យុវជនគាំទ្រ​CNRPនៅកូរ៉េ ប្រតិកម្មកា​រ​ហៅ​លោក​សម រង្ស៊ី ​ចូលរួម​បាតុកម្ម​​​​

11-10-2019 3:09 pm 4180

ចលនាយុវជនអតីតបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលមានលោកយឹម ស៊ីណន ជាប្រធាន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្ម ចំពោះការអញ្ជើញលោកសម រង្ស៊ី ឲ្យចូលរួមបាតុកម្មដែលរៀបចំដោយ ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ នៅឯក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សេចក្ដីថ្លែងការណ៍ របស់ចលនាយុវជនអតីតបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង ដែល មាន៣ទំព័រ បានសរសេរ ថា ក្រោយពីលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុង និងបំបែកបំបាក់ចលនាយុវជន អតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង បង្កើតឲ្យមានក្រុមចលនាប្រជាធិបតេយ្យសង្រ្គោះជាតិរួចមក មនុស្សមួយចំនួនក្នុងក្រុមដដែលនេះ បានប៉ុនប៉ងអញ្ជើញលោកសម រង្ស៊ី ឲ្យចូលរួមក្នុងបាតុកម្មនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ដើម្បីឲ្យមកប្រថាប់ត្រាទទួលស្គាល់ក្រុមថ្មីរបស់ខ្លួន ក្នុងគោលបំណងកម្ចាត់ ចោលក្រុមចាស់ ពោលគឺចលនាយុវជនអតីតបក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូង។

សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ឆ្លើយតបចំពោះគម្រោង នៃការអញ្ជើញលោកសម រង្ស៊ី ឲ្យចូលរួមក្នុងបាតុកម្មនេះ ចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង បានបញ្ចេញ​ប្រតិកម្មមួយចំនួនដូច​ជា៖ក្រុម ចលនាយុវជនអតីតបក្សសង្រ្គោះជាតិ ជាអ្នករៀបចំគម្រោងមហាបាតុកម្មមុនគេ ដោយកំណត់យកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីប្រមូលកម្លាំងគាំទ្រការវិលត្រឡប់របស់លោកសម រង្ស៊ី មកម្ពុជាវិញ និង​ជំរុញឲ្យមាន​ការដោះ​លែង​លោក កឹម សុខាជាដើម។ ម្យ៉ាងទៀតការកំណត់ការធ្វើបាតុកម្មនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ របស់ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ជាគំនិតទុច្ចរិតដើម្បីធ្វើការបាតុកម្មកាត់មុខ ក្នុង​គោលបំណងបំបែក​កម្លាំងអ្នកគាំទ្រ ចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង ដែលមានលោកយឹម ស៊ីណនជាប្រធាន។

បន្ថែមពីលើនេះទៀត មនុស្សមួយចំនួនស្ថិតក្នុងចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ បានមួលបង្កាច់បំភ្លៃព័ត៌មានការពិត ក្នុងចេតនាអូសទាញលោកសម រង្ស៊ី មកចូលរួមជាមួយក្រុមរបស់ខ្លួន ដើម្បីលាងសំអាតរឿង អាស្រូវរបស់ពួកគេ ដែលបានបំបែកបំបាក់កម្លាំងយុវជននៅកូរ៉េខាងត្បូង។ តាមរយៈសេចក្ដីថ្លែងការណ៍នេះ ចលនាយុវជនអតីតបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង ក៏អំពាវនាវដល់លោកសម រង្ស៊ី និងអតីត​ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិទាំងអស់ សូមគាំទ្រគោលនយោបាយបង្រួបបង្រួម របស់អតីតបក្សសង្រ្គោះជាតិ ហើយចលនានេះមិនចង់ឃើញការបែកបាក់សាមគ្គី នៃកម្លាំងយុវជននៅ​កូរ៉េខាងត្បូង​ឡើយ។

សូមជម្រាប ថា ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ បានប្រកាសធ្វើមហាបាតុកម្មនៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ដោយមានការចូលរួមពីអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្ស សង្រ្គោះជាតិជាច្រើនរូប។ គោលបំណងនៃការធ្វើបាតុកម្ម រួមមានដូចជា៖ទាមទារឲ្យប្រទេសហត្ថលេខី ២៣តុលាទីក្រុងប៉ារីស ជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ បំផុសទឹកចិត្តពលរដ្ឋខ្មែរជុំវិញពិភពលោក ឲ្យចូលរួស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ និងអំពាវនាវដល់រដ្ឋាភិបាលកូរ៉េឲ្យចូលរួមដឹងឮ និងធ្វើសាក្សីដល់ការវិលត្រឡប់របស់លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតបក្សសង្រ្គោះជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះជាដើម៕

ព័ត៌មានផ្សេងទៀត