ​។ 

​យ៉ាងណាមិញ​សម្រាប់​លោក​ដូណាល់ ត្រាំ លោក​ធ្លាប់​ប្រកាស​បដិសេធ លោក​មិន​បាន​អនុញ្ញាតឲ្យ​តួក​គី​ធ្វើ​ប្រតិ​បត្ដិកា​រ​ទៅលើ​ក្រុមឃឺ​ដ​ទេ ហើយ​លោក​ក៏​មិន​គាំទ្រ​ទង្វើ​នេះដែរ​។ លោក​ថែមទាំង​ព្រមាន​ដល់​តួ​ក​គី​បើ​ធ្វើ​អ្វី​ហួស​ព្រំដែន លោក​នឹង​ចាត់វិធានការ​សេដ្ឋកិច្ច​លើ​តួ​ក​គី​។ ចំណែក​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​វិញ​បានប្រកាស​ដែរថា តួ​ក​គី​មាន​សិទ្ធិ​ព្រួយបារម្ភ​ពី​បញ្ហា​ភេរវកម្ម​នៅ​ភាគខាងត្បូង​ប្រទេស​របស់គេ ហើយ​រឿង​វាយលុក​នៅ​ស៊ី​រី​ក៏​ជា​គំនិត​របស់​តួ​ក​គី គ្មាន​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក​ដាច់ខាត​។ ក្រៅពី​អាមេរិក​មាន​បណ្ដា​ប្រទេស​ជាច្រើន​នាំគ្នា​ថ្កោលទោស​សកម្មភាព​តួ​ក​គី រួមទាំង​អង្គការសហប្រជាជាតិ​ក៏​ទទូច​ឲ្យ​តួ​ក​គី​ពិចារណា​ឡើងវិញ​។​

​ទោះបីជា​នរណា​និយាយ​អ្វី​ក៏​តួ​ក​គី​មិន​ខ្វល់ សំខាន់​គឺ​តួ​ក​គី​មាន​ផែនការ​ខ្លួនឯង​ច្បាស់លាស់​។ តួ​ក​គី​ចង់​បោសសម្អាត​ក្រុមឃឺ​ដហើយ​យកទី​តាំងរប​ស់​ពួកគេ​កាន់កាប់​ធ្វើជា​តំបន់​សុវត្ថិភាព និង​ធ្វើជា​ផ្ទះ​សម្រាប់​ក្រុម​ជនភៀសខ្លួន​ស៊ី​រី​។ ប្រតិ​បត្ដិកា​ររបស់​តួក​គី​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ជន​ស៊ីវិល​ជាង​១០​នាក់​ស្លាប់​និង​របួស​ជិត​៣០​នាក់​។ ចំណែក​អ្នក​ដែល​ជម្លៀស​ខ្លួន​ពួកគេ​បាន​ទៅ​ស្នាក់នៅ​ក្នុង​សាលារៀន ឬក៏​អគារ​ផ្សេងៗ​នៅក្នុង​ទីក្រុង​Hassakeh​និង​ទីក្រុង​Tal Tamer​។ នេះ​បើតាម​ការបញ្ជាក់​ពី​អង្គការសហប្រជាជាតិ​។ អង្គការ​មនុស្សធ៌​ចំនួន​១៤​ទៀត​បាន​ព្រមាន​ថា ប្រជាជន​ជម្លៀស​ខ្លួន​អាច​កើន​រហូតដល់​៤៥​ម៉ឺន​នាក់​។ 

​សូមបញ្ជាក់ថា តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ភាគច្រើន​ស្ថិត​ក្រៅ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល ដោយសារតែ​សង្គ្រាមស៊ីវិល​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​២០១១​។ តំបន់​ទាំងនោះ​ក៏​ចាប់ផ្ដើម​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​(SDF)​ឬ​ក្រុមឃឺ​ដ​ចាប់តាំងពី​ឆ្នាំ​២០១៥​។ កងកម្លាំង​SDF​ក៏​ជា​សម្ព័ន្ធមិត្ដដ៏​សំខាន់មួ​យរបស់​អាមេ​រិក ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី ប៉ុន្ដែ​តួ​ក​គី​ចាត់ទុក​ក្រុមឃឺ​ដ​ជា​កងជីវពល​កងក​ម្លាំង​SDF ជា​ក្រុម​ភេរ​វករ​ដែល​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​តួ​ក​គី​៕

ព័ត៌មានផ្សេងទៀត