ទូត​ជប៉ុន​ថ្មី​ប្ដេជ្ញាជំរុញ​អ្នកវិនិយោគ​​និង​ភ្ញៀវទេសចរ​ជប៉ុនមក​កម្ពុជា​​ឲ្យកាន់តែច្រើន​​

10-10-2019 3:48 pm 253

​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា បានធ្វើ​ការប្ដេជ្ញាចិត្តថា នឹង​ជួយ​ជំរុញ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ឱ្យមក​វិនិយោគ និង​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​។​ការប្ដេជ្ញា​នេះ ធ្វើឡើង​នៅ​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​០៩ ខែតុលា​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ក្នុងជំនួប​ពិភាក្សា​នេះដែរ តាមរយ​:​លោក​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ បានឱ្យដឹងថា​«​លោក​រដ្ឋមន្ត្រី ថោង ខុន និង​ឯកអគ្គរាជទូត​ជប៉ុន បានកត់សម្គាល់​អំពី​ការអភិវឌ្ឍ​និង​ការវិវត្តន៍​ថ្មីៗ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។ លោក​បន្តថា​ជាក់ស្តែង​កាលពី ឆ្នាំ​២០១៨​កន្លងមក ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ ៦​លាន​២​សែន​នាក់ មាន​ភ្ញៀវទេសចរ​ជប៉ុន​ជាង ២០​ម៉ឺន​នាក់ ដោយឡែក​សម្រាប់ ៧​ខែ ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​សរុប ១៤​ម៉ឺន​នាក់​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានស្នើ​ទៅកាន់ អគ្គរាជទូត​ជប៉ុន​ជួយ​ជំរុញឲ្យមាន​ជើងហោះហើ​រ​ត្រង់​បន្ថែមទៀត ភ្ជាប់​ទីក្រុង​សំខាន់ៗ​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា ដែល​កន្លងមកនេះ​ភាគី​ទាំងពីរ​មាន​ជើងហោះហើរ​ត្រង់​ពី​អាកាសយានដ្ឋាន​ឡា​រីតា​នៃ​ទីក្រុង​តូ​ក្យូ មកកាន់​រាជធានី​ភ្នំពេញ​។ លោក​ក៏​សំណូមពរ​ឲ្យមាន​ជើងហោះហើរ​ត្រង់​ភ្ជាប់​ពី​ទីក្រុង​តូ​ក្យូ មកកាន់​ខេត្តសៀមរាប​ទៀត ក៏ដូចជា​ពី​ទីក្រុង​សំខាន់ៗ​របស់​ជប៉ុន​មកកាន់​កម្ពុជា​ផងដែរ​។​

​តប​ទៅនឹង​ការស្នើសុំ​នេះ​ឯកអគ្គរាជទូត​ជប៉ុន ក៏បាន​ជួយ​សម្រួល​ឲ្យមាន​ចុះចត​យន្តហោះ​នៅ​ទីក្រុង​អូ​សា​កា របស់​ក្រុមហ៊ុន​អាស​ចរណ៍​កម្ពុជា​អង្គរ​អ៊ែរ ព្រោះថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កំពុងតែ​មាន​ការសិក្សា​គម្រោង​ហោះហើរ​ទៅកាន់​ទីក្រុង​អូសា​កានេះ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ថោង ខុន ក៏​បាន​ស្នើឲ្យ​ភាគី​ជប៉ុន​ជួយ​សិក្សា​រៀបចំ​ខេត្តសៀមរាប ជាពិសេស​ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង ជា​ទីក្រុង​ឆ្លាត​វៃ (Smart City) ព្រោះ​ភាគី​ជប៉ុន​មាន​បច្ចេកវិទ្យា​ខ្ពស់ ក៏ដូចជា​បទពិសោធន៍​ក្នុង​ការរៀបចំ​កិច្ចការ​ទាំងអស់នេះ រួមទាំង​ជួយ​ជំរុញឲ្យមាន​ការវិនិយោ​គ​លើ​វិស័យ​ទេសចរណ៍​កាន់តែច្រើន​។​

​ជា​កិច្ច​ឆ្លើយតប លោក​ឯកអគ្គរាជទូត​ថ្មី​របស់​ជប៉ុន បាន​ទទួលយក​សំណូមពរ​របស់លោ​ករដ្ឋមន្ត្រី ក៏ដូចជា​ជំរុញ​ឲ្យ​អ្នកវិនិយោគ ក៏ដូចជា​វិស័យ​ឯកជន​នានា​របស់​ជប៉ុន មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​បន្ថែមទៀត ពិសេស​ជំរុញ​នូវ​លំហូរ​ភ្ញៀវទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត