លោកកែវ រ៉េមី ៖ការទៅចូលរួមការពារ(UPR) មិនមែនសម្រាប់តែកម្ពុជាមួយទេ

09-10-2019 11:28 am 77

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកកែវ រ៉េមី បានលើកឡើង ថា ប្រទេសដែលជាសមា ជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានកាតព្វកិច្ចត្រូវទៅចូលរួមការការពារ នូវការពិនិត្យរបាយការ ណ៍សិទ្ធិមនុស្សជាសកលតាមកាលកំណត់(UPR) មិនមែនសម្រាប់តែកម្ពុជាមួយនោះទេ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងសិក្ខាសិលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុសាសន៍UPRជុំទីបីឆ្នាំ២០១៩ នាថ្ងៃទី៩ ខែ តុលា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋ តំណាងអង្គទូត សង្គមស៊ីវិលជាតិ-អន្ដរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។

លោកកែវ រ៉េមី រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងក្នុងពិធីបើកសិក្ខាសាលានេះថា ការទៅចូលរួមការការពារ នូវការពិនិត្យរបាយការណ៍សិទ្ធិមនុស្សជាសកល តាមកាលកណត់(UPR)ត្រូវធ្វើរយៈពេល៤ឆ្នាំម្ដង នៅទីក្រុងហ្សឺណែវប្រទេសស្វីស ហើយការទៅចូលរួមនេះ មិនមែនជាការងាយស្រួលនោះទេ ដោយត្រូវរៀបចំឯកសារជាច្រើន។ លោកបានថ្លែងបន្ថែម ថា ការការ ពារនូវUPRនេះ ក៏ជាការការពារនូវមុខមាត់របស់ប្រទេសជាតិផងដែរ ដោយប្រទេសជាសមាជិកក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានកាតព្វកិច្ចត្រូវទៅចូលរួមការការពារទាំងអស់គ្នា មិនមែនសម្រាប់ តែកម្ពុជាមួយនោះទេ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងបញ្ជាក់ ថា”អញ្ចឹងគ្រាន់តែជម្រាបជូន ថា ការពារUPR ទាក់ទងនឹងសិទ្ធិមនុស្សនេះ មិនមែនតែកម្ពុជានោះទេ ប្រទេសទាំងអស់មានការកាតព្វកិច្ច ទៅការពាររៀងៗ ខ្លួន ចឹងជម្រាបជូនឲ្យច្បាស់ប៉ុណ្ណឹង……..!អញ្ចឹងជម្រាបជូនថ្ងៃនេះឲ្យច្បាស់ រឿងសិទ្ធិមនុស្សមិនមែនតែជារឿងរបស់កម្ពុជាទេ ឲ្យតែជាប់កាតព្ចកិច្ចជាភាគី នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដាច់ខាត មានជាប់កាតព្វកិច្ច ត្រូវទៅការពារ”។

សូមជម្រាប ថា សិក្ខាសិលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុសាសន៍UPRជុំទីបីឆ្នាំ២០១៩ មានគោលបំណងដូចជា៖ទី១.បង្កើនការយល់ដឹងអំពីយន្តការUPR និងការចូលរួមរបស់កម្ពុជា ជាមួយដំណើរការUPRនេះ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ទី២.ធ្វើការបែងចែក និងកំណត់អនុសាសន៍ទាំង១៧៣ ដល់ក្រសួងស្ថាប័នទទួលបន្ទុក ដើម្បីអនុវត្ត។ និងទី៣.ផ្ដល់វេទិកាដល់សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចូលរួម និង ផ្ដល់យោបល់ ក្នុងការបែងចែក និងដាក់ឲ្យអនុវត្តអនុសាសន៍ចំនួន១៧៣៕

 ពាក្យគន្លឹះ  លោកកែវ រ៉េមីការពារUPR

ព័ត៌មានផ្សេងទៀត