​ការប្រែប្រួល​អាកាសធាតុ​​ជា​​​​បញ្ហាប្រឈម​សម្រាប់​វិស័យ​សាធារណការ​​និង​ដឹកជញ្ជូន​​

09-10-2019 11:52 am 94
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី​ម៉ម រ​មនា រដ្ឋលេខាធិការ ក្រសួង​សាធារណការ បាន​លើកឡើងថា ការប្រែប្រួល​អាកាសធាតុ ជា​បញ្ហា​អន្តរ​វិស័យ ហើយ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ក៏​ជា​វិស័យ​មួយ​ដែល​ទទួលរង​ផលប៉ះពាល់​តាមរយៈ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកាជាតិ ថវិកា​ជំនួយ និង​កម្ចី​ពី​អន្តរជាតិ ដើម្បី​ធ្វើ​ការជួសជុល ស្ដារឡើងវិញ​។​នេះ​ជា​អ្វីដែល​លោកស្រី​បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ យោបល់ ស្ដីពី​ការសិក្សា និង​ការវិភាគ​លើ​ផលចំណេញ ខាត​(CBA) ខាង​ផ្នែក​សេដ្ឋកិច្ច នៃ​ការបញ្ជ្រាប ការងារ​បម្រែបម្រួល​អាកាសធាតុ ទៅក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និង​ស្ពាន ដែល​ធ្វើឡើង​ដោយ​អគ្គនាយកដ្ឋាន​ផែនការ និង​គោលនយោបាយ​។​​នៅក្នុង​សិក្ខាសាលា​នេះដែរ លោកស្រី​ក៏បាន​បញ្ជាក់ដែរថា ទឹកជំនន់​នាពេល​ថ្មីៗ​នេះ​បាន​ធ្វើឱ្យប៉ះពាល់​ដល់​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ព្រះសីហនុ កំពត ពោធិ៍សាត់ ស្ទឹងត្រែង និង​ខេត្តរតនគិរី បណ្ដាលឱ្យ​ផ្លូវថ្នល់ ស្ពាន ទទួលរង​ការខូចខាត និង​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​។​

​គួរកត់សម្គាល់​ដែរថា សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់ ចំណេះដឹង​ពី បរិបទ​នៃ​ការ ប្រែប្រួល អាកាស ធាតុ ប៉ាន់ស្មាន​នូវ​ទំហំ​នៃ​ផលប្រយោជន៍​នៃ​គោលនយោបាយ​មួយ​ដែល​អាច​ផ្លាស់ប្តូរ​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​វិភាគ​ចំណាយ និង​ផលចំណេញ​បង្ហាញ​អំពី​របៀប​នៃ​ការផ្លាស់ប្តូរ គោលនយោបាយ​ដែល​អាច​បង្កើន​ផលចំណេញ​សុទ្ធ និង​ពិចារណា​លើ​ការរៀបចំ​សំណើ​ថវិកា របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​គួរ​បញ្ជាក់ដែរថា នៅក្នុង​សិក្ខាសាលា​នេះ​ក៏បាន​លើកយក​នូវ​លំ​ហាត់​ករណី​សិក្សា លើ​ការវិភាគ លើ​ផលចំណេញ​-​ខាត (CBA) ខាង​ផ្នែក​សេដ្ឋកិច្ច​នៃ​ការបញ្ជ្រាប​ការងារ​ប្រែប្រួល​អាកាសធាតុ​ទៅក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ការប្រៀបធៀប​ពី​អត្ថប្រយោជន៍​រវាង​ការវិនិយោគ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គិតគូរ​ពី​ស្ថានភាព​ដែលមាន​ការប្រែប្រួល​អាកាសធាតុ និង​គ្មាន​ការប្រែប្រួល​អាកាសធាតុ​៕

ព័ត៌មានផ្សេងទៀត