សង្គមស៊ីវិល បារម្ភខ្លាចមានការរិះគន់ផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាថែមទៀត

10-10-2019 3:19 pm 177

លោកអំ សំអាត មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO)បានបង្ហាញក្ដីបារម្ភខ្លាចមានការរិះគន់ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថែមទៀត ក្រោយពីមានការចាប់ខ្លួន សកម្មជនអតីតបក្ស សង្រ្គោះជាតិជាបន្តបន្ទាប់មកនេះ។ ការបង្ហាញក្ដីបារម្ភរបស់មន្ត្រី អង្គការសិទ្ធិមនុស្សលីកាដូនេះ បន្ទាប់ពីមានសកម្មជនអតីតបក្សប្រឆាំងជាង៣០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងជាច្រើនផ្សេងទៀត ត្រូវបាន តុលាការសម្រេចចោទ ប្រកាន់ពីបទ«រួមគំនិតក្បត់» ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។

លោកស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីថ្ងៃទី៩ ខែតុលា ថា ការចោទប្រកាន់ ឬការចាប់ខ្លួន សកម្មជនអតីតបក្សសង្រ្គោះជាតិ ដែលចូលរួមសកម្មភាពគាំទ្រ ការធ្វើរដ្ឋប្រហារផ្ដួល រំលំរាជរដ្ឋាភិបាល ជាមួយលោកសម រង្ស៊ីនោះ មិនមែនជាការគំរាមកំហែង ទៅលើសិទ្ធិបញ្ចេញមតិរបស់ពួកគេនោះទេ។ ប៉ុន្តែជាការអនុវត្តរបស់ច្បាប់អាជ្ញាធរ និងសមត្ថកិច្ច បន្ទាប់ពីសកម្មជនអតីតបក្សប្រឆាំងទាំង នោះ ធ្វើសកម្មភាពគាំទ្រនូវអ្វីដែលលោកសម រង្ស៊ីបានសម្រេច ឬប្រកាស ក្នុងគម្រោងនៃការវិលត្រឡប់របស់លោក មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។

លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែក ឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោFM ថា ការចាប់ខ្លួន និងការចោទប្រកាន់សកម្មជន អតីតបក្សសង្រ្គោះជាតិជាបន្តបន្ទាប់មក នេះ ក៏ជាការបញ្ហាមួយដែលអាចធ្វើ ឲ្យមានភាពតានតឹងផ្នែកនយោបាយ ក៏ដូចជាអាចបណ្ដាលឲ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែធ្លាក់ចុះថែមទៀត។ លោកអំ សំអាត បានថ្លែង ថា” បញ្ហាទាំងនេះ យើងមានការព្រួយបារម្ភ ខ្លាចលោវាប៉ះពាល់ទៅដល់ប្រទេសកម្ពុជាយើងតទៅទៀត ទាក់ទងនឹងការរិះគន់ផ្នែកខាងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលសំខាន់យើងខ្លាចលោវាប៉ះពាល់ ដល់បញ្ហាEBAដែលគេ នឹងកំណត់របាយការណ៍នៅពេលឆាប់ៗខាងមុខនេះ ក៏ដូចជាGSPរបស់សហរដ្ឋអាមេរិក”។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែង ថា សកម្មភាពដែលបំពានច្បាប់ ដែលបង្កើតទៅជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិសេរីភាព ផ្នែកនយោបាយនោះទេ តែជាការប្រព្រឹត្តនូវបទល្មើស ដែល ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ លោកជិន ម៉ាលីន បានស្នើឲ្យសង្គមស៊ីវិល និងអ្នកវិភាគ ដែលមានការបារម្ភចំពោះការចោទប្រកាន់ និងការចាប់ខ្លួនសកម្មជនអតីតបក្សសង្រ្គោះជាតិ ដែលចូលរួមក្នុងសកម្មភាពគាំទ្រ ការធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល សូមកុំមើលតែមួយជ្រុង ហើយត្រូវផ្អែកលើទិដ្ឋភាពច្បាប់ផងដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់យ៉ាងដូច្នេះ ថា”ជាទូទៅពួកគាត់(សង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន)បកស្រាយច្បាប់មើលតែមួយជ្រុង ហើយបំបិទចោលនូវទិដ្ឋភាពមួយជ្រុងទៀត ចំពោះពួកគាត់(សង្គម ស៊ីវិល និងអ្នកវិភាគមួយចំនួន)ឲ្យតែការអនុវត្តច្បាប់ ចំពោះសកម្មជននយោបាយ គាត់ថាអាហ្នឹងជាការរឹតត្បិត សិទ្ធិសេរីភាពផ្នែកនយោបាយ ក៏ប៉ុន្តែគាត់អត់បានមើលសកម្មភាពអ្នកទាំងអស់នោះទេ ថាតើសកម្មភាព ទាំងអស់ហ្នឹង វាមានមូលដ្ឋានបង្កើតជាបទល្មើស ឬក៏អត់? គឺគាត់អត់រវល់តែម្ដង”។ យ៉ាងណាក៏ដោយ លោកអំ សំអាត ក្នុងនាមជាមន្រ្ដីអង្គការសង្គមស៊ីវិលមួយរូប បានស្នើសុំឲ្យការជួបចរចាគ្នារវាងគណបក្សកាន់ អំណាច និងអតីតគណបក្សប្រឆាំង ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ៕

ព័ត៌មានផ្សេងទៀត