លោក​ពេជ្រ ស្រស់ ដាក់សំណើ​ឲ្យ​បញ្ជូន​លោក​វ៉ា គឹមហុង បំភ្លឺ​រឿង​ព្រំដែន​

09-10-2019 11:07 am 311

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ បាន​ដាក់​សំណើ​ទៅ​កាន់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​អញ្ជើញ លោក​លោក វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ចូល​បំភ្លឺ​ជូន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ អំពី​បញ្ហា​ព្រំដែន​។​

​តាមរយៈ​លិខិត​សំណើ លោក​ពេជ្រ ស្រស់ បាន​បញ្ជាក់ជូន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​៖ «​ក្នុងនាម​ជា​ប្រធាន​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា បាន​សង្កេតឃើញថា មាន​ការផ្សព្វផ្សាយ​ព័ត៌មាន អំពី​កិច្ចព្រមព្រៀង​ចំនួន​២ រវាង​កម្ពុជា និង​វៀតណាម ស្តី​អំពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​ការកំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០០៥ និង​ពិធីសារ​ខណ្ឌសីមា​និង​បង្គោល​ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ ដែល​ជា​ចំណុច​លឿង​ឆ្ងល់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ពិសេស​ការ​មិន​បាន​យល់​ច្បាស់​អំពី​គោលបំណង​នៃ​សន្ធិសញ្ញា​ទាំងពីរ​ខាងលើ​មិន​បាន​ច្បាស់លាស់ អាច​ជា​ហេតុ​បង្ក​ឲ្យមាន​អសន្តិសុខ​ក្នុង​សង្គម​ជាតិ​។

​ក្នុងន័យនេះ លោក​ពេជ្រ ស្រស់ បាន​ស្នើ​ដល់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​ដឹកនាំ​គណៈប្រតិភូ ចូលរួម​ប្រជុំ​ចំពោះមុខ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ក្នុង​គោលបំណង​ស្វែងរក​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​អំពី​កិច្ចព្រមព្រៀង​ចំនួន​២ រវាង​កម្ពុជា និង​វៀតណាម ស្តី​អំពី​សន្ធិសញ្ញា​បំពេញបន្ថែម និង​នីតិវិធី​នៃ​ការបោះបង្គោល​កំណត់​ព្រំដែន​ជាមួយនឹង​ប្រទេស​ជិតខាង​មួយចំនួន​ទៀត​ផង​ដែរ​»​។​

​កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​២ រួមមាន (១)៖ សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង (២)៖ ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​គួរបញ្ជាក់​ថា ការបោះបង្គោល​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​(​កម្ពុជា​-​វៀតណាម​)​ដែល​បាន​ចាប់ផ្តើម ឡើង​តាំងពី​ឆ្នាំ​២០០៥​មក ដែល​រហូត​មកដល់​ពេល​បច្ចុប្បន្ន សម្រេច​បាន​ប្រមាណ ៨៤​ភាគរយ​ហើយ​៕

ព័ត៌មានផ្សេងទៀត