លោក​ផៃ ស៊ីផា​ន​៖ បក្ស​ចេញមុខ​រឿង​ព្រំដែន គ្រាន់តែ​ជា​ការបង្កើត​វោហា​សាស្ត្រ​នយោបាយ​

08-10-2019 7:09 pm 1288
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​ការចុះហត្ថលេខា ទទួលស្គាល់​លើ​ឯកសារ​ច្បាប់​ចំនួន​២ ទាក់ទង​នឹង​បញ្ហា​ព្រំដែន រវាង​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​វៀតណាម មាន​មជ្ឈដ្ឋាន​មួយចំនួន បាន​ប្រកាស​មិន​ទទួលស្គាល់ និង​ទាមទារ​ឲ្យ​បង្ហាញជា​សាធារណៈនូវ​ឯកសារ​ច្បាប់​ទាំង​២​នោះ​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​ថ្ងៃ​ទី​០៧ ខែតុលា បានចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ពី​ក្តីព្រួយបារម្ភ អំពី​ការចុះហត្ថលេខា លើ​ឯកសារ​ច្បាប់​ចំនួន​០២ ទាក់ទង​នឹង​បញ្ហា​ព្រំដែន រួមមាន​៖

១. សនិ្ធសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែនរ​ដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ២. ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃ​ទី​០៥ ខែតុលា​។​

​ក្នុង​សេចក្តីថ្លែងការណ៍ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​ឲ្យ រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឯកសារ​ច្បាប់​ទាំង​ពីរ​ទាក់ទង នឹង​បញ្ហា​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​នោះ ជា​សាធារណៈ​។ បង្ហាញ​ជា​សាធារណៈ ដោយសារ​តែ​កម្ពុជា មិន​មាន​គណៈកម្មការ​ជំនាញ​ឯករាជ្យ លើ​បញ្ហា​ព្រំដែន ប្រវត្តិសាស្ត្រ ច្បាប់ និង​ប្រជាសាស្ត្រ  ដូច្នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​អាច​ដឹង​បាន​ថា ការ​ចុះសន្ធិសញ្ញា​ព្រំដែន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី ៦ និង​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃ​ទី ៥ ខែតុលា កម្ពុជា ខាត ឬ​វៀតណាម ចំណេញ​នោះទេ​?

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ប្រាប់​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​០៨ ខែ​តុលា​នេះ​ថា បញ្ហា​ព្រំដែន​នេះ ជា​ការងារ​បច្ចេកទេស​សុទ្ធសាធ ខណៈ​ដែល​រដ្ឋាភិបាល ក៏​ធ្លាប់បាន​បង្ហាញ​ជា​សាធារណៈ​រួចមកហើយ នូវ​ឯកសារ​ផែនទី​មូលដ្ឋាន ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ និង​ផែនទី​ចម្លង ពី​អាណានិគម​បារាំង ដែល​ត្រូវបាន​ប្រើប្រាស់​បច្ចុប្បន្ន​។​

​លោក​ផៃ ស៊ីផា​ន បន្តថា ចំពោះ​គណបក្ស​នយោបាយ ដែល​ចេញ​មុខ​យកចិត្តទុកដាក់​ជាងគេ ពី​បញ្ហា​ព្រំដែន​នេះ គ្រាន់តែ​ជា​ការបង្កើត​វោហា​សាស្ត្រ​នយោបាយ​តែ​ប៉ុណ្ណោះ​។​

សំឡេង​

​ក្រៅ​ពី​ការទាមទារ​ឲ្យ​បង្ហាញ​ឯកសារ​ដែល​ចុះហត្ថលេខា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានទាមទារ​៣​ចំណុច​ទៀត រួមមាន​៖

១. រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានាថា ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ម្ចាស់​ដី​នៅតាម​បន្ទាត់​ព្រំដែន អាច​កាន់កាប់ ប្រើប្រាស់ អាស្រ័យ​ផល និង​ដើរហើរ ដោយ​គ្មាន​ការរារាំង និង​គំរាមកំហែង​។​

២. រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឲ្យក្លាយ​ជា​សហគមន៍​សម្បូរស​ប្បាយ​។​

៣. រាជរដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅតាម​បណ្ដោយ​ព្រំដែន​ដោយ​វិនិយោគគិន នៃ​ប្រទេស​ដែល​ជាប់​ព្រំដែន​នោះឡើយ​។​

​យ៉ាងណាមិញ គណបក្ស​មូលដ្ឋាន យល់ឃើញថា ក្នុង​ស្ថានភាព​នយោបាយ ដែល​ប្រទេស​នៅ​មិនទាន់មាន​ឯកភាព​ជាតិ  និង​ក្នុង​ពេល​ដែល​សភាជាតិ​គ្រប់គ្រង ដោយ​គណបក្ស​តែ​មួយ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពុំ​គួរ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​លើ​បញ្ហា​ព្រំដែន​ឡើយ​។​

​ដោយឡែក អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍ មិន​ទទួលស្គាល់​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា វៀតណាម​នេះ​ទេ ដោយ​អះអាង​ថា កិច្ចការ​នេះ គឺ​ធ្វើឡើង​តាម​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ ១៩៨៥ ដែល​ជា​សន្ធិសញ្ញា​ខុសច្បាប់ ហើយ​ត្រូវ​មោឃភាព​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ និង រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ ១៩៩៣ ហើយ​ការចុះហត្ថលេខា​រវាង​លោក ហ៊ុន សែន និង នាយករដ្ឋមន្ត្រី​វៀតណាម ស្ដីពី​ការទទួលស្គាល់​បង្គោលព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា វៀតណាម ដែល​បោះ​រួច​បាន ៨៤%​នោះ គឺជា​ការ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម​ដោយ​ស្របច្បាប់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួលយក​បាន​ឡើយ​។​

​លោក​សួន សូ​រី​ដា អតីត​តំណាងរាស្ត្រ នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ និង​ពន្យល់​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បានដឹង​ច្បាស់​ថា ការបោះបង្គោល​ព្រំដែន នឹង​មិន​បាន​ធ្វើឱ្យ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​វៀតណាម​នោះទេ​។ លោក​ថា បើ​ពុំនោះ​ទេ នេះ​ជា​ទង្វើ​កាត់​ទឹកដី​ខ្មែរ​ទៅ​ឱ្យ​វៀតណាម ដែលជា​«​ទង្វើ​ក្បត់ជាតិ​» ហើយ​ដែល​លោក​ហ៊ុន សែន​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ប្រវត្តិសាស្ត្រ​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​។

​លោក​ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នៅ​ប្រទេសន័​រវេស៍ បាន​ហៅ​ការចុះហត្ថលេខា​របស់​លោក ហ៊ុន សែន នៃ​ការទទួលស្គាល់​ការបោះបង្គោល​ព្រំដែន ជាការ​ប្រគល់​ដី​ខ្មែរ​ទៅ​ឲ្យ​វៀតណាម​។ លោក​ម៉ែន ណាត អះអាងថា លោក​នៅតែ​បន្ត​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ទៅ​តាម​យន្តការ​អន្តរជាតិ​។​

​ជុំវិញ​ការលើកឡើង​នេះ លោក​ផៃ ស៊ីផា​ន មានប្រសាសន៍ថា ការនិយាយ​បំផ្លើស​ផ្ទុយ​ពី​ការពិត ច្បាប់​នឹង​អនុវត្ត​ទោសទណ្ឌ​ចំពោះ​បុគ្គល​នោះ​។​

សំឡេង​

​សូមបញ្ជាក់​ថា ការបោះបង្គោល​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ បាន​ចាប់ផ្តើម​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០០៥​មក ដែល​រហូត​មកដល់​ពេល​បច្ចុប្បន្ន​។ ការបោះបង្គោល​ព្រំដែន​នេះ សម្រេច​បាន​ប្រមាណ ៨៤​ភាគរយ​ហើយ បើទោះបី​ការបោះបង្គោល​ព្រំដែន មិនទាន់​ចប់សព្វគ្រប់​យ៉ាងណាក្តី កម្ពុជា និង​វៀតណាម កាលពី​ថ្ងៃ​ទី​០៥ តុលា​នេះ បាន​ព្រមព្រៀង​គ្នា​ចុះហត្ថលេខា ទទួលស្គាល់​លទ្ធផល​ការងារ ដែល​សម្រេច​បាន​នេះ ដែល​ការចុះហត្ថលេខា ទទួលស្គាល់​បង្គោល​ព្រំដែន​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា និង​វៀតណាម​៕

 

ព័ត៌មានផ្សេងទៀត