​លោក​ហ៊ុន សែន​៖​​កម្ពុជា​ត្រូវការ​ខ្លាំង​លើ​វិស័យ​អគ្គិសនី​​ដើម្បី​បំពេញ​ដល់​វិស័យ​ផ្សេងៗ​​

09-10-2019 8:34 am 314

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា កម្ពុជា​ត្រូវការ​ខ្លាំង​លើ​វិស័យ​អគ្គិសនី ដើម្បី​បំពេញ​ដល់​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ដូច្នេះ​កម្ពុជា​ត្រូវតែ​បន្ត​ការវិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ ជា​បន្តបន្ទាប់​ទៀត​។

​ក្នុងជំនួប​ជាមួយ​លោក Markus Lorenzini  អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន SIEMENT LIMITED THIALAND នា​រៀល​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា កម្ពុជា​ត្រូវការ​ខ្លាំង​លើ​វិស័យ​អគ្គិសនី ដើម្បី​បំពេញ​ដល់​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ដូច្នេះ​កម្ពុជា​ត្រូវតែ​បន្ត​ការវិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ​ជា​បន្តបន្ទាប់​ទៀត​។ ការលើកឡើង​របស់លោក ហ៊ុន សែន បែបនេះ បន្ទាប់ពី​ក្រុមហ៊ុន​ថៃ​ខាងលើនេះ បានបញ្ជាក់​ប្រាប់ថា ខ្លួន​បាន​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា ពិភាក្សា​ជាច្រើន​លើ​វិស័យ​ថាមពល ដោយ​ក្រុមហ៊ុន​នេះ ចាត់ទុកថា អ្វីដែល​សំខាន់​គឺ​ការបន្ត​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​អគ្គិសនី​មាន​ស្ថិរភាព និង​គ្រប់គ្រាន់​ដើម្បី​ជា​ការអូសទាញ​ការវិនិយោគ​ផ្សេងទៀត​។​

​លោក ហ៊ុន សែន បាន​បញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​សហការ​ជាមួយ​អាល្លឺម៉ង់​ផងដែរ ទៅលើ​វិស័យ​ថាមពល​អគ្គិសនី ជាពិសេស​លោក ហ៊ុន សែន ចង់ឃើញ​ក្រុមហ៊ុន​ថៃ​ខាងលើនេះ បន្ត​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​នេះ​។ លោក ហ៊ុន សែន បន្តថា កម្ពុជា​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ ក៏ប៉ុន្តែ​ក្រោយពី​ប្រទេស​ទទួលបាន​នូវ​សុខសន្តិភាព គឺ​យើង​បានចាប់ផ្ដើម​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ 

​ប្រមុខ​រដ្ឋាភិបាល បាន​គូសបញ្ជាក់ថា នៅពេលនេះ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ប្រើប្រាស់​រហូតដល់​ទៅ​ជាង​៧៣% ឯណោះ​នៃ​អគ្គិសនី ហើយ​៩២% នៃ​ជនបទ គឺមាន​អគ្គិសនី​ប្រើប្រាស់​។ លោក​បាន​គូសបញ្ជាក់​ផងដែ​រថា កន្លងមកនេះ មាន​ការចុះហត្ថលេខា​ជាមួយ​ប្រទេស​ឡាវ និង​ប្រទេស​ផ្សេងទៀត​ក្នុង​ការទិញ​ម៉ាស៊ីនភ្លើង និង​ប្រភព​អគ្គិសនី​ជាដើម​។ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​យកចិត្តទុកដាក់​ចំពោះ​វិស័យ​ថាមពល​នេះ ហើយ​មិន​ត្រឹមតែ​អគ្គីសនី​ទេ​ជាពិសេស​ទៅលើ​គម្រោង​ថាមពល​នៃ​បរិស្ថាន​ផងដែរ តាមរយៈ​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ដោយ​លោក​គាំទ្រ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​សហការ​ជាមួយ​ក្រុមហ៊ុន​របស់​ថៃ​ខាងលើនេះ​ជា​បន្តទៀត ជាពិសេស​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស​ទៅលើ​វិស័យ​នេះ​៕

ព័ត៌មានផ្សេងទៀត