សមត្ថកិច្ចចាប់ផ្ដើមត្រួតពិនិត្យ និងឃាត់​រថយន្តគ្មានស្លាកលេខសប្តាហ៍ក្រោយ

11-10-2019 11:20 am 325

កម្លាំងនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការត្រួតពិនិត្យ ឃាត់រថយន្តគ្មានស្លាកលេខទុកបណ្តោះអាសន្ន និងធ្វើការផាកពិន័យតាមច្បាប់ ដែលយុទ្ធនាការនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៩នេះតទៅហើយ។ សេចក្ដីជូនដំណឹង របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា ដោយសង្កេតឃើញមួយរយៈចុង ក្រោយនេះ មានរថយន្ត និងទោចក្រ ត្រីចក្រយានយន្តមួយចំនួន ដែលធ្វើចរាចរណ៍នៅតាមដងផ្លូវ ដោយគ្មានស្លាកលេខ ឬប្រើប្រាស់ស្លាកលេខមិនប្រក្រតី និងបានឆ្លៀតឱកាសយករថយន្ត និងទោចក្រ ត្រីចក្រយាន យន្តទាំងនោះ ទៅប្រព្រឹត្តអំពើឆក់ ប្លន់ ឬធ្វើសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត និងបង្កគ្រោះថ្នាក់រួចបើកគេចវេស ពីការទទួលខុសត្រូវចំពោះច្បាប់។

សេចក្ដីជូនដំណឹងរបស់លោកស ថេត បានសរសេរបន្ត ថា ចំពោះមុខដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សង្គមនៅរាជធានីភ្នំពេញ សំដៅទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពលើ្មស ច្បាប់ផ្សេងៗ និងផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ច ក្នុងការស្រាវជ្រាវតាមរកជនល្មើសមួយចំនួន និងដើម្បីបង្កើនប្រសិទ្ធិភាពនៃការគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់រថយន្ត និងទោចក្រ ត្រីចក្រយានយន្ត ដែលគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ត្រូវរូសរាន់ទៅបំពេញបែបបទសុំស្លាកលេខ និងប័ណ្ណសម្គាល់រថយន្ត និង ទោចក្រ ត្រីចក្រយានយន្ត ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀត ថា កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង១៤ នឹងចាប់ផ្ដើម វិធានការត្រួតពិនិត្យ និងឃាត់ទុកបណ្តោះអាសន្ន ព្រមទាំងផាក ពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ ។ ក្នុងនោះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ ថា ប្រជាពលរដ្ឋនឹងចូលរួមសហការណ៍គោរពច្បាប់ ដោយយកយានយន្តរបស់ខ្លួនទៅធ្វើស្លាកលេខ ដើម្បីកុំអោយខាតពេលវេលា និង ជៀសផុត​ពី​ការផាកពិន័យផងដែរ៕

ព័ត៌មានផ្សេងទៀត