​​លោក​សុខ ឥសាន​​​ចំអក​ឱ្យ​លោក សម រង្ស៊ី​​​ក្រោយពី​លោក​​លើ​ករឿង​ប្រាក់ខែ​កម្មករ​​​

11-10-2019 5:07 pm 1102

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំអក​ទៅ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្សប្រឆាំង ថា រកតែ​លុយ​ចិញ្ជឹម​ខ្លួនឯងមិន​បានផង បែរជា​មក​និយាយ​ពី​រឿង​ប្រាក់ខែ​កម្មករ​យ៉ាងតិច ៣០០​ដុល្លារ​ក្នុង​មួយខែ ខណៈដែល​ប្រាក់ខែ​កម្មករ​សម្រាប់​ឆ្នាំ​២០២០​បានតែ​១៩០​ដុល្លារ តែប៉ុណ្ណោះ​។

​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ប្រាក់​ឈ្នួល​របស់ កម្មករ​កម្មការិនី សម្រាប់​ឆ្នាំ​២០២០ ត្រូវ​តម្លើង​ឲ្យបាន​យ៉ាងតិច ៣០០​ដុល្លារ​អាមេរិក ក្នុង​មួយខែ ដើម្បី​ទ្រទ្រង់​ជីវភាព​កម្មករ​កុំឲ្យ​ធ្លាក់ចុះ​ពី​មួយឆ្នាំទៅ​មួយឆ្នាំ​។ លោក​បាន​បន្តទៀតថា យើង​ត្រូវ​ដឹងថា តម្លៃ​ទំនិញ​ឧបភោគ បរិភោគ និង​សេវា​ទាំងឡាយ (​ដូចជា តម្លៃ​ជួល​ផ្ទះ តម្លៃ​ទឹក​-​ភ្លើង និង​តម្លៃ​ធ្វើដំណើរ​រាល់ថ្ងៃ​) នៅ​ប្រទេស​កម្ពុជា ថ្លៃ​ជាង​នៅ​ប្រទេសជិតខាង​ឆ្ងាយ​ណាស់ ដោយសារតែ​នៅ​ស្រុក​យើង​គេ​ចាយ​ដុល្លារ​ស្ទើរតែ​ជាទូទៅ​។ 

​លោក សម រង្ស៊ី បាន​អះអាងថា ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​កម្មការិនី នៅ​ប្រទេស​កម្ពុជា ត្រូវតែ​ខ្ពស់ជាង​នៅ​ប្រទេសជិតខាង​ជា​ចាំបាច់ ពីព្រោះ​នៅ​ស្រុក​យើង​សព្វថ្ងៃ មិនមាន​សេវាសាធារណៈ ដ៏​ល្អប្រសើរ ក្នុងតម្លៃ​ទាប​សម្រាប់​អ្នកប្រើប្រាស់ (​ដូចជា មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ សេវា​ដឹកជញ្ជូន -​ល​-) និង​មិនមាន​សេវា​សង្គមកិច្ច (​គឺ​ប្រព័ន្ធ​ជួយឧបត្ថម្ភ​អ្នកក្រីក្រ​និង​អ្នកទន់ខ្សោយ​) ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ដូច​នៅ​ប្រទេស​ដទៃ​ទៀតឡើយ​។​

​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក សម រង្ស៊ី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចំអក​ឱ្យ​លោក សម រង្ស៊ី វិញ​ថា រកតែ​លុយ​ចិញ្ចឹម​ខ្លួនឯង​មិនបាន​ផង សព្វថ្ងៃ​ដើរ​សុំ​គេ​គ្រប់​ប្រទេស រឿង​អ្វី​មក​និយាយ​រឿង​ប្រាក់ខែ​កម្មករ​។ លោក សុខ ឥសាន ថែមទាំង​ឧបមា​ថា បើ​លោក សម រង្ស៊ី កាន់អំណាច ក៏​គ្មាន​សិទ្ធិ​អ្វី​ទៅ​ចាត់ចែង​ពី​រឿង​ប្រាក់ខែ​កម្មក​រដែរ ពីព្រោះ​កម្មករ​ស៊ីប្រាក់ខែ​ពី​ថៅកែ​រោងចក្រ មិន​ស៊ីប្រាក់ខែ​រដ្ឋ​ទេ​…………

​សំឡេង​លោក​សុខ ឥសាន​៖

​លោក សុខ ឥសាន បាន​បញ្ជាក់ថា យន្តការ​ត្រីភាគី​របស់​រាជរដ្ឋាភិបាល គឺជា​ការរៀបចំ​សមស្រប​ទៅតាម​បរិបទ​នៃ​ទំហំ​សេដ្ឋកិច្ច​របស់​រដ្ឋ របស់​រោងចក្រ​សហគ្រាស ដែលមាន​លក្ខ​ខណៈ​ជា​បច្ចេកទេស ក្នុងការ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករ​។ លោក​បន្តថា បើទោះជា​បែបនេះ​ក្ដី ការរៀបចំ​នេះ មិនមែន​អត្ថនោម័ត​ដោយ​ក្រុម​ណាមួយ​ឡើយ គឺ​គេ​យក​មតិ​ជា​សមូហភាព​ដោយ​ការបោះឆ្នោត​ជាសម្ងាត់ ដើម្បី​រៀបចំ​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ ឱ្យបាន​សមស្រប​ទៅតាម​បរិបទ​សព្វថ្ងៃ​។​

​ដោយឡែក​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​សេវាកម្ម​កម្ពុជា លោក ទុយ ស៊ី​ធៀង លោក​បាន​អះអាងថា ប្រាក់​ឈ្នួល​កម្មករ ១៩០​ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ឆ្នាំ​២០២០ មិនទាន់​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករ​ឱ្យបាន​ល្អប្រសើរ​បានទេ ដោយសារតែ​ទំនិញ​នៅក្នុង​ទីផ្សារ​សព្វថ្ងៃ​មិនទាន់​សម​មាត្រ​ទៅនឹង​ប្រាក់ខែ​កម្មករ​បានឡើយ​………

​សំឡេង​លោក​ទុយ ស៊ី​ធៀង​៖

​សូមបញ្ជាក់ថា ប្រាក់​ឈ្នួល​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភ​ណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ ត្រូវបាន​សម្រេច​តម្លើង​ពី​១៨២​ដុល្លារ ទៅ​១៩០​ដុ​លា្ល​រ​។ ដំបូង​នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី​រវាង​តំណាង​សហជីព និយោជក និង​ក្រសួង​ការងារ នៅ​ថ្ងៃទី​២០ ខែ​កញ្ញា កន្លងទៅ ក្រុមប្រឹក្សា​ការងារ បាន​បោះឆ្នោត​លើ​តួលេខ​១៨២​ទៅ​១៨៧​ដុល្លារ ខណៈ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​បន្ថែម​៣​ដុល្លារ​ទៀត ទើប​ទទួលបាន​១៩០​ដុល្លារ ក្នុង​ឆ្នាំ​២០២០​។ បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ ប្រាក់​ឈ្នួល​អប្បបរមា ១៩០​ដុល្លារ​នេះ នឹង​ចាប់ផ្តើម​ដំឡើង​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២០ តទៅ​៕


ព័ត៌មានផ្សេងទៀត