ក្រុមហ៊ុន​​Hyundai​និង​Kia​​ត្រៀម​៧៦០​លាន​​ដុល្លារ​​ទុក​ដោះស្រាយ​​បញ្ហា​នៅ​អាមេរិក​

11-10-2019 5:47 pm 146
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​​​Hyundai​និង​Kia

​ក្រុមហ៊ុន​ផលិត​រថយន្ដ​យក្ស​របស់​កូរ៉េខាងត្បូង​Hyundai Motor Co​និង​Kia Motors Corp បាន​ត្រៀម​ប្រាក់​ចំនួន​៩០០​ពាន់​លាន​វ៉ុន ស្មើនឹង​ប្រមាណ​៧៥៧.៨៦​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ជួប​នៅ​សហរដ្ឋអាមេរិក​។ បញ្ហា​ទាំងនោះ​មាន​បណ្ដឹង​ទាក់ទង​នឹង​ក្រុមហ៊ុន រួមទាំង​ការជួសជុល​ឡើងវិញ​នូវ​រថយន្ដ​ដែល​ជួប​បញ្ហា​គ្រឿង​ម៉ាស៊ីន​ផងដែរ​។​

​ក្រុមហ៊ុន​Hyundai Motor​នឹង​ត្រៀម​ទឹកប្រាក់​ចំនួន​៦០០​ពាន់​លាន​វ៉ុន ដើម្បី​ទុក​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​គ្រឿង​ម៉ាស៊ីន​។ ចំណែក​ក្រុមហ៊ុន​Kia Motors​វិញ​បានគ្រោង​ថវិកា​ចំនួន​៣០០​ពាន់​លាន​វ៉ុន​សម្រាប់​ករណី​ផ្សេងទៀត​។ ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​នេះ​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​និង​គុណភាព​របស់​រថយន្ដ ក៏ដូចជា​សំណង​ជាច្រើន​។ រថយន្ដ​ក្រុមហ៊ុន​Hyundai​និង​Kia​សរុប​ចំនួន​៤.១៧​លាន​គ្រឿង បំពាក់​ម៉ាស៊ីន​សាំង​Theta II នឹងត្រូវ​រង​ផលប៉ះពាល់​ដោយសារតែ​អាមេរិក​ចេញ​ការជំនុំជម្រះ​មួយ​។​

​ក្រុមហ៊ុន​ទាំងពីរ​នេះ​បានប្រកាស​នាំយក​រថយន្ដ​ចំនួន​១.៧​លាន​គ្រឿង​នៅ​អាមេរិក​ចូល​ក្រុមហ៊ុន​វិញ  ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿង​ម៉ាស៊ីន​ដែល​អាច​បណ្ដាលឲ្យ​ឆេះ​។ និយតក​រ​សុវត្ថិភាព​សហរដ្ឋអាមេរិក កំពុង​ស៊ើបអង្កេត ថា​តើ​ការប្រកាស​នេះ​ធ្វើឡើង​បាន​គ្រប់គ្រាន់​នឹង​ទាន់ពេលវេលា​ដែរឬទេ​។ តាមរយ​បាយ​ការណ៍​ព័ត៌មាន​បានឲ្យដឹង​ដែរថា រដ្ឋអាជ្ញា​សហព័ន្ធ​របស់​អាមេរិក​ក៏បាន​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​ដែរ ដើម្បី​បញ្ជាក់ថា​ការប្រកាស​នាំយក​រថយន្ដ​មក​ក្រុមហ៊ុន​ពិនិត្យ​គុណភាព បាន​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​ឬ​យ៉ាងណា​។ ហេតុនេះ​ដូច្នេះហើយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ទាំងពីរ ត្រូវ​ត្រៀម​ទឹកប្រាក់​ទុកជាមុន​ចំពោះ​ការដោះស្រាយ​ទាំង​តាម​ផ្លូវច្បាប់​និង​បញ្ហា​គ្រឿង​ម៉ាស៊ីន​៕

ព័ត៌មានផ្សេងទៀត