UN​​កំពុង​ត្អូញត្អែ​​រឿង​គ្មាន​​ប្រាក់​​គ្រប់គ្រាន់​​បើក​ឲ្យ​បុគ្គលិ​ក​នៅ​ខែក្រោយ​

09-10-2019 3:45 pm 266

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Antonio Guterres បានចេញ​ការព្រមាន​កាលពី​ថ្ងៃទី​០៨​តុលា​ថា អង្គការសហប្រជាជាតិ​ទំនង​គ្មាន​ថវិកា​គ្រប់គ្រាន់​ទេ សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិ​កនៅ​ខែក្រោយ ប្រសិនបើ​ប្រទេស​ជា​សមាជិក​មិន​សង​ប្រាក់​ដែល​ជំពាក់​។ លោក​ថ្លែងប្រាប់​គណៈកម្មការ​គ្រប់គ្រង​កញ្ចប់​ថវិការ នៃ​សភា​អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក​១៩៣​ប្រទេស​ថា ប្រសិនបើ​លោក​មិន​កាត់បន្ថយ​ការចំណាយ​តាំងពី​ខែមករា​មក​ទេ នោះ​ប្រាកដ​ណាស់​នឹង​គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​រៀបចំម​ហា​សន្និបាត​ប្រចាំឆ្នាំ​កាលពី​ខែ​មុន​ទេ​។​

​លោក​Guterres​បន្ថែមថា ក្នុង​ខែ​នេះ​អង្គការសហប្រជាជាតិ​នឹង​ឈានដល់​ឱនភាព​ថវិកា​យ៉ាងខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​១០​ឆ្នាំ​។ អង្គការសហប្រជាជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ធំ ដោយ​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បើក​ឲ្យ​បុគ្គលិ​កនៅ​ខែវិច្ឆិកា​ឡើយ​។ ទាំង​ការងារ​និង​ការធ្វើកំណែទម្រង់​នានា​កំពុង​ស្ថិតក្នុង​ហា​នី​ភ័យ​។​

​សហរដ្ឋអាមេរិក​គឺជា​អ្នកចូលរួម​ថវិកា​ច្រើនជាងគេ​ក្នុង​អង្គការសហប្រជាជាតិ គឺ​អាមេរិក​ទទួលខុសត្រូវ​ប្រមាណ​២២​ភាគរយ នៃ​ថវិកា​ជាង​៣.៣​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩ ដែល​ត្រូវ​ចំណាយ​សម្រាប់​កិច្ចការ​ជាច្រើន មាន​នយោបាយ ជំនួយ​មនុស្សធម៌ ការដកហូត​អាវុធ សេដ្ឋកិច្ច សង្គម​និង​គមនាគមន៍​។ ប៉ុន្ដែ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ជំពាក់​ប្រាក់​ក្នុង​ឆ្នាំមុន​ប្រមាណ​៣៨១​លាន​ដុល្លារ និង​៦៧៤​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩ ដែល​មិនបាន​បង់​ទៅឲ្យ​អង្គការសហប្រជាជាតិ​។ ក្រុម​បេសកកម្ម​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បានបញ្ជាក់​ពី​តួលេខ​នេះ ប៉ុន្ដែ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ថា​នឹង​បង់​នៅពេលណា​ទេ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ទទួល​អំ​រែក​នៃ​ការចំណាយ​ប្រាក់​ដោយ​គ្មាន​ភាព​យុត្ដិធម៌​ទៅឲ្យ​អង្គការសហប្រជាជាតិ​។ លោក​បាន​ជំរុញ​ឲ្យ​អង្គការ​ពិភពលោក​មួយ​នេះ​ធ្វើកំណែទម្រង់ ដោយ​លោក​Guterres​ក៏បាន​កែលម្អ​ប្រតិ​បត្ដិកា​រនិង​កាត់បន្ថយ​ការចំណាយ​ជាច្រើន​មកហើយ​ដែរ​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បញ្ជាក់ថា កន្លងមក​មាន​ប្រទេស​ចំនួន​១២៩​បាន​បង់ប្រាក់​រួចរាល់​ហើយ​សម្រាប់​ឆ្នាំ​២០១៩ ដែលមាន​ទំហំ​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​។​

​លោក​Guterres​និយាយថា​លោក​បាន​ណែនាំ​ពី​វិធានការ​ថ្មី​មួយ​កាលពី​ខែ​មុន ដើម្បី​ត្រៀម​ប្រឈម​នឹង​កង្វះខាត​នេះ ដោយ​កាត់បន្ថយ​ការចំណាយ​លើ​ការងារ​មិន​សំខាន់ ហើយ​មានតែ​ការធ្វើដំណើរ​ដែល​ចាំបាច់​ប៉ុណ្ណោះ​ដែល​ត្រូវ​បានអនុញ្ញាត​។ កិច្ចប្រជុំ​មួយចំនួន​អាច​នឹងត្រូវ​លុបចោល​ឬ​ពន្យារពេល ក្នុងនោះ​ប្រតិ​បត្ដិកា​រ​អង្គការសហប្រជាជាតិ​នៅ​ញូវយ៉ក ហ្សឺ​ណែវ វី​យ៉ែន និង​ណៃ​រ៉ូ​ប៊ី រួមទាំង​ប្រតិ​បត្ដិកា​រ​ក្នុង​តំបន់​ជាច្រើនទៀត​អាចនឹងត្រូវ​ប៉ះពាល់​ផងដែរ​៕

 ពាក្យគន្លឹះ  UNកង្វះកញ្ចប់ថវិកា

ព័ត៌មានផ្សេងទៀត