រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លោក វេង សាខុន និងលោកស្រី Inguna Dobraja តំណាងធនាគារពិភពលោកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ផ្តើមអនុវត្តគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា ដែលមានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក ...
តំណាងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Inguna Dobraja បានថ្លែងថា វិស័យកសិកម្មកម្ពុជា បានដើរតួ យ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ និងកំណើនសេដ្ឋកិច្ចជាតិ ។
លោកស្រីបន្តថា ធនាគារពិភពលោកនឹងនៅតែបន្តធ្វើការគាំទ្រ និងឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ។
លោកស្រីបញ្ជាក់ថា គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជានឹងបំពេញតួនាទីសំខាន់ៗដូចជា ១.ជួយសម្របសម្រួលការវិនិយោគធុរកិច្ចកសិកម្ម ២.ជំរុញនិងលើកទឹកចិត្តការវិនិយោគកសិដ្ឋាននិងសម្ភារកសិកម្ម ៣.ពង្រឹងនិងផ្សារភ្ជាប់ខ្សែចង្វាក់តម្លៃនិងទីផ្សារ ៤.លើកទឹកចិត្តឱ្យមានកាលានុវត្តភាព ធុរកិច្ចកសិកម្ម ៥.កំណត់ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រសំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហា ដើម្បីគាំទ្រ និងអភិវឌ្ឍធុរកិច្ចកសិកម្ម ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ថ្លែងថា គម្រោងស្តីពី ពិពិធកម្មវិស័យកសិកម្មកម្ពុជា ជាគម្រោងទីមួយដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។
លោក វេង សាខុន បញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបានកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកសិកម្មតាមរយៈការធ្វើទំនើបកម្មលើវិស័យកែច្នៃ ការអភិវឌ្ឍខ្សែចង្វាក់តម្លៃ និងបង្កើនតម្លៃបន្ថែមដើម្បីធ្វើការប្រកួតប្រជែង ។
គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា បានអនុម័តដោយធនាគារពិភពលោក កាលពីខែមករា ឆ្នាំ២០១៩ ដែលមានថវិកាសរុបចំនួន ១០១,៦៧ លានដុល្លារអាមេរិក ក្នុងនោះ មានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន១០លានដុល្លារអាមេរិក ក្នុងរយៈពេល៦ឆ្នាំ (២០១៩-២០២៥) ក្នុងខេត្តគោលដៅចំនួន១២ គឺខេត្តកំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ ៕