រដ្ឋបាល​ហុងកុង​៖​​មិនមែន​យើង​​ចង់​បំបាត់​​ការតវ៉ា​ទេ​​គ្រាន់តែ​ចង់​​បំបាត់​អំពើហិង្សា​

11-10-2019 11:25 am 137

​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង​ដែល​អូស​បន្លាយពេល​ជាង​៤​ខែ​មកនេះ នៅតែ​ពុំទាន់​រកឃើញ​ច្រក​ចេញពី​ភាពជាប់គាំង ខណៈ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ ហើយ​អំពើហិង្សា​កើតឡើង​កាន់តែ​ញឹកញាប់​ជាង​មុន​។ ជុំវិញ​បញ្ហា​នេះ​រដ្ឋបាល​ក្រុង​ហុងកុង​ស្ថិតក្រោម​ការដឹកនាំ​របស់​លោកស្រី​ខា​រី ឡា​ម ក៏​ព្យាយាម​ប្រើ​មធ្យោបាយ​ផ្សេងៗ​ដើម្បី​បញ្ចប់​បញ្ហា ប៉ុន្ដែ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​ឡើយ​។ 

​ថ្មីៗ​នេះ​រដ្ឋបាល​ក្រុង​ហុងកុង​ក៏​បានប្រកាស​ពី​ច្បាប់​ថ្មី​មួយ គឺ​ហាម​មិនឲ្យ​ក្រុម​តវ៉ា​ពាក់​ម៉ាស់ឬ​បិទមុខ​ចូលរួម​តវ៉ា​ឡើយ​។ ធ្វើ​ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​អនុវត្ដ​ច្បាប់​របស់​ប៉ូលិស និង​ចៀសវាង​ការបិទបាំង​មុខ​ដើម្បី​គេចវេស​ពី​ការដាក់​សម្ពាធ​នានា​។ តាម​ការបញ្ជាក់​កន្លង​មក​មាន​បណ្ដា​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ជាច្រើន ពាក់​ម៉ាស់​ឬ​របាំងមុខ​ចូលរួម​បាតុកម្ម ដើម្បី​ចៀសវាង​ការព្រមាន​ពី​ក្រុមហ៊ុន​។ ប៉ុន្ដែ​ការប្រកាស​ពី​ច្បាប់​ថ្មី​របស់​ហុងកុង​បានធ្វើឲ្យ​ក្រុម​តវ៉ា​ខឹង​កាន់តែខ្លាំង និង​បង្កើន​សកម្មភាព​តវ៉ា​បំផ្លាញ​ទ្រព្យសម្បត្ដិ​សាធារណ​ជាច្រើន​កន្លែង​។​

​ហាង​លក់ដូរ​មួយចំនួន​រួមទាំង​ស្ថានីយ៍​រថភ្លើង ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​កាលពី​ម្សិលមិញ ដើម្បី​ចៀសវាង​ការរំខាន​ពី​ក្រុម​តវ៉ា​។ រឿង​ដែលមាន​ការដាក់ចេញ​នូវ​បទបញ្ជា​ថ្មីៗ​ដូច្នេះ ក្រុម​តវ៉ា​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​ចាត់ទុកជា​ការរំលោភ​លើ​សិទ្ធិសេរីភាព​របស់​ពួកគេ ហេតុនេះ​ពួកគេ​មិន​គាំទ្រ​ដាច់ខាត​។ ក្រោយ​មើលឃើញ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន រដ្ឋបាល​ក្រុង​ហុងកុង​ក៏​ប្រកាសថា ពេលនេះ​នៅ​ពុំមាន​បទបញ្ជា​អ្វី​ដើម្បី​ប្រឆាំង​ការតវ៉ា​ដោយ​ហិង្សា​ទេ​។ រដ្ឋាភិបាល​ហុងកុង​បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គោលនយោបាយ​មួយ​នឹងត្រូវ​ណែនាំ​ពី​លោកស្រី​ខា​រី ឡា​ម នៅពេល​ក្រុមប្រឹក្សា​នីតិប្បញ្ញត្ដិ​ចាប់ផ្ដើម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៦​ខែតុលា ប៉ុន្ដែ​ក្នុងនោះ​គ្មាន​បញ្ចូល​វិធានការ​ប្រឆាំង​អំពើហិង្សា​ឡើយ​។ 

​យ៉ាងណាមិញ​ប្រធាន​លេខាធិការ​រដ្ឋបាល​ក្រុង​ហុងកុង​លោក​ម៉ា​ធី​វ ឈឹង បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា ពេលនេះ​រដ្ឋាភិបាល​គ្មាន​ចេតនា​បន្ថែម​គោលនយោបាយ​ស្ដីពី​ការបង្កើត​វិធានការ​ថ្មីៗ ដើម្បី​កាត់បន្ថយ​ការតវ៉ា​ឡើយ​។ ប្រតិ​បត្ដិកា​ររបស់​រដ្ឋាភិបាលគ្មា​ន​បំណង​បញ្ឈប់​ការតវ៉ា​ទេ ប៉ុន្ដែ​ចង់​បញ្ឈប់​អំពើហិង្សា​។ ហុងកុង​មិនបាន​បង្ក្រាប​ទៅលើ​ការតវ៉ា​ទេ គ្រាន់តែ​បង្ក្រាប​លើ​អំពើហិង្សា​ប៉ុណ្ណោះ​។ ការតវ៉ា​ប្រសិនបើ​រៀបចំ​ត្រឹមត្រូវ​ស្របច្បាប់ ធ្វើឡើង​ដោយ​សន្ដិភាព ការជួបជុំ​និង​ការប្រមូលផ្ដុំ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​ទិដ្ឋភាព​នៅ​ហុងកុង ដែលជា​ផ្នែក​មួយ​នៃ​តម្លៃ​ស្នូល​របស់​ហុងកុង​ផងដែរ​។​

​សូមបញ្ជាក់ថា ប្រជាជន​ហុងកុង​ភាគច្រើន​បារម្ភ​ខ្លាច​ទីក្រុង​ប៉េកាំង​លុបបំបាត់​សិទ្ធិសេរីភាព​របស់​ពួកគេ ហើយ​ពួកគេ​ផ្ទុះ​កំហឹង​ដោយ​ខឹង​នឹង​រដ្ឋាភិបាល​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​សង្គម​បាន ដូចជា​បញ្ហា​គ្មាន​លទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​និង​ខ្វះខាត​ការងារ​ជាដើម​។ ស្ថិតក្រោម​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ ហុងកុង​មាន​សិទ្ធិសេរីភាព​យ៉ាង​ពេញលេញ​ដែល​ក្រុង​ប៉េកាំង​គ្មាន តាំងពី​ហុងកុង​ត្រូវ​អង់គ្លេស​ប្រគល់ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧​។ ហេតុនេះ​ច្បាប់​ឬក៏​បទបញ្ជា​ដែល​ពួកគេ​គិតថា​បិទ​សិទ្ធិសេរីភាព ពួកគេ​មិន​ទទួលយក​ដាច់ខាត​។ ជាក់ស្ដែង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​អនុញ្ញាតឲ្យ​នាំខ្លួន​ពលរដ្ឋ​ហុងកុង​ទៅ​កាត់ទោស​នៅ​ប្រទេស​ចិន ដែលជា​សេចក្ដីព្រាងច្បាប់​បញ្ឆេះ​ការតវ៉ា​នេះឯង​។ ថ្វី​ត្បិត​សេចក្ដីព្រាងច្បាប់​ត្រូវបាន​ដកចេញ ប៉ុន្ដែ​ប្រជាជន​ហុងកុង​មិនបាន​ដក​ការតវ៉ា​វិញ​ឡើយ​៕

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត