អាមេរិក​​រឹតបន្ដឹង​​ទិដ្ឋាការ​​មន្ដ្រី​ចិន​​ទាមទារ​ឲ្យ​​ឈប់​​គាបសង្កត់​​ក្រុម​មូស្លីម​អ៊ុយហ្គួរ

09-10-2019 11:45 am 84
ក្រុមមូស្លីម​អ៊ុយហ្គួរ​នាំគ្នាតវ៉ា​ទាមទារសេរីភាព

​បន្ទាប់ពី​មាន​ការសម្រេចចិត្ដ​មួយកា​លពី​ដើម​សប្ដាហ៍​នេះ សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា​នឹង​រឹតបន្ដឹង​លើ​ការផ្ដល់​ទិដ្ឋាការ សម្រាប់​មន្ដ្រី​របស់​រដ្ឋាភិបាលចិន ដោយ​ចោទប្រកាន់​មន្ដ្រី​ទាំងនោះ​ពាក់ព័ន្ធ​នឹង​ការគាបសង្កត់​លើ​ក្រុម​មូស្លីម​នៅក្នុង​ប្រទេស​ចិន​។ អាមេរិក​បាន​បញ្ចូល​មន្ដ្រី​ចិន​ក្នុង​បញ្ជីខ្មៅ​ចំនួន​២៨​រូប ដោយ​ចោទថា​ពាក់ព័ន្ធ​ការប្រើ​អំណាច​នៅ​តំបន់​ស៊ីន​ជាំ​ង​។ 

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូបា​ននិយាយថា រដ្ឋាភិបាល​ចិន​បាន​បង្កើត​យុទ្ធនាការ​គាបសង្កត់​យ៉ាងខ្លាំង ក្នុងនោះ​មាន​ការរំលោភបំពាន​ប្រឆាំងនឹង​ក្រុម​មូស្លីម​អ៊ុយ​ហ្គួ​រ ក្រុម​ជនជាតិភាគតិច​កា​ហ្សាក់ គី​ជី​ហ្ស និង​ក្រុម​មូស្លីម​ជនជាតិភាគតិច​ជាច្រើន​ទៀត​។ រដ្ឋាភិបាល​ចិន​ក៏បាន​ឃុំឃាំង​ពួកគេ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ជំរំ បង្កើន​ការឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការបង្ហាញ​ពី​អត្ដ​សញ្ញាណ វប្បធម៌ សាសនា និង​ព្យាយាម​បង្ខំ​ឲ្យ​អ្នករត់ទៅ​ក្រៅ​ត្រឡប់ម​ក​ប្រទេស​ចិន​វិញ​។ ការធ្វើ​ដូច្នេះ​ជា​ទង្វើ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ង​រលើ​សិទ្ធិសេរីភាព​របស់​ក្រុម​មូស្លីម​។​

​យ៉ាងណាក៏ដោយ​ការចោទប្រកាន់​របស់​អា​មេរិក ត្រូវ​ចិន​ចោទប្រកាន់​ដាច់ខាត និង​អះអាងថា​គ្មាន​រឿង​កើតឡើង​ដូច​អាមេរិក​លើកឡើង​ទេ​។ ចិន​ចាត់ទុក​ការចោទប្រកាន់​របស់​អា​មេរិក​គ្មានអ្វី​ក្រៅពី​លេស ចង់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ឡើយ​៕

ព័ត៌មានផ្សេងទៀត