អាមេរិក​​បដិសេធ​​រឿង​ចោទថា​​បើកភ្លើង​​ឲ្យ​តួ​ក​គី​​វាយប្រហារ​​នៅ​ស៊ី​រី​

10-10-2019 9:43 am 281

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូបាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​មិនបាន​បើកភ្លើង​ឲ្យ​តួ​ក​គី​ចូល​វាយលុក​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ទេ​។ លោក​ផុម​ភី​អូនៅ​តែ​ការពារ​សម្ដី​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​សម្រេចចិត្ដដ​កក​ង​ទ័ព​ចេញពី​ទឹកដី​ស៊ី​រី​ជាប់​ព្រំដែន​តួ​ក​គី​។ ការដក​ទ័ព​នេះ​ធ្វើឲ្យ​មានប្រតិកម្ម​ផង​ដែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស គឺ​កងកម្លាំង​ក្រុមឃឺ​ដដែល​ជា​សម្ព័ន្ធមិត្ដ​អាមេរិកប្រ​យុទ្ធជា​មួយក្រុ​ម​រដ្ឋ​អ៊ីស្លាម​កន្លងមក លើកឡើងថា​អាមេរិក​បោះបង់​ពួកគេ​ចោល ខណៈ​អ្នកខ្លះ​ថា​លោក​ត្រាំ​ចង់​បើកដៃ​ឲ្យ​តួ​ក​គី​វាយប្រហារ​នៅ​ស៊ី​រី​។​

​តួ​ក​គី​បានចាប់ផ្ដើម​ប្រតិ​បត្ដិកា​រលើ​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ក្រុមឃឺ​ដហើយ​នៅពេលនេះ ដោយ​ប្រធានាធិបតី​តួ​ក​គី​លោក​រី​សេព ថា​យ​យី​ព អេដូ​ហ្គេន​បាន​និយាយថា គោលបំណង​នៃ​ការធ្វើ​ប្រតិ​បត្ដិកា​រនេះ ដើម្បី​ការពារ​កុំឲ្យ​មាន​ការបង្កើត​ច្រករបៀង​ភេរវកម្ម​នៅ​តំបន់​ព្រំដែន​។ កងទ័ព​តួ​ក​គី​គ្រោង​បង្កើត​តំបន់​សុវត្ថិភាព​ដោយ​បោសសម្អាត​ក្រុម​ជីវពល​ឃឺ​ដ​។ ប៉ុន្ដែ​ក្រុម​នេះ​បានប្រកាស​ប្ដេជ្ញា​នឹង​ប្រយុទ្ធប្រឆាំង​តួ​ក​គី​វិញ​។​

​ជុំវិញ​ការអន្ដរាគមន៍​ដោយ​កងទ័ព​នៅក្នុង​ប្រទេស​ស៊ី​រី​របស់​តួ​ក​គី លោក​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​បញ្ជាក់បន្ថែម​ថា លោក​នៅតែ​ការពារ​ការសម្រេចចិត្ដ​របស់​លោក​ប្រធានាធិបតី​។ តួ​ក​គី​មាន​ការព្រួយបារម្ភ​អំពី​សន្ដិសុខ​ស្របច្បាប់ និង​ការគំរាមកំហែង​ដោយ​ភេរវកម្ម​នៅ​ភាគខាងត្បូង​ប្រទេស​របស់គេ​។ របាយការណ៍​ព័ត៌មាន​ដែលថា អាមេរិក​អនុញ្ញាតឲ្យ​តួ​កគីចូល​វាយលុ​កនៅ​ស៊ីរី​គឺជា​រឿង​មិនពិត​ឡើយ អាមេរិក​មិនបាន​បើកភ្លើង​ឲ្យ​តួ​ក​គី​នោះទេ​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក​ត្រាំ​បាន​គំរាម​ធ្វើឲ្យ​សេដ្ឋកិច្ច​តួ​កគីធ្លាក់ចុះ ប្រសិនបើ​ប្រទេស​នេះ​ធ្វើ​អ្វី​ហួស​កម្រិត ហើយ​អាមេរិក​មិនបាន​គាំទ្រ​ការវាយប្រហារ​របស់​តួ​ក​គី​នៅ​ស៊ី​រី​ទេ ដោយ​ហៅ​ប្រតិ​បត្ដិកា​រនេះ​ថា​ជា​គំនិតដ៏អាក្រក់​។ ក្រោយមក​លោក​ប្រធានាធិបតី​បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា តួ​ក​គី​និង​ក្រុមឃឺ​ដ​បាន​ប្រយុទ្ធ​គ្នា​ជាច្រើន​សតវត្ស​មកហើយ​។ 

​គួរ​បញ្ជាក់ថា ក្រោយពី​តួ​ក​គី​ចាប់ផ្ដើម​ប្រតិ​បត្ដិការនៅ​ស៊ីរី ទីក្រុង​និង​ភូមិ​មួយចំនួន​ត្រូវ​រង​ការវាយប្រហារ​តាម​អាកាស និង​ការបាញ់ប្រហារ​ដោយ​កាំភ្លើង​ធំ​កាលពី​ថ្ងៃ​ពុធ ដែល​បង្ខំ​ឲ្យ​ប្រជាជន​ស៊ីវិល​រាប់ពាន់នាក់​ជម្លៀសចេញ​ពី​ផ្ទះ​។ កងកម្លាំង​ឃឺ​ដ​បាន​និយាយថា យ៉ាងហោចណាស់​ជន​ស៊ីវិល​៥​នាក់​ស្លាប់​និង​២៥​នាក់​ទៀត​រងរបួស​៕

ព័ត៌មានផ្សេងទៀត