​លោក​ហ៊ុន សែន​​ផ្ដល់​អនុសាសន៍​មួយចំនួន​​ដល់​ធនាគារជាតិ​នៃ​កម្ពុជា​​

10-10-2019 10:32 am 345

​លោក ហ៊ុន សែន បានផ្ដល់​អនុសាសន៍​មួយចំនួន ដើម្បីឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ សម្រេចបាន​នូវ​សមិទ្ធផល សំខាន់ៗ​បន្ថែមទៀត​។ ម្យ៉ាងវិញទៀត​លោក​ថា រូបិយវត្ថុ​ក្នុង​វិស័យសេដ្ឋកិច្ច គឺជា​ឧបករណ៍​គោលនយោបាយ​ជំរុញ​កំណើនសេដ្ឋកិច្ច​, ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ទៅនឹង​ហានិភ័យ​នានា​ផងដែរ​។​

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ដើម្បីឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​បន្ថែមទៀត លោក​បានផ្តល់​អនុ​សាស​សន៍​មួយចំនួន​ដូចជា​៖

​ទី​១. ធន​គា​រា​ជាតិ​នៃ​កម្ពុជា រួមជាមួយ​ក្រសួង​-​ស្ថាប័ន​, វិស័យ​ឯកជន និង ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​បន្ត​រក្សា​រូបិយវត្ថុ​ជាតិ​ប្រកបដោយ​ស្ថិរភាព និង​ទំនុកចិត្ត តាមរយៈ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​និង​អធិបតេយ្យ​ជាតិ ជាមួយនឹង​ការបង្កើន​ប្រសិទ្ធភាព គោលនយោបាយ​រូបិយវត្ថុ​, សារពើពន្ធ និង​ហិរញ្ញវត្ថុ​។ ជាមួយគ្នានោះ​លោកក៏​បានស្នើឱ្យ​បង្កើត​គោលនយោបាយ​ថ្នាក់ជាតិ​រយៈពេ​លវែង​មួយ សំដៅ​លើកកម្ពស់​ការប្រើ​ប្រាស់​ប្រាក់រៀល ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន មាន​សន្តិភាព និង​ផ្អែកលើ​យន្តការ​ទីផ្សារ​។​

​ទី​២. ធនាគារជាតិ​នៃ​កម្ពុជា​, ស្ថាប័ន និង ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​សហការ​គាំទ្រ និង អនុវត្ត​ផែនការ អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ២០១៦-២០២៥ និង យុទ្ធសាស្ត្រ​ស្តីពី​បរិយា​ប័ន្ន​នៅ​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព និង សន្តិភាព សំដៅ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​, បន្ត​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឱ្យកាន់តែ​ប្រសើរឡើង ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​
​ទី​៣. ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា​ស្ថាប័នពាក់​ព័ន្ធ​ត្រូវ​បន្ត​គាំទ្រ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ដែល​ធ្វើឱ្យ​សេវា ហិរញ្ញវត្ថុ​នៅ​កម្ពុជា កាន់តែ​មាន​ភាពទំនើប ងាយស្រួល ទទួលបាន​តម្លៃ​ទាប និង​ប្រសិទ្ធភាព​ខ្ពស់​។ ត្រូវធ្វើ​ការត្រួតពិនិត្យ​អំពី​ហានិភ័យ​នៃ​បច្ចេកវិទ្យា​ថ្មីៗ​ទាំងអស់នេះ ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព និង ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​ទី​៤. ធនាគារជាតិ​នៃ​កម្ពុជា​, ស្ថាប័ន​ពាក់​ព័ន្ធ និង គ្រឹះស្ថាន​ហិរញ្ញវត្ថុ ត្រូវ​បន្ត​លើកកម្ពស់​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​, ត្រូវ​បន្ត​ចូលរួម​បង្កើន​ការយល់ដឹង និង ពង្រឹង​វប្បធម៌​ឥណទាន ដល់​អ្នក​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ជាពិសេស​នៅតាម​ជនបទ ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​នានា ដែលឤ​ច​កើតឡើង​ជាយថាហេតុ នាបច្ចុប្បន្ន និង​អនាគត​។​

​និង​ទី​៥. ធនាគារជាតិ​នៃ​កម្ពុជា​, អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​, អង្គភាព​ប្រឆាំង​អំពើពុករលួយ​, ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ត្រូវ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ពង្រឹង​ទប់ស្កាត់ ឱ្យបាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម ដើម្បី​ការ​ពារ វិស័យ​ហិរញ្ញវត្ថុ ធនាគារ ប្រកបដោយ​តម្លា​ភា​ព និង អភិបាលកិច្ច​ល្អ​។​

​សូមបញ្ជាក់ថា ការផ្ដល់​ជា​អនុសាសន៍​របស់លោក ហ៊ុន សែន នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ចូលរួម​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ (១០ ខែតុលា ឆ្នាំ​១៩៧៩ - ១០ ខែតុលា ឆ្នាំ​២០១៩)៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត