លោក​អ៊ិត សំហេង សាទរ​ការបង្កើត​សមាគម​សភា​ពាណិជ្ជកម្ម​ចិន​នៅ​ព្រះសីហនុ​

11-10-2019 9:46 pm 119
  ស្តាប់
ស្តាប់ជាសំឡេង

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​សមាគម​សភា​ពាណិជ្ជកម្ម​ចិន​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ម្សិលមិញ​បាន​ថ្លែងថា ការបង្កើត​នូវ​សមាគម​សភាពាណិជ្ជកម្ម​ចិន​នៅ​ខេត្ត​ព្រះសីហនុ  នឹង​កាន់តែ​ជួយ​ជំរុញ​វិនិយោគគិន​ចិន ងាយស្រួល​ថែមទៀត​ក្នុង​ការពង្រីក​ទំនាក់ទំនង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា...

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ថ្លែងថា ការបង្កើត​សមាគម​សភា​ពាណិជ្ជកម្ម​ចិន នៅ​ខេត្ត​ព្រះសីហនុ នឹង​កាន់តែ​ជួយ​ជំរុញ​ពាណិជ្ជករ​និង​វិនិយោគិន​ចិន ឱ្យ​ងាយស្រួល​ថែមទៀត​ក្នុង​ការពង្រីក​ទំនាក់ទំនង​ធ្វើ​ពាណិជ្ជកម្ម តាមរយៈ​ការបង្កើត​នូវ​យន្តការ​សម្រាប់​ផ្លាស់ប្តូរ​ព័ត៌មាន​ទៅវិញទៅមក អំពី​បរិយាកាស​ធុរកិច្ច និង​សក្តានុពល​ក្នុង​ការវិនិយោគ ។​

​ក្នុង​ពិធី​សម្ពោធ​សមាគម​សភា​ពាណិជ្ជកម្ម​ចិន​នៅ​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែតុលា លោក អ៊ិត សំហេង ក៏​ថ្លែង​អរគុណ និង​កោតសរសើរ​ចំពោះ​អ្នកវិនិយោគ​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ជ្រើសរើស​កម្ពុជា ជាទី​តាំង​បណ្តាក់ទុន​វិនិយោគ ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា កត្តា​នេះ គឺ​ជាទឡី​ក​រណ៍​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ជំនឿ​ទុក​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​វិនិយោគិន​ចិន ទៅ​លើ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែល​ធានាបាន​នូវ​បរិយាកាស​វិនិយោគ ពាណិជ្ជកម្ម ស្ថិរភាព​នយោបាយ​និង​កំណើនសេដ្ឋកិច្ច ។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិន​ធាន ថ្លែងថា ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ បាន​បង្កើត​និង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិកា​រដល់​កម្រិត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​តាមរយៈ​នេះ ក៏​បាន​បន្ត​លើកទឹកចិត្ត​និង​ជំរុញ​ដល់​ពាណិជ្ជករ​និង​វិនិយោគិន​ចិន មក​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​របស់​ចិន និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត