អង្គការ​IOM​ ប្ដេជ្ញា​​បន្ត​ជួយ​បណ្តុះបណ្តាល​​ជំនាញ​និង​ស្វែងរក​ការងារ​ដល់​ពលក​រ​កម្ពុជា​​

10-10-2019 11:37 am 102
  ស្តាប់
ស្តាប់ជាសំឡេង

លោក​ស្រីណិន​ណេ​ត ម៉ូ​ទូ​ស ប្រធាន​អង្គការ អន្តរជាតិ​អន្តោប្រវេសន៍​( IOM )​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​បាន ប្ដេជ្ញាចិត្ត​បន្ត​ជួយ​ដល់​កម្ពុជា ពាក់ព័ន្ធ​ពលករ​ទេសន្តរប្រវេសន៍ ដែល​រួមមាន​ការជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ និង​ស្វែងរក​ការងារ​ដល់​ពួកគេ​ថែមទៀត​។ ការប្ដេជ្ញាចិត្ត​នេះ ធ្វើឡើង​ក្នុងឱកាស​ដែល​លោកស្រី​ចូល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​រៀបចំ​ផែនការ​សម្រាប់​កិច្ចសហការ​នា​ពេលអនាគត​រវាង​ក្រសួង​ការងារ​និង​អង្គការ​IOM​នា​ថ្ងៃទី​០៩ ខែតុលា នៅ​ទីស្តីការក្រសួង​ការងារ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ក៏បាន​លើកឡើងថា កម្ពុជា​ពិតជា​ទទួលបាន​នូវ​ផ្លែផ្កា នៃ​កិច្ចសហប្រតិបត្តិការ​នេះ​យ៉ាង​ធំធេង​ណាស់ ជាក់ស្តែង​មកដល់ពេលនេះ​គោលនយោបាយ​ទេសន្តរប្រវេសន៍​នេះ ពិតជា​ទទួលបាន​ជោគជ័យ ហើយ​ភាពជោគជ័យ​នេះ គឺ​មិនអាច​ខ្វះ​បាន​ទេពី​ការរួមចំណែក​ផ្នែក​គាំទ្រ​បច្ចេកទេស ពី​សំណាក់​អង្គការ IOM​។​

​លោក​អ៊ិត សំហេង បាន​បន្តថា «​យើង​បានចាប់ផ្តើម​ទាំង​ការលំបាក ឥលូវ​អាច​និយាយបានថា​ពលក​រ ដែល​ធ្វើការ​នៅ​ក្រៅប្រទេស គឹ​មាន​សុវត្ថិភាព​ស្របច្បាប់​ស្ទើរតែ ១០០​ភាគរយ ក្នុងនោះដែរ​ពលក​រ​កម្ពុជា​ដែលចេញទៅ​ធ្វើ​ការនៅ​ក្រៅប្រទេស​មានប្រ​មាណ ១​លាន​២​សែន​នាក់ ដែល​យើង​បាន​ថែទាំ​និង​គាំពារ​ពួកគេ​ជាប់​ជានិច្ច​»​។​លោក​បន្តថា ការនិយាយ​ដូច្នេះ មិនមែន​ថា​យើង​មិនមាន​បញ្ហា​ប្រឈម​នោះទេ បញ្ហា​ប្រឈម​នានា​នៅតែមាន តែ​យើង​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​អស់​ទាំងនេះ​។​

​ជួយ​មួយ​គ្នា​នោះដែរ លោក​រដ្ឋមន្ត្រី​ក៏​បានស្នើ ឱ្យ​អង្គការ​IOM បន្តធ្វើ​ការងារ​ទាក់ទង​នឹង​ពលករ​ទេសន្តរប្រវេសន៍​នេះ​បន្តទៀត ជាពិសេស​ជួយ​លើ​បញ្ហា​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ខណ​:​កម្ពុជា​បាន​កំពុងតែ​គិតពី​បញ្ហា​ពលករ​នេះ​យ៉ាងខ្លាំង​។​
​ជា​ការឆ្លើយតប​លោកស្រី​ប្រធាន​អង្គការ អន្តរជាតិ​អន្តោប្រវេសន៍​ក៏បាន​ឯកភាព​បន្ត​ជួយ​លើ​ការងារ​ដែល​ពាក់ព័ន្ធ​ពលករ​ទេសន្តរប្រវេសន៍​នេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត