លោកស ខេង៖ឆ្នាំ​២០២០ការផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នឹងកាន់តែងាយស្រួល

10-10-2019 10:45 am 805
  ស្តាប់
ស្តាប់ជាសំឡេង

លោក ស ខេង បានបញ្ជាក់​ថា​ចាប់ពី​ឆ្នាំ​២០២០ ត​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មាន​មុខងារ ធនធាន សិទ្ធិអំណាច និង​ការទទួលខុសត្រូវ​កាន់​តែ​ច្បាស់លាស់​ក្នុង​ការផ្ដល់​សេវា​ចាំបាច់​ជា​មូលដ្ឋាន​នានា និង​ការអភិវឌ្ឍ​មូលដ្ឋាន ឆ្លើយតប ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ការបញ្ជាក់​នេះ​ធ្វើឡើង នៅក្នុង​ពិធី​បិទ មហា សន្និបាត​អាណត្តទី​២ របស់​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​កាលពី​ថ្ងៃ​ទី​០៩ តុលា ឆ្នាំ​២០១៩​។

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍ថា រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​ត្រូវ​មាន​គណនេយ្យភាព ដោយ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ការផ្ដល់​សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជាង​នេះ​ទៅ ទៀត​ក៏​ត្រូវមាន​គណនេយ្យភាព​ជាមួយ​ក្រសួង ស្ថាប័ន​ក្នុង​ការធានា​ដល់​ការគ្រប់គ្រង ការចាត់ចែង ការប្រើប្រាស់ ធនធាន និង​ការអនុវត្ត​មុខងារ​ឲ្យ​សម្រេច​ស្របតាម​ស្តង់ដា​សេវា​ដែល​បាន​កំណត់​ដោយ​ក្រសួង​ស្ថាប័ន​។​

​លោក ស ខេង បន្តថា គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​( គ​.​ជ​.​អ​.​ប​) មាន​កិច្ចសហការ​ជាមួយ​លេខាធិការដ្ឋាន​នៃ កំណែទម្រង់​ពីរ​ផ្សេង​ទៀត​រួមមាន កំណែទម្រង់ រដ្ឋបាល សាធារណៈ និង​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​នឹង​កំពុង​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​នានា​ក្នុង​ការរៀបចំ​សេចក្តីព្រាង​លិខិត​បទដ្ឋាន​គតិយុត្ត​ក្នុងការ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ការកែសម្រួល​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​គ្រោង​នឹង​ដាក់​ឆ្លង​កិច្ចប្រជុំ គ​.​ជ​.​អ​.​ប នា​ពេល​ឆាប់ៗ​នេះ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច នៅ ចុងឆ្នាំ ២០១៩ ហើយ​ក្នុង​ការរៀបចំ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ទាំងអស់​អាច​ដំណើរការ​តាម​មុខងារ និង​រចនា សម្ព័ន្ធ​ថ្មី​របស់​ខ្លួន​បាន​ចាប់​ពី​ដើមឆ្នាំ​២០២០​នេះ​តទៅ​។​

​លោក ស ខេង ក៏​បាន​ស្នើ​ឲ្យ​សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តោត​ការយកចិត្តទុកដាក់​បន្ថែម ទៀត លើ​ការអភិវឌ្ឍ​សមត្ថភាព​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ ក្នុង​ការដឹកនាំ ការគ្រប់គ្រង និង​ការ តាមដាន​ត្រួតពិនិត្យ​លើ​ការអនុវត្ត​មុខងារ និង​ធនធាន​ដែល​បាន​ផ្ទេរ​ឲ្យ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ដោយ​មាន​ការចូលរួម​តាម​បែប​ប្រជាធិបតេយ្យ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕

ព័ត៌មានផ្សេងទៀត