ព្រះ​កេស​លោកេស្វរៈ​ចំនួន​មួយ​ត្រូវបាន​ប្រទះឃើញ​ពេល​កំណាយ​នៅ ប្រាសាទ​តា​នៃ​

09-10-2019 2:54 pm 657
  ស្តាប់
ស្តាប់ជាសំឡេង

​បើតាម លោក ស៊ា សុភា​រុន ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​តា​នៃ និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ឱ្យដឹងថា ចម្លាក់​ព្រះ​កេស​លោកេស្វរៈ ដែល​ក្រុមការងារ​ប្រទះឃើញ គឺមាន​ត្រឹម​ព្រះ​កេស​ប៉ុណ្ណោះ មាន​រូប​ព្រះពុទ្ធ​នៅលើ​ផ្នួងសក់ មាន​ត្រចៀក​ខាងស្តាំ តែ​គ្មាន​ខាងឆ្វេង ច្រមុះ​ឆែប ព្រះភ័ក្ត្រ​ម្ខាង​ខ្សុះ​រប​កសាច់​ថ្ម​។​

 សភាព​ខូចខាត​ទាំងនេះ ជាបឋម​មិនដឹងថា​មកពី​មូលហេតុ​អ្វី​ប្រាកដ​ទេ តែ​អាចជា​ការប៉ះទង្គិច​អ្វីមួយ​ធ្វើឱ្យ​បែក ឬ​គុណភាព​ថ្ម​នៅលើ​ថ្ពាល់​ម្ខាង​មិនសូវ​ល្អ ទើប​ធ្វើឱ្យ​ស្រទាប់​ថ្ម​របក​ចេញពី​ថ្ពាល់​។ ម្យ៉ាងវិញទៀត ចម្លាក់​មួយ​នេះ ក៏​ប្រហែល​មិន​ស្ថិតនៅ​ទីតាំង​នេះដែរ​កាលដើមឡើយ ព្រោះ​មិនមាន​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មាន​ដងខ្លួន​នៅ​កន្លែង​នេះ​ដូចគ្នា​។​

​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​សារពើ​ភណ្ឌ​បុរាណវត្ថុ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ព្រះ​កេស​នេះ​ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៥៤​ស​.​ម ទទឹង​២៧​ស​.​ម និង​កម្រាស់​៣៦​ស​.​ម​។ ចំពោះ​ព្រះ​កេស​លោកេសូរ​ខាងលើនេះ ស្ថិតក្នុង​រចនាបថ​បាយ័ន ប្រហែល​ពី​ចុង​ស​.​វ​.​ទី​១២ និង​ដើម​ស​.​វ​.​ទី​១៣​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។

 ​លោ​កេសូ ឬ លោកេស្វរៈ គឺជា​ព្រះ​ពោធិសត្វ​ក្នុង​ពុទ្ធសាសនា​មហាយាន ដែលមាន​ករុណា​ធម៌​កំពូល​ក្នុងការ​ជួយសង្គ្រោះ​មនុស្សលោក ។ ក្នុង​សិល្បៈ​ខ្មែរ យើង​តែង ឃើញ​ចម្លាក់​ប្រភេទ​នេះ​មាន​ព្រះ​ហ​ស្ថ​២, ៤ ឬ​៨ ដោយ មាន​កាន់​កេតនភណ្ឌ ដូចជា​ខ្សែ​ផ្គាំ គម្ពី​រ ផ្កាឈូក និង​ថូ ព្រមទាំង​ឆ្លាក់​រូប​ព្រះ​ពោធិសត្វ អមិតាភៈ អង្គុយ​ភាវនា​នៅលើ​ផ្នួងសក់ ដូចគ្នា​នឹង​បដិមា​ប្រាជ្ញា​បារមិតា​ដែរ​។​

​សូមបញ្ជាក់ថា ព្រះ​កេស​ព្រះ​ពោធិសត្វ​លោ​កេសូរ ឬ លោកេស្វរៈ បច្ចុប្បន្ន​ត្រូវបាន​ក្រុមការងារ​យកមក​រក្សា​ទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តោះអាសន្ន ដើម្បី​ធ្វើ​ការចុះបញ្ជី​និង​ថតរូប​ទុកជា​ឯកសារ ព្រមទាំង​រៀបចំ​បែបបទ​ស្នើរ​យកទៅ​រក្សាទុក​នៅ អភិ​រក្សដ្ឋាន​អង្គរ​៕


ព័ត៌មានផ្សេងទៀត